បទយកការណ៍ / បទសម្ភាសន៍
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​២​អង្គ ចែករំលែក​បទពិសោធ​ន៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​
29, Sep 2018 , 11:39 pm        
រូបភាព
ព្រះតេជគុណ ថាច់ វណ្ណា (ឆ្វេង) និង​ ព្រះតេជគុណ សេរី វឌ្ឍនៈ
ព្រះតេជគុណ ថាច់ វណ្ណា (ឆ្វេង) និង​ ព្រះតេជគុណ សេរី វឌ្ឍនៈ
ដោយ:
ភ្នំពេញ​៖ ព្រះសង្ឃ​កម្ពុជា​ក្រោម​២​ព្រះអង្គ ដែល​បានធ្វើ​ដំណើរ​ពី​ខេត្ត​ឃ្លាំង នៃ​ទឹកដី​កម្ពុជា​ក្រោម មក​សិក្សា​នៅ​រាជធានី​ភ្នំពេញ បានទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​។ ព្រះ​តេជគុណ​ទាំងពីរ​ព្រះអង្គ​មាន​ព្រះជន្ម​ជាង​២០ វស្សា បាន​បញ្ជ​ប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ហើយ​។ បច្ចុប្បន្ន​ព្រះ​តេជគុណ ថាច់ វណ្ណា និង​ព្រះ​តេជគុណ សេរី វឌ្ឍនៈ កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត នៅ​ប្រទេស​រុស្ស៊ី​។



ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​ការតស៊ូ និង​ការស្វែងរក​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី​។ សូម​លោក​អ្នកនាង ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ​កញ្ញា ថា​ន រស្មី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖




​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​អង្គ ដែល​ចង់​បន្ត​ការសិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ ត្រូវ​និមន្ត​ពី​កម្ពុជា​ក្រោម មក​កម្ពុជា​កណ្ដាល ដើម្បី​ទទួល​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ដោយ​អាស្រ័យ​លើ​ការបរិច្ចាគ​ទាន ពី​ពុទ្ធបរិស័ទ​។ ហេតុតែ​ចង់បាន​ការសិក្សា​កាន់តែ​ខ្ពស់ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​អង្គ បាន​ព្យាយាម​ស្វែងរក​អាហារូបករណ៍ សិក្សា​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​បំពេញ​ចំណេះដឹង​បន្ថែមទៀត​។​
 
​ក្រោយពី​ជោគជ័យ​ក្នុង​ការដាក់​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី​ថ្នាក់អនុបណ្ឌិត ព្រះ​តេជគុណ​ទាំង​២​ព្រះអង្គ គឺ​ព្រះ​តេជគុណ ថាច់ វណ្ណា និង​ព្រះ​តេជគុណ សេរី វឌ្ឍនៈ បាន​ឲ្យ​ដឹងថា ការដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​រុស្ស៊ី គឺ​អាស្រ័យ​លើ​លំដាប់​ពិន្ទុ​ក​នៅក្នុង​ការសិក្សា​។ ព្រះ​តេជគុណ ថាច់ វណ្ណា បាន​បន្ថែមថា អ្វី​ដែលជា​ភាពងាយស្រួល​នោះ​គឺ និស្សិត​ដាក់​អាហារូបករណ៍​ដោយផ្ទាល់ ទៅ​ក្រសួង​អប់រំ​រុស្ស៊ី និង​មិន​ត្រូវការ​តេស្ត​ភាសា​អង់គ្លេស ឬ​ភាសា​រុស្ស៊ី​នោះឡើយ​។ 
 
