ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ឈឿង ស្រី​ម៉ាច ឆ្លងកាត់​ការរើសអើង​ព្រោះ​ពិការភាព​មក​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​
19, Sep 2018 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បន្ទាប់ពី​ធ្លាក់ខ្លួន​ពិការ​ជើង​ម្ខាង ព្រមជាមួយ​ការរើសអើង​ពី​ថៅកែ​រោងចក្រ និង​អ្នក​នៅ​ជុំវិញខ្លួន​ផង​នោះ ធ្វើឱ្យ​អ្នកស្រី ឈឿង ស្រី​ម៉ាច ប្តេជ្ញា​ថា​នឹង​រៀន​ជំនាញ​មួយ​ច្បាស់លាស់ ដើម្បី​អាចបង្កើត​របរ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង និង​បញ្ចៀស​ពី​ការរើសអើង​។ ជា​អាជីវកម្ម​ដេរ​កាបូប និង​អាវ ច្នៃ​ពី​ក្រមា និង​ការុង​ចាស់ៗ លក់​ដោយ​ខ្លួនឯង​។

 
​ក្នុងអំឡុង​ឆ្នាំ​២០០២ អ្នកស្រី ឈឿង ស្រី​ម៉ាច បាន​ពិការ​ជើង​ម្ខាង ដោយសារ​មីន នៅពេលដែល​អ្នកស្រី​ទៅ​កម្សាន្ត​នៅ​ភ្នំ​មួយ​ក្នុងប្រទេស​កម្ពុជា​។ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​នេះ  អ្នកស្រី​បាន​សុំ​ធ្វើការ​រោងចក្រ​ដែល​ខ្លួន​ធ្លាប់ធ្វើ​ពីមុន ប៉ុន្តែ​ថៅកែ​មិន​អនុ​ញ្ញា ដោយហេតុ​ផល​ថា គាត់​ជា​ជនពិការ​។ ដោយ​រង​នូវ​ការរើសអើង​បែបនេះ ហើយ​ញាតិ​ជិតខាង​ហាក់​មិនឱ្យ​តម្លៃ​ផង​នោះ អ្នកស្រី ស្រី​ម៉ាច ចាប់ផ្ដើម​ស៊ើប​សួររក​កន្លែង​បង្រៀន​ជំនាញ​ដល់​ជនពិការ ដើម្បី​គេច​ពី​ការ​មើលងាយ​។ អ្នកស្រី ឈឿង ស្រី​ម៉ាច បញ្ជាក់​៖ «​បន្ទាប់ពី​ពិការ​ជើង​ខ្ញុំ​ទៅសុំ​គេ​ចូលធ្វើការ​ក្នុង​រោងចក្រ​វិញ គេ​មិន​ឱ្យធ្វើ​គេ​ថា​ខ្ញុំ​ពិការ​គេ​មិន​យក​ទៀត​ទេ ខ្ញុំ​គិតថា​មានតែ​រៀន​ឱ្យមាន​ចំណេះ​ជាប់​ខ្លួន​ទេ ទើប​អាច​ចិញ្ចឹម​ខ្លួន​រស់​។ ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​នឹងធ្វើ​ឱ្យ​អ្នក​មើលងាយ​ខ្ញុំ​ឃើញថា ទោះ​ខ្ញុំ​ពិការ​ក៏​ខ្ញុំ​អាច​ទីពឹង​ខ្លួនឯង​រស់​បានដែរ​»​។​
  
 
​ក្នុង​ឆ្នាំ​២០១១ អ្នកស្រី ម៉ាច បាន​ចូលរៀន​ក្នុង​អង្គការ​ជនពិការ​គៀន​ឃ្លាំង ដោយ​រៀន​កាត់ដេរ​កាបូប និង​សម្លៀកបំពាក់​។ រៀន​បាន​១​ឆ្នាំ ស្ត្រី​មកពី​ខេត្តកំពង់ចាម​រូបនេះ ក៏បាន​ធ្វើជា​គ្រូបង្រៀន​លើ​ជំនាញ​កាត់ដេរ​នេះ នៅក្នុង​អង្គការ​មួយ​។ ជា​អកុសល អ្នកស្រី​បង្រៀន​បាន​៦​ឆ្នាំ អង្គការ​នោះ​ក៏ត្រូវ​បិទ​។ នៅពេលនោះ​ហើយ ដែល​អ្នកស្រី ចាប់ផ្តើម​ដេរ​កាបូប និង​អាវ ច្នៃ​ពី​ក្រមា និង​ការុង​ចាស់ៗ លក់​ដោយ​ខ្លួនឯង​។ ការងារ​នេះ អ្នកស្រី​មាន​គ្នា​២​នាក់ គឺ​អ្នកស្រី ស្រី​ម៉ាច​ផ្ទាល់ និង​មិត្ត​ភ័ក្តិ​របស់គាត់​ម្នាក់ទៀត ដែល​ពិការ​ជើង​ដូចគ្នា​។ អ្នកស្រី ម៉ាច បន្ថែម​៖« រៀន​បាន​១​ឆ្នាំ​គេ​ប្រកាស​រើស​គ្រូ ខ្ញុំ​ដាក់ពាក្យ​ក៏​ជាប់ ខ្ញុំ​ធ្វើជា​គ្រូ​បាន​៦​ឆ្នាំ អង្គការ​ក៏​បិទ ខ្ញុំ​ក៏​មក​ដេរ​លក់​ខ្លួនឯង​វិញ ពីរ​នាក់​មិត្ត​ភ័ក្ដិ​ម្នាក់ទៀត​»​។ 
  
