ជាតិ
ក្រៅពី​សាទរ សិស្ស​មិន​ចង់​ឲ្យ​រដ្ឋមន្ត្រី​អប់រំ​លាលែង​ពី​តំណែង ព្រោះតែ​បញ្ហា​កំណែ​ឡើយ
17, Sep 2018 , 4:10 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​មានការ​សើរើ​វិញ្ញាសា​មួយចំនួន​ថ្នាក់​វិទ្យាសាស្ត្រ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​រកឃើញថា​សិស្ស​ជិត ១ ០០០ នាក់ បាន​ប៉ះពាល់​ពិន្ទុ​ប្រឡង​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ទាំង​សិស្ស​ដែល​ជួប​បញ្ហា និង​មិន​ជួប​បញ្ហា នៅតែ​សាទរ​ចំពោះ​ចំណាត់ការ​ភ្លាមៗ​របស់​ក្រសួង​។ មិនតែប៉ុណ្ណោះ ពួកគេ​ថែមទាំង​មិន​ចង់ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសាមី​មួយ​នេះ លាលែង​ពី​តំណែង​ដែរ​។​


 
​កញ្ញា ថន រតនា ជា​បេក្ខជន​ទទួលបាន​លំដាប់​ពិន្ទុ ១០០ ដែល​កាលពី​ដំបូង​នាង​ធ្លា​ក់មុខ​វិទ្យា​គណិត​នោះ បាន​សាទរ​ចំពោះ​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បាន​ដោះស្រាយ​បញ្ហា​ឱ្យ​សិស្ស ដោយ​យកចិត្តទុកដាក់​។ ជា​បេក្ខជន​ម្នាក់​ដែល​បានដាក់​ពាក្យ​តវ៉ា​ដែរនោះ រតនា បានសម្រេច​ក្ដី​បំណង​របស់ខ្លួន ដែល​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រឡង ក្រោយពី​ក្រសួង​សើរើ​វិញ្ញាសា​ឡើងវិញ​។ រតនា ក៏​មិន​ចង់ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសាមី​នេះ លាលែង​ពី​តំណែង​ដែរ ព្រោះ​នាង​គិតថា វា​ជា​កំហុស​អ​ចេ​នា​។​
 
​ថន រតនា បញ្ជាក់ថា​៖«​មិនអាច​បន្ទោស​ក្រសួង​ទាំងស្រុង​បានទេ ព្រោះ​ជា​កំហុស​អ​ចេតនា​។ រដ្ឋមន្ត្រី​គាត់​មាន​សមត្ថភាព គាត់​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ទទួលស្គាល់​ពី​សមត្ថភាព​របស់​សិស្ស ខ្ញុំ​ជឿថា គាត់​មិន​ចង់ឱ្យ​មានរឿង​ហ្នឹង​កើតឡើង​ទេ​។ ជា​គ្រូ​តែងតែ​ចង់ឱ្យ​សិស្ស​របស់ខ្លួន​ជាប់​ច្រើន មិនមែន​ចង់ឱ្យ​សិស្ស​ធ្លាក់​ទេ​»​។

 
​ដូចគ្នា​ដែរ​កញ្ញា សួ ឧត្ដម​មុនី​រត្ន ដែល​លទ្ធផល​ដំបូង​របស់​នាង​ធ្លាក់​គណិតវិទ្យា​ដែរនោះ បាន​បញ្ជាក់ថា ពេល​ឃើញ​លទ្ធផល​ដំបូង​នាង​ស្លុតចិត្ត នឹងមិន​ជឿ​លទ្ធផល​នេះឡើយ​។ យុវ​សិស្ស​រូបនេះ​ទទួលស្គាល់ថា លើក​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា ពិតជា​ធ្វើឱ្យមាន​កំហុស​ធ្ងន់​មែន តែ​ក្រោយពី​ក្រសួង​សើរើ​ភ្លាមៗ ក៏​ធ្វើឱ្យ​នាង​ធូរចិត្ត​ឡើងវិញ​។ ក្រោយពី​សើរើ​វិញ្ញាសា​ឡើងវិញ​នេះ ឧ​ត្ត​ម​មុនី​រត្ន ទទួលបាន​និទ្ទេស​B លើ​មុខ​វិទ្យា​គណិត និង​និទ្ទេស​រួម A ដែល​នាង​ថា​នេះ​ជា​លទ្ធផល​នៃ​ការប្រឹងប្រែង​រៀន​១២​ឆ្នាំ​របស់​នាង​។ «​ពេល​ឃើញ​លទ្ធផល​ដំបូង​ខ្ញុំ​ស្លុតចិត្ត ខ្ញុំ​មិន​ជឿថា​ខ្ញុំ​ធ្លាក់​គណិត​ទេ តែ​ដល់​សើរើ​ខ្ញុំ​បាន​សប្បាយចិត្ត​វិញ​។ ជា​រដ្ឋមន្ត្រី តែងតែ​ចង់ឱ្យ​សិស្ស​ជាប់​ច្រើន ពេល​ជួប​រឿង​បែបនេះ គាត់​ក៏​មិន​ចង់​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា សួ ឧត្ដម​មុនី​រត្ន​។​
 

