អន្តរជាតិ
រដ្ឋ​អាស៊ាន​ពីរ កំពុង​ស្ថិតក្រោម​ការពិនិត្យ​វិនិច្ឆ័យ​បឋម​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
23, Sep 2018 , 8:19 pm        
រូបភាព
ដោយ:
​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​អាស៊ាន​មួយចំនួន មិន​ត្រឹមតែ​បាន​អូសទាញ​ចំណាប់អារម្មណ៍ និង​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​នោះទេ តែ​ពេលនេះ ក៏​កំពុងតែ​បាន​អូសទាញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ហៅ​កាត់​ថា ICC ចូល​ពាក់ព័ន្ធ​ផងដែរ​។ ការចូល​ពាក់ព័ន្ធ​រប​ស់​អង្គភាព​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ គឺ​ដើម្បី​ធានា​យុត្តិធម៌​ដល់​ជនរងគ្រោះ ពី​ក្រុម​ឧក្រិដ្ឋជន​។​


 
​មកទល់ពេលនេះ មាន​រដ្ឋ​អាស៊ាន​ពីរ​ហើយ គឺ​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា ដែល​ស្ថិតក្នុង​បញ្ជី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​កាន់តែ​អាក្រក់​នោះ មាន​របាយការណ៍​ចោទប្រកាន់​ជាច្រើន​លើ​របប​ដឹកនាំ​ប្រទេស​ទាំងពីរ ក្នុង​សញ្ញាណ​នៃ​ការប្រព្រឹត្ត​បទល្មើស​ប្រឆាំងនឹង​មនុស្សជាតិ​។​
 
​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​កន្លងទៅ អគ្គ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានប្រកាស​បើក​ការពិនិត្យ និង​វិនិច្ឆ័យ​បឋម​ចំពោះ​ស្ថានភាព នៃ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​របាយការណ៍​សិទ្ធិមនុស្ស​ជាច្រើន អះអាងថា របប​ដឹកនាំ​លោក បានសម្លាប់​ទាំង​ជនសង្ស័យ និង​ឈ្មួញ​គ្រឿងញៀន​រាប់ពាន់នាក់​។ 
 
​មិនបាន​ប៉ុន្មាន​ខែ​ផង ពោលគឺ នៅ​ថ្ងៃ​១៨ កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ ក្នុង​ការបើក​ការពិនិត្យ និង​វិនិច្ឆ័យ​បឋម​ដូចគ្នា​ទៅលើ​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា ពាក់ព័ន្ធ​វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ​មុន និង​បណ្តាល​ឲ្យ​ប្រជាជន​រាប់សិប​ម៉ឺន​នាក់ ត្រូវ​បង្ខំចិត្ត​ចាក​ចេញទៅ​ប្រទេសជិតខាង​។​
 
​គួរ​ជម្រាប​ថា ការបើក​ការពិនិត្យ​វាយតម្លៃ​លើ​ស្ថានភាព​របស់​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិនមែនជា​ដំណាក់​នៃ​ការស៊ើបអង្កេត​ឡើយ ពោលគឺ វា គឺជា​ដំណាក់កាល នៃ​ការប្រមូល​ទិន្នន័យ​បន្ថែម​ដើម្បី​ជា​បន្ទុក សម្រាប់​ការកំណត់​ថា​តើ តុលាការ អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ឬទេ​ក្នុង​ការបើក​ការស៊ើបអង្កេត​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បន្ទាប់ពី​អគ្គ​រដ្ឋអាជ្ញា បានប្រកាស​បើក​ការពិនិត្យ​វាយតម្លៃ​រួចហើយ ហ្វីលីពីន ដែល​បាន​ចូល​ជា​សមាជិក​របស់​តុលាការ​តាំងពី​ឆ្នាំ​២០១១​មក​នោះ បានប្រកាស​ដើរចេញ​ជា​ផ្លូវការ​ពី​តុលាការ​ទៅវិញ​។ ការដើរ​ចេញ​ទាំង​បែបនេះ ត្រូវបាន​តុលាការ​បញ្ជាក់​ច្បាស់​ហើយ​ថា មិន​ប៉ះពាល់​ដល់​នីតិវិធី​វាយតម្លៃ​របស់​តុលាការ​ឡើយ​។​
 
​កាន់តែ​ចាប់អារម្មណ៍​ផងដែរ​នោះ មី​យ៉ាន់​ម៉ា ដែល​មិនមែនជា​សមាជិក ឬក៏​ជា​ភាគី របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តែ​ត្រូវបាន​តុលាការ​សម្រេច​ថា​មាន​យុត្តាធិការ ដ្បិត​សំណុំ​រឿងនេះ កើតឡើង​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​ផង​ដែរនោះ បានប្រកាស​ក្តែ​ងៗ​ថា មិន​សហការ​ជាមួយនឹង​តុលាការ​នេះឡើយ​។ មី​យ៉ាន់​ម៉ា លើកឡើង ជា​រឿង​មិន​សម​ទាល់តែសោះ ដែល​តុលាការ ធ្វើបែបនេះ​៕ 

Tag:
 អាស៊ាន​
  ICC
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com