​ព្រះ​តេជគុណ ថាច់ វណ្ណា បញ្ជាក់ថា​៖«​ខាង​ក្រសួង​អប់​រុស្ស៊ី គេ​មាន​វេ​ប​សាយ​មួយ​ឈ្មោះ russia.study ដែល​សម្រាប់​ឲ្យ​និស្សិត​នៅលើ​ពិភពលោក អាចដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី​បាន​។ ឯកសារ​ដែល​ភ្ជាប់​ទៅជា​ការចុះឈ្មោះ​មាន លិខិតឆ្លងដែន សញ្ញាបត្រ​ដែល​បក​ប្រែជា​ភាសា​អង់គ្លេស និង​លិខិត​ពិនិត្យ​សុខភាព​ទូទៅ​នៅ​ក្រសួង​អប់រំ​»​។​
​ព្រះ​តេជគុណ​មកពី​ខេត្ត​ឃ្លាំង​ខាងលើ បាន​បន្ថែមថា ការដាក់​អាហារូបករណ៍ ត្រូវធ្វើឡើង​ចន្លោះ​ពី​ខែកុម្ភៈ ទៅ​ខែមីនា និង​រង់ចាំ​លទ្ធផល ចន្លោះ​ខែកក្កដា ដល់​ខែសីហា ដែលជា​វេលា​វិស្សមកាល​នៅ​រុស្ស៊ី​។ ដើម្បី​ទទួលបាន​អាហារូបករណ៍ អ្នក​ដែលមាន​អាទិភាព​ខ្ពស់ គឺជា​អ្នក​ដែលមាន​ពិន្ទុ​ខ្ពស់​ក្នុង​ការសិក្សា​។​
  
 
​ព្រះ​តេជគុណ ថាច់ វណ្ណា បញ្ជាក់បន្ថែម​៖ «​ជាធម្មតា​រុស្ស៊ី ជា​ប្រទេស​មហាអំណាច​មួយ​ដែរ អីចឹង​គេ​មិន​តម្រូវ​ឲ្យ​ចេះ​ភាសា​អង់គ្លេស​ទេ​។  គេ​ប្រើប្រាស់​ភាសា​រុស្ស៊ី ហើយ​មិនមែន​ទាល់តែ​រុស្ស៊ី​ទើប​អាច​ទៅ​រៀន​បានទេ ព្រោះ​គេ​មាន​ថ្នាក់​បង្រៀន​ភាសា​រុស្ស៊ី​មួយឆ្នាំ មុន​ចូល​ថ្នាក់​សិក្សា​ជំនាញ​»​។​
 
​ដោយ​គិតថា​រុស្ស៊ី គឺជា​ប្រទេស​មហាអំណាច​មួយ​ស្រប​ពេលដែល​ព្រះ​តេជគុណ​ចាប់អារម្មណ៍​ចង់​រៀន​មុខ​វិទ្យា​វិទ្យាសាស្ត្រ​នយោបាយ​ផង​នោះ ទើប​ព្រះ​តេជគុណ ថាច់ វណ្ណា សម្រេច​ជ្រើសរើស​អាហារូបករណ៍ សិក្សា​នៅ​ប្រទេស​រុស្ស៊ី​នេះ​តែម្ដង​។​
 
​ក្រោយពី ថាច់ វណ្ណា ចែករំលែក​បទពិសោធ​ន៍​នៃ​ការស្វែងរក​អាហារូបករណ៍​នៅ​រុស្ស៊ី ព្រះ​តេជគុណ សេរី វឌ្ឍនៈ អ្នក​ខេត្ត​ឃ្លាំង​ដូចគ្នា ក៏បាន​ចែករំលែក​ពី​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា​នៅ​ទីនោះ​ផងដែរ​។ ដោយ​ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា ប្រាក់ខែ​ដែល​ទទួលបាន​ពី​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី ទទួលបាន​តិចជាង អាហារូបករណ៍​នៅ​បណ្ដាល​ប្រទេស​ដទៃ​។ តួយ៉ាង​ក្នុង​មួយខែ រដ្ឋាភិបាល​កម្ពុជា ផ្ដល់ជូន​និស្សិត​អាហារូបករណ៍​ចំនួន​៥០​ដុល្លារ​តែប៉ុណ្ណោះ ខណៈ​ក្រសួង​អប់រំ​រុស្ស៊ី ផ្ដល់​ឲ្យ​និស្សិត​អាហារូបករណ៍​ប្រមាណ​៣០​ដុល្លារ​តែប៉ុណ្ណោះ​។​
 