 
​ចំណែក យុវ​សិស្ស មុំ សុ​ភ័​ក្រ​ប៉ូ​លីន អាយុ​១៨​ឆ្នាំ​វិញ លទ្ធផល​មុន​និង​ក្រោយ​សើរើ​មិនបាន​ធ្វើឱ្យ​និទ្ទេស​រួម​A របស់គេ​ប្រែប្រួល​ឡើយ គ្រាន់តែ​ថយចុះ​លំដាប់​ពិន្ទុ​បន្តិច​។ ការណ៍​នេះ​មិន​ធ្វើ​ឱ្យគេ​ខកចិត្ត​ឡើយ​។ អ្វីដែល ប៉ូ​លីន ចង់​និយាយ​នោះ​គឺ គេ​ចង់ឱ្យ​ក្រសួង​យកចិត្តទុកដាក់​លើ​ការងារ​របស់ខ្លួន​ឱ្យបាន​ច្រើនជាង​នេះ​។ យុវ​សិស្ស​រូបនេះ​បញ្ជាក់ថា លទ្ធផល​មិន​ប្រក្រតី​នេះ បានធ្វើឱ្យ​មិត្ត​របស់គេ ជាច្រើន​នាក់ បាក់​ទឹកចិត្ត​ខ្លាំង រហូត​លែង​ចង់​រៀន​តទៅទៀត​។ 
 
​មុំ សុ​ភ័​ក្រ​ប៉ូ​លីន បញ្ជាក់​ដូច្នេះ​ថា​៖ «​ជារួម​រដ្ឋមន្ត្រី​គាត់​ធ្វើ​បានល្អ ដោយ​យុត្តិធម៌​ហើយ គាត់​មិនចាំបាច់​លាលែង​ទេ តែ​គ្រាន់​ថា​ពេល​ក្រោយ​សូមឱ្យ​ក្រសួង​យកចិត្ត​លើ​ការងារ​ខ្លួន ឱ្យ​ខ្លាំង​ជាង​នេះ​។ មិត្ត​ខ្ញុំ​ច្រើន​នាក់​គាត់​បាក់​ទឹកចិត្ត​ខ្លាំងណាស់ អ្នកខ្លះ​យំ អ្នកខ្លះ​គាត់​លែង​ចង់​រៀន​ទៀត ហើយ​គាត់​លែង​ចង់​ធ្វើ​អ្វី​ទាំងអស់​»​។  
 
​មិនមែន​មានតែ​សិស្ស​ជាប់​និទ្ទេស A ឡើយ តែ​ក៏មាន​សិស្ស​ជាប់​និទ្ទេស​ផ្សេងៗ​ទៀត និង​សិស្ស​ទើបតែ​រៀន​ថ្នាក់​ទី​១១​ដែរ គាំទ្រ​ដល់​ទង្វើ​មាន​ទំនួល​ខុសត្រូវ​របស់​ក្រសួង​នេះ​។​ពួកគេ​សុទ្ធតែ​បាន​និយាយ​ដូចៗ​គ្នា​ថា រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន កន្លងមក​ធ្វើការ​បានល្អ ធ្វើឱ្យ​សង្គម​ទទួលស្គាល់​សមត្ថភាព​សិស្ស​ក្រោយពេល​ប្រឡង​។ បេក្ខជន​ទាំងនោះ អះអាងថា កំហុស​លើក​នេះ ជា​បញ្ហា​បច្ចេកទេស មិនអាច​បន្ទោស​ទៅ​រដ្ឋមន្ត្រី​តែ​ម្នាក់​នោះទេ​៕
​ 

Tag:
 បាក់​ឌុប​
  អប់រំ​
  និទ្ទេស​A
  សើរើ​វិញ្ញាសា​
© រក្សាសិទ្ធិដោយ thmeythmey.com