កីឡាជាតិ
ជាតិ
រថយន្ត
ក្លិប​បឹងកេត​បញ្ជា​ទិញ​រថយន្ត​ពី​កូរ៉េ និង​តុបតែង​បែប​VIP ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កីឡាករ​
24, Sep 2018 , 8:59 pm        
រូបភាព
ទិដ្ឋ​ភាពខាងក្រៅនៃរថយន្តថ្មីរបស់ក្លិបបាល់ទាត់បឹងកេត, រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
ទិដ្ឋ​ភាពខាងក្រៅនៃរថយន្តថ្មីរបស់ក្លិបបាល់ទាត់បឹងកេត, រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត បាន​តុបតែង​រថយន្ត​លក្ខណ VIP តាមរយៈ​ការ​ដោះ​កៅ​ចេញ​មួយចំនួន ដើម្បី​ឲ្យ​មាន​សោភ័ណភាព និង​បង្កលក្ខណ​ងាយស្រួល​ដល់​កីឡាករ​។ រថយន្ត​ថ្មី​របស់​បឹងកេត ត្រូវបាន​ប្រធាន​ក្លិប​លោកស្រី ពុធ ធីតា បញ្ជា​ទិញ​ផ្ទាល់​ពី​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​តម្លៃ​ប្រមាណ​៦​ម៉ឺន​ដុល្លារ​អាមេរិក​។​

 
​ក្លិប​បាល់ទាត់​បឹងកេត ដែល​គ្រោង​ផ្លាស់ប្តូរ​និមិត្តសញ្ញា​នៅ​រដូវ​កាល​ក្រោយ កាលពីពេល​ថ្មីៗ​កន្លងទៅ បាន​ទិញ​ចូល​រថយន្ត​ក្រុងមាន​៤៥​កៅអី​មួយគ្រឿង ដើម្បី​ដឹក​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នៅក្រៅ​ដី​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​ខេ​ម​ពូ​ឌា​ន​លី​គ​។ បន្ថែម​លើ​នេះ ដើម្បី​កីឡាករ និង​ក្រុមការងារ​ទៅធ្វើ​កម្ម​វិធីចែក​បទពិសោធ​បាល់ទាត់ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅតាម​ខេត្ត​នានា​ជាដើម​។​
 
​បើតាម​ប្រធាន​ក្លិប​បឹងកេត រថយន្តក្រុង​ថ្មី​នេះ ត្រូវបាន​រចនា​និង​តុបតែង​លម្អ​ទាំង​ផ្នែក​ខាងក្រៅ​និង​ផ្នែក​ខាងក្នុង​។ លើសពីនេះ​ក្លិប​បានសម្រេច​ដោះ​កៅអី​ចេញ​ចំនួន ពី​៤៥​កៅអី​មក​ត្រឹម​៣១​កៅអី​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្អាត និង​ងាយស្រួល​សម្រាប់​កីឡាករ​អង្គុយ​។​
 
 
«​តាមពិតទៅ​ឡាន​នឹង​៤៥​កៅអី តែដោយសារ​ចង់​ឲ្យ​កីឡាករ​អង្គុយ​ស្រួល យើង​ដាក់​តែ​៣១​កៅអី​ប៉ុណ្ណោះ ដែល​កៅអី​ទាំងនោះ​មាន​ទំហំ​ធំៗ​លក្ខណ VIP ដើម្បី​ឲ្យ​ពួកគាត់​ស្រួល​អង្គុយ​»​។ ការលើកឡើង​បែបនេះ​របស់លោក​ស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លង​។ 


 ទិដ្ឋភាពខាងក្នុងរថយន្តដឹកកីឡាករថ្មីរបស់ក្លិបបាល់ទាត់បឹងកេត, រូបភាពក្លិបបឹងកេត
 
​លោកស្រី​បន្ថែមថា លោកស្រី​បញ្ជា​ទិញ​រថយន្ត​នេះ​ពី​ប្រទេស​កូរ៉េ​ដោយផ្ទាល់ តែ​មិនមែន​ថ្មី​សឡាង​នោះទេ​។ ក្រោយ​តុបតែង​រចនា និង​បំពាក់​គ្រឿង​បរិក្ខា​មួយចំនួន រថយន្ត​នេះ​មានតម្លៃ​ប្រមាណ​៦​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំពោះ​លោកស្រី ពុធ ធីតា រថយន្ត​១​គ្រឿង​នេះ មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​នោះទេ ដោយ​លោកស្រី​គ្រោង​ទិញ​រថយន្ត​១៥​កៅអី​បន្ថែម​១​គ្រឿង​ទៀត​។ 
 
​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត​នេះ ត្រូវបាន​បិទ​ស្ទីក​គ័​រ ដែលមាន​និមិត្តសញ្ញា​ក្លិប​កេ​ត​ថ្មី​ទាំង​ឆ្វេង​ស្តាំ មុខក្រោយ និង​ពីលើ​។ នៅលើ​កង់​ផ្នែក​ក្រោយ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ថា ក្លិប​បាល់ទាត់​បឹងកេត និង​កណ្តាល​រថយន្ត​មាន​ពាក្យស្លោក​«​ក្រុម​មួយ​ក្តី​ស្រមៃ​តែមួយ​»​។ រថយន្ត​ថ្មី​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨ កន្លងទៅ​៕   
 

Tag:
 បឹងកេត​
  ពុធ ធីតា
© រក្សាសិទ្ធិដោយ thmeythmey.com