 
​បច្ចុប្បន្ន ផលិតផល​ដែល​អ្នកស្រី ស្រី​ម៉ាច ផលិត​បាន​មានដូចជា ក្រមា អាវ កាបូបស្ពាយ​ពីក្រោយ ការ​បូ​ប​តូច​-​ធំ​ស្ពាយ​ចំហៀង កាបូបដៃ កាបូប​ដាក់​សម្ភារ​សិក្សា​ជាដើម​។ ផលិតផល​ទាំងនោះ​ភាគ​ដ៏​ច្រើន​មាន​ប៉ាក់​រូប​ទង់ជាតិ​កម្ពុជា និង​សរសេរ​ពាក្យ​ថា កូន​ខ្មែរ​ជាដើម​។ អ្នក​ច្នៃ​ម៉ូដ​កាបូប​វ័យ​៣៨​ឆ្នាំ​រូបនេះ បញ្ជាក់ថា​ការច្នៃ​កាបូប និង​អាវ​ចេញពី​ក្រមា​នេះ គឺ​កើតចេញពី​ការមើល​ពី​គេ​ខ្លះ និង​គំនិត​ច្នៃ​ខ្លួនឯង​ខ្លះ​។ ចំណែក​ការ​ប៉ាក់​រូប​ទង់ជាតិ​កម្ពុជា  គឺ​អ្នកស្រី​មើល​តាម​ការនិយម​រប​ស់​យុវវ័យ​បច្ចុប្បន្ន​។ «​សម្ភារ​ដែល​ខ្ញុំ​ធ្វើ​ទាំងអស់នេះ ភាគច្រើន​សិស្សសាលា​គាត់​គាំទ្រ​ច្រើន អ្នកខ្លះ​ជួយ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​គេ​ទៀត​។ ហើយ​រឿង​ប៉ាក់​រូប​ទង់ជាតិ នៅ​នឹង​ក្រមា ឬ​កាបូប​ហ្នឹង គឺ​តំណាងឱ្យ​ប្រទេស ទៅដល់​ណា​ក៏​គេ​ឃើញ​ទង់ជាតិ​ខ្មែរ ក្មេងៗ​ចូលចិត្ត​ច្រើន ពេលខ្លះ​ខ្ញុំ​ដេរ​មិនទាន់​ផង​»​។ អ្នកស្រី​ម៉ាច​បញ្ជាក់បន្ថែម​ដូច្នេះ​។​
  
 
​ថ្វីដ្បិតតែ​ផលិតផល​របស់​អ្នកស្រី ស្រី​ម៉ាច ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សិស្ស​សាលាក្ដី តែ​អ្នកស្រី​ត្អូញត្អែរថា​ពិបាក​លក់ ព្រោះ​មិនមាន​ទីតាំង​មួយ​ច្បាស់លាស់​សម្រាប់​លក់​។ គាត់​អាច​លក់​បានតែ​នៅពេល​មានកម្ម​វិធី​តាំងពិព័រណ៍ ឬ​យុទ្ធនាការ​ជាតិ​ម្ដងម្កាល​តែប៉ុណ្ណោះ ខណៈ​ចំណូល​ពី​ការលក់​មិន​ទៀងទាត់ បាន​ច្រើន ឬ​បាន​តិច អាស្រ័យ​លើ​ការតាំងពិព័រណ៍​។ បើតាម​អ្នកស្រី ឈឿង ស្រី​ម៉ាច កាបូប​មួយ​អាច​ចំណេញ​បាន​ប្រមាណ ៥​ពាន់​រៀល​។ អ្នកស្រី ស្រី​ម៉ាច បន្ថែមថា​៖«​ខ្ញុំ​ដេរ​ទុក​នៅផ្ទះ ពេល​មាន​យុទ្ធនាការ​ជាតិ ឬ តាំងពិព័រណ៍ បាន​ខ្ញុំ​យកទៅលក់​។ ខ្ញុំ​មិន​ហ៊ាន​ជួល​កន្លែង​គេ​លក់​ទេ​ខ្លាច​ខាត ព្រោះ​ធ្លាប់​ដឹង​ពីមុន​ហើយ យើង​លក់​មិនមែន​ចេះតែ​ដាច់​រាល់ថ្ងៃ​ទេ​»៕
 




 

 
‬ ‬

Tag:
 ឈឿង ស្រី​ម៉ាច​
 ​ ពិការភាព​
 ​ ច្នៃប្រឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com