អន្តរជាតិ
ជំនួប​មេដឹកនាំ​កូរ៉េ​៖ វត្តមាន​ម្ចាស់​ក្រុមហ៊ុន​ធំៗ​កូរ៉េខាងត្បូង ជួយ​អូស​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​?
18, Sep 2018 , 8:19 pm        
រូបភាព
អ្នកស្នងមរតកក្រុមហ៊ុន Samsung Lee Jae-yong (ស្ដាំ) និងប្រធានក្រុមហ៊ុន SK Group Chey Tae-won (ឆ្វេង)។ (រូបភាព AFP)
អ្នកស្នងមរតកក្រុមហ៊ុន Samsung Lee Jae-yong (ស្ដាំ) និងប្រធានក្រុមហ៊ុន SK Group Chey Tae-won (ឆ្វេង)។ (រូបភាព AFP)
​ម្ចាស់​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង​ដូចជា Samsung, LG Group និង Hyundai ជាដើម​ស្ថិត​ក្នុងចំណោម​ប្រតិភូ​ជាង​៥០​នាក់​ដែល​អមដំណើរ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ទៅកាន់​កូរ៉េខាងជើង​។ វត្តមាន​របស់​ពាណិជ្ជករ​គ្រាក់ៗ និង​មាន​ឥទ្ធិពល​នៅ​កូរ៉េខាងត្បូង ទំនងជា​យុទ្ធសាស្ត្រ​របស់លោក មូ​ន ក្នុង​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការវិនិយោគ​ពី​សំណាក់​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​ដែល​ក្រីក្រ ពិតជា​ត្រូវការ​ធនធាន​ហិរញ្ញវត្ថុ​ដើម្បី​ស្គាល់​ការរីកចម្រើន​។

 
​ក្នុងជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​បី​ថ្ងៃ​ចាប់​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មិន​ត្រឹម​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន តែ​ម្នាក់​ឡើយ​។ លោក គីម ក៏​ស្វាគមន៍​បណ្ដា​ម្ចាស់​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង ដែល​ធ្វើដំណើរ​ទៅជា​មួយ​លោក មូ​ន ដែរ​។ 
 
​លោក Lee Jae-Yong អនុប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung Group, លោក Chey Tae-won​ប្រធាន​ក្រុមហ៊ុន​តិច​ណូ​ឡូ​ជី SK Group, លោក Kim Yong-hwan អនុប្រធាន​ក្រុមហ៊ុន Hyundai Motor Group, លោក Choi Jeong-woo អនុប្រធាន​ក្រុមហ៊ុន​ដែកថែប POSCO និង​លោក Koo Kwang-mo ប្រធាន​ក្រុមហ៊ុន LG Group គឺជា​សមាជិក​ពិសេស​នៃ​ប្រតិភូ​របស់លោក មូ​ន បន្ថែម​ពីលើ​សមាសភាព​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត​។ ពួកគេ​នឹង​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​កូរ៉េខាងជើង Ri Ryong Nam ដែល​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​។​
 
​ច្បាស់​ណាស់​ថា វត្តមាន​របស់​មេក្រុម​ហ៊ុន​ធំៗ​ទាំងនេះ ជា​វិធីសាស្ត្រ​របស់លោក មូ​ន ដើម្បី​អូសទាញ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​ប្ដូរ​នឹង​ការបណ្ដាក់ទុន​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង​។ លើសពីនេះទៅទៀត វា​ក៏​បង្ហាញ​ពី​ចេតនា​ពិតប្រាកដ​របស់​កូរ៉េខាងត្បូង​ទៅកាន់​កូរ៉េខាងជើង​ដែរ ព្រោះ​មេដឹកនាំ​ទាំងពីរ​ក៏​ធ្លាប់​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​នៅ​ឧបទ្វីប​កូរ៉េ​។  
 
​កន្លងមក ក្រុង​សេ​អ៊ូ​ល​ក៏​ធ្លាប់ប្រើ​វិធីសាស្ត្រ​នេះ​ដើម្បី​រឹតចំណង​ទាក់ទង​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដែរ​។ កាលពី​អំឡុង​ឆ្នាំ​២០០០ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ព្យុងយ៉ាង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​អាច​រកស៊ី​នៅ​កូរ៉េខាងជើង​។ ជាក់ស្ដែង​ក្រុមហ៊ុន Hyundai បាន​បណ្ដាក់ទុន​រកស៊ី​អភិវឌ្ឍ​នៅ​តំបន់ភ្នំ Kumgang និង​នៅឯ​តំបន់ឧស្សាហកម្ម Kaesong ជាដើម​។ 
 
​កូរ៉េខាងត្បូង​មាន​លុយ​ច្រើន ឯ​កូរ៉េខាងជើង​មាន​ធនធានមនុស្ស និង​ធម្មជាតិ ដែល​នេះ​គឺជា​ការបូកបញ្ចូល​ដែល​នឹង​នាំទៅរក​ប្រយោជន៍​សម្រាប់​ភាគី​ទាំងពីរ​។ ពេលនេះ អ្វីៗ​នៅលើ​កូរ៉េខាងជើង​ថា តើ​អាច​ទាញយក​ផល​ពី​កូរ៉េខាងជើង​បាន​ឬ​យ៉ាងណា​? កូរ៉េខាងជើង​ពិតជា​ត្រូវការ​ធន​ធន​ហិរញ្ញវត្ថុ​ដើម្បី​ឈានទៅរក​សេដ្ឋកិច្ច​រីកចម្រើន​ដូច​បងប្អូន​កូរ៉េខាងត្បូង​ដែរ ហើយ​នោះ​ជា​មូលហេតុ​នៃ​ការផ្លាស់ប្ដូរ​គោលនយោបាយ​ក្នុងស្រុក​ដែល​ងាក​ចេញពី​យោធា​ទៅរក​សេដ្ឋកិច្ច​វិញ​នោះ​។​
 
​ការផ្លាស់ប្ដូរ​នយោបាយ​របស់​កូរ៉េខាងជើង អាច​មើលឃើញ​តាមរយៈ​សកម្មភាព​រប​ស់លោក គីម នា​រយៈពេល​ចុងក្រោយ​នេះ​។ ខុសពី​រាល់ដង ប្រមុខ​ដឹកនាំ​វ័យក្មេង​រូបនេះ លែង​ចុះ​ត្រួតពិនិត្យ​ទីតាំង​យោធា​ទៀតហើយ ឬ​ត្រួតពិនិត្យ​ការបាញ់​មី​ស៊ី​ល​ដែរ​។ ជំនួស​មកវិញ លោក​ទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹមសត្វ ចម្ការ​ដំណាំ​កសិកម្ម និង​រោងចក្រ​ផលិត​ផលិត​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​បាន​រិះគន់​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក​ដែល​ធ្លាក់ចុះ​ផង​។​
 
​ជាការ​កត់សម្គាល់ ការប្រែប្រួល​នៅ​កូរ៉េខាងជើង​បែបនេះ កើតឡើង​បន្ទាប់ពី​ជំនួប​រវាង​លោក មូ​ន និង​លោក គីម ក្នុង​ខែមេសា និង​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ខែមិថុនា​នៅ​សិង្ហ​បុរី​។ លោក គីម និង​លោក ត្រាំ បាន​ឯកភាពគ្នា​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ជា​ថ្នូរ​មកវិញ អាមេរិក​នឹង​ផ្អាក​ទណ្ឌកម្ម​ទាំងឡាយ​លើ​កូរ៉េខាងជើង​វិញ​៕ 
 

Tag:
 InterKoreanSummit
  កូរ៉េខាងជើង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com