ភ្នំពេញ៖ បញ្ហាប្រព័ន្ធអនុគ្រោះកម្ពុជា ដែលត្រូវបានសហភាពអឺរ៉ុប លើកយកទៅពិភាក្សាជាបន្តបន្ទាប់នេះ វាមិនមែនជារឿងនយោបាយទេ ប៉ុន្តែវាស្ថិតនៅក្នុងរឿងពាក់ព័ន្ធពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ីតាលី។ លោក ឈាង វុន លើកឡើងពីចំណុចនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋសភា លោក ឈាង វុន បានពន្យល់ថា ដើមចមដែលនាំឲ្យសភាអឺរ៉ុប ពិភាក្សាលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធកម្ពុជានេះ វាមិនមែនស្ថិតនៅក្នុងគោលបំណងជួយជ្រោងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាពិតប្រាកនោះទេ ។ប៉ុន្តែវាស្ថិតនៅក្នុងទិសដៅប្រកួតប្រជែងពាណិជ្ជកម្មអង្ករចូលទីផ្សារអឺរ៉ុប រវាងកម្ពុជា និងអ៊ីតាលី។
មុននឹងចូលដល់ចំណុចសំខាន់នៃសាច់រឿងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ លោក ឈាង វុន ពន្យល់មូលហេតុថា កម្ពុជាបាននាំអង្ករចូលទីផ្សារអឺរ៉ុប ដែលធ្វើឲ្យអ៊ីតាលីបាត់បង់ទីផ្សារអង្ករខ្លួន ដូច្នេះរដ្ឋាភិបាលអ៊ីតាលី គឺមិនសប្បាយចិត្តចំពោះកម្ពុជាឡើយ ទើបជាហេតុធ្វើឲ្យកម្ពុជា ប្រឈមមុខនឹងបញ្ហាអនុគ្រោះពន្ធជាញឹកញាប់។
ត្រង់ចំណុចនេះលោក ឈាង វុន ចង់និយាយសំដៅទៅលើលោកស្រី Federica Mogherini រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលតែងតែលើកបញ្ហាអនុគ្រោះពន្ធកម្ពុជាទៅពិភាក្សា ដោយមានបំណងចង់កម្ចាត់កម្ពុជាចេញពីទីផ្សារអឺរ៉ុប។ មូលហេតុដែលលោក ឈាង វុន ហ៊ាននិយាយបែបនេះ គឺលោក មានទឡ្ហីករណ៍ថា លោកស្រី Federica Mogherini គឺជាជនជាតិអ៊ីតាលី ហើយក៏ធ្លាប់ជាអតីតរដ្ឋមន្ត្រីការបរទេសអ៊ីតាលី ដូច្នេះលោកស្រី Mogherini មិនពេញចិត្តចំពោះកម្ពុជា ដែលចូលទៅដណ្ដើមទីផ្សារអង្ករអ៊ីតាលីឡើយ។
សម្រាប់លោក ឈាង វុន សកម្មភាពរបស់លោកស្រី Federica Mogherini ដែលលើកយកបញ្ហាអនុគ្រោះពន្ធកម្ពុជាទៅពិភាក្សានេះ គឺគ្រាន់តែជាលេសមួយ ដែលមានគោលបំណងស្វែងរកប្រយោជន៍សម្រាប់អ៊ីតាលី ពោលគឺសងសឹកកម្ពុជា ដែលធ្វើឲ្យអ៊ីតាលីបាត់បង់ទីផ្សារអង្ករនៅអឺរ៉ុបប៉ុណ្ណោះ។
ថ្លែងចំពោះអ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីថ្ងៃទី១៧ ខែកញ្ញា អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ បាននិយាយចំៗទៅលោកស្រី Federica Mogherini ដូច្នេះថា៖«ខ្ញុំឃើញនៅក្នុងហ្វេសប៊ុក និងអ្នកសារព័ត៌មានចុះផ្សាយ EU អ៊ីចេះ EUអ៊ីចុះ ។ ខ្ញុំសុំតែម្យ៉ាងទេ EU មិនមែនដូចគាត់( Federica Mogherini )ទាំងអស់ទេ គ្នាគាត់មានតែប៉ុន្មាននាក់ហ្នឹង។ ហើយអ្វីដែលគាត់(Federica Mogherini )សរសេរ ហើយអ្វីដែលគាត់សម្រេច គេមិនទាន់យកទៅអនុម័ត និងអនុវត្តផងហ្នឹង ។ ហើយយើងចាំបាច់ទៅប្រឈមមុខជាមួយEU ធ្វើអ្វី។ មិនចាំបាច់ប្រឈមទេ ព្រោះយើងដឹងថាគាត់ធ្វើដើម្បីអ្វី។ គាត់ (Federica Mogherini) ជាជនជាតិអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអ៊ីតាលី គាត់មានភារកិច្ចការពារការនាំចេញ(ពាណិជ្ជកម្ម)របស់អ៊ីតាលីលក់ក្នុងទីផ្សារអឺរ៉ុប។ គាត់ចង់បានគេទាត់ចោលប្រយោជន៍របស់កម្ពុជាយើងនេះ កុំឲ្យតម្លៃអង្កររបស់កម្ពុជា យកទៅលក់នៅអឺរ៉ុបបានថោក ធ្វើឲ្យប៉ះពាល់ការនាំចេញរបស់គាត់»។
បើតាមលោក ឈាង វុន អង្ករកម្ពុជានាំចូលទីផ្សារអឺរ៉ុប មានតម្លៃទាបជាងអង្កររបស់អ៊ីតាល៣ទៅ៤ដង ដែលជាមូលហេតុនាំឲ្យអង្កររបស់អ៊ីតាលី ជាប្រទេសផ្គត់ផ្គង់អង្ករនៅអឺរ៉ុបដ៏ធំមួយនេះ បាត់បង់ទីផ្សារ។
គួរបញ្ជាក់ថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា (Everything But Arm ) កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និងពិភាក្សារបស់សភាសហភាពអឺរ៉ុប ខណៈដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កំពុងចរចា និងពន្យល់ដល់សហភាពអឺរ៉ុប ពីស្ថានភាពកម្ពុជាកន្លងមក ដើម្បីបញ្ចៀសការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ៕