​ព្រះ​តេជគុណ សេរី វឌ្ឍនៈ មាន​សង្ឃដីកា​ថា​៖ «​ដោយសារ​ប្រាក់​អាហារូបករណ៍​តិច ហើយ​រយៈពេល​៣​ទៅ​៦​ខែ ទើប​បើក​ឲ្យ​ម្ដង ដូច្នេះហើយ​និស្សិត​ដែល​ទៅ​រៀន ត្រូវមាន​ប្រាក់​សម្រាប់​ចាយវាយ​ដោយ​ខ្លួនឯង​ពី​ប្រទេស​ឲ្យ​ហើយ​។ សម្រាប់​អ្នកមាន​ជំងឺ​ដុះសាច់ច្រមុះ អ្នកចាញ់​រងា និង​អ្នក​ជំ​ងឹ​ក្រពះ​ក៏​ប្រឈម​ដែរ ដោយសារតែ​រៀន​រហូត​ពី​ព្រឹក​ម៉ោង​៨ ដល់​ម៉ោង​៦​ល្ងាច​»​។​
​យ៉ាងណាមិញ​ចំពោះ​ព្រះសង្ឃ​មាន​បញ្ហា​ប្រឈម​ជាង​គ្រហស្ថ ពិសេស​ទៅលើ​របប​អាហារ​។ ដោយសារតែ​ព្រះសង្ឃ ត្រូវ​បដិបត្តិ​វិន័យ​សង្ឃ​ផង រៀបចំ​ចំណីអាហារ​ដោយ​ខ្លួនឯង​ផង​។ ជាពិសេស​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​រក្សា​អាហារូបករណ៍​ដែល​ទទួលបាន​។​
  
 
​ព្រះ​តេជគុណ សេរី វឌ្ឍនៈ មាន​សង្ឃដីកា​ថា​៖ «​ពិបាក​ដែរ​រឿង​ឆាន់ តែ​ពិបាក​តែ​ដំបូង​ទេ​។ ពេល​យើង​នៅ​យូរ​ទៅ យើង​ស៊ាំ​ជាមួយ​គេ​ហើយ​។ យើង​ជា​ព្រះសង្ឃ តែ​ត្រូវ​នៅ​រួមជាមួយ​និស្សិត​ចម្រុះ មាន​ទាំង​វៀតណាម ចិន អារ៉ាប់ ជាដើម​។ អីចឹង​ហើយ​បានជា​យើង​មានចិត្ត​ខ្លាច ទាំង​ការធ្វើ​ម្ហូប​ជាដើម តែ​ពេល​នៅ​ស៊ាំ​យូរ​ទៅ​ក៏​អស់​បារម្ភ​ដែរ​»​។​
 
​ទោះ​មានការ​ប្រឈម​នឹង​ការរស់នៅ ក៏ដូចជា​ចំណីអាហារ​ខ្លះ សម្រាប់​សុវត្ថិភាព​វិញ ត្រូវបាន​ព្រះ​តេជគុណ​ទាំង​២​ព្រះអង្គ​ឲ្យ​ដឹងថា មាន​សន្តិសុខ​ល្អ ទាំង​នៅក្នុង​អន្តេវាសិកដ្ឋាន តាម​ដងផ្លូវ តាម​ផ្សារ ក៏ដូចជា​សាលារៀន​។ ព្រះសង្ឃ​កម្ពុជា​ក្រោម​ទាំង​២​ព្រះអង្គ បច្ចុប្បន្ន​បាន​សម្រាក​វិស្សម​កាលពី​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី បានមក​គង់នៅ​វត្ត​សាមគ្គី​រង្សី ដែល​ជាទី​មាន​ព្រះសង្ឃ​កម្ពុជា​ក្រោម​ជាច្រើន​គង់នៅ​។​
 
​ព្រះ​តេជគុណ នឹង​និមន្ត​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​វិញ នៅ​ដើមខែ​តុលា​នេះ​។ ដោយ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់​ភាសា​រុស្ស៊ី​អស់​រយៈពេល​១​ឆ្នាំ​៕
 
 
 
 

Tag:
 កម្ពុជា​ក្រោម​
 ​ អាហារ​រូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com