ជាតិ
អ្នកជាប់បាក់ឌុប អាចទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកញ្ញា
17, Sep 2018 , 8:29 am        
រូបភាព
ដោយ:
បេក្ខជនដែលបានប្រឡងជាប់សញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២០ សីហា ២០១៨ អាចទៅដក វិញ្ញាបនបត្របណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកញ្ញា នៅតាមមន្ទីរអប់រំទូទាំង២៥ រាជធានី-ខេត្ត ។ នេះបើតាមការឱ្យពី លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។



ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទនារសៀលថ្ងៃទី១៥ ខែកញ្ញា លោក ឌី ខាំបូលី បញ្ជាក់ថា ៖ «ក្រសួងបានបោះពុម្ពរួចរាល់អស់ហើយនូវវិញ្ញាបនបត្របណ្ដោះអាសន្ន និងបានប្រគល់ទៅប្រធានមន្ទីរអប់រំទាំង២៥រាជធានី-ខេត្ត រួចរាល់ហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា»។ 
 
បេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនួន ៧៦,០៣៤នាក់ ដោយក្នុងចំនួននេះ បេក្ខជននិទ្ទេស A ៤០៨ នាក់, បេក្ខជននិទ្ទេស B ២,២២២នាក់, បេក្ខជននិទ្ទេស C ៦,០៤១នាក់, បេក្ខជននិទ្ទេស D ១៥,១៨០នាក់, បេក្ខជន និទ្ទេស E ៥២,១៨៣នាក់។
 
សូមបញ្ជាក់បន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មានបេក្ខជនសរុបចំនួន ១១៧,០៦១នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៩៦មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤,៧១៦ បន្ទប់ នៅទូទាំង២៥រាជធានី-ខេត្ត។ ចំណែក គណៈមេប្រយោគមានចំនួន ៣១,១០៨ នាក់ ដោយចែកចេញជាពីរដំណាក់កាលគឺ ដំណាក់ទី១ សំណេរមានចំនួន ១៥,៨០០នាក់ និងដំណាក់កាលទី២ កំណែ មានចំនួន ១៤,៤០០នាក់៕
 

Tag:
 អប់រំ
  បាក់ឌុប
 ឌី ខាំបូលី
© រក្សាសិទ្ធិដោយ thmeythmey.com