អន្តរជាតិ
ស៊ូ​ជី ជួប​មេទ័ព​កំពូល ក្រោយ​មានរឿង​ចម្រូងចម្រាស់​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ ICC
06, Oct 2018 , 8:39 pm        
រូបភាព
ដោយ:
​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ជួបពិភាក្សា​បិទទ្វារ​ជាមួយនឹង​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា លោក មិន អ៊ុង​ឡាំង (Min Aung Hlaing) ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រទេស​បច្ចុប្បន្ន និង​ជាពិសេស​នោះ​លើ​បញ្ហា​ចម្រូងចម្រាស​ជាមួយនឹង​សហគមន៍​អន្តរជាតិ​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។​


 
​អ្នកនាំពាក្យ​ខុទ្ទកាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ស ធេ​ហ៍ នៅ​ថ្ងៃ​៥ តុលា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​ជួបពិភាក្សា​ជាមួយនឹង​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ជា​លក្ខណៈ​ចង្អៀត​មួយ ដោយបាន​បញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា និង​មេត្រីភាព​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកនាំពាក្យ បាន​ឲ្យ​ដឹងថា ជំនួប​ដ៏​កម្រ និង​មិនមាន​ការប្រកាស​ឲ្យ​ដឹង​មុន​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​តទល់​គ្នា គឺជា​សារ​បង្ហាញ​ពី​ភាព​កាន់តែ​ល្អប្រសើរ និង​វិជ្ជមាន​នៃ​ការចូលរួម​របស់​យោធា ជាមួយនឹង​រដ្ឋាភិបាល​ស៊ីវិល​។ « ហេតុអ្វី ក៏​គាត់​មាន​វត្ត​មាននៅ​ទៅនោះ ប្រសិនបើ​ទំនាក់ទំនង​យោធា មិនល្អ​នោះ​?» នេះ គឺជា​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​។​
 
​តាម​អ្នកនាំពាក្យ មេដឹកនាំ​កំពូល​របស់​មី​យ៉ាន់​ម៉ា ក៏បាន​ផ្តោតលើ​បញ្ហា​នៃ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ការចោទប្រកាន់​មេដឹកនាំ​យោធា​ជា​អ្នកទទួលខុសត្រូវ​លើ​វិបត្តិ​នេះ​ផងដែរ​។ ជំនួប​នេះ ត្រូវបាន​អ្នកតាមដាន​ស្ថានភាព​មី​យ៉ាន់​ម៉ា ចាត់ទុក ជាការ​ចរចា និង​និយាយ​គ្នា​ទុកជាមុន ដ្បិត​នៅ​សប្តាហ៍​ក្រោយនេះ មី​យ៉ាន់​ម៉ា ក៏​នឹងមាន​កិច្ចប្រជុំ​ធំ​ដើម្បី​ជជែក​ពី​ដំណើរ​ការកសាង​សន្តិភាព​ផងដែរ​នោះ​។ 
 
​ការណ៍​ដែល​ធ្វើ​ឲ្យ​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​របស់​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ការចាប់អារម្មណ៍​ខ្លាំង​នោះ ក៏​ព្រោះតែ​កន្លងមក ជំនួប​មួយ​ទល់​មួយ​រវាង​មេដឹកនាំ​ទាំងពីរ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៥ និង​២០១៦ សុទ្ធសឹងតែ​ប្រកាស​ជា​សាធារណៈ​ទុកជាមុន​។ រាល់​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ ផ្តោតលើ​តួនាទី​របស់​យោធា​នៅក្នុង​ការដឹកនាំ​ប្រទេស ដ្បិត​យោធា បាន​ចាក់​ឬ​សគល់​ជាច្រើន​ទស្សវត្ស​មួយ​នោះ​ក្នុងការ​ដឹកនាំ​មី​យ៉ាន់​ម៉ា​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ថ្មីៗ​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានចេញ​សម្រេច​ប្រកាស​ពី​យុត្តាធិការ​លើ​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​សេចក្តីសម្រេច​នេះ បានធ្វើ​ឲ្យ​មុខមាត់​មី​យ៉ាន់​ម៉ា ត្រូវ​ធ្លាក់ចុះ និង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវ​សម្រប​ខ្លួន​ទៅតាម​តាម​បទដ្ឋាន​អន្តរជាតិ​។ បន្ថែម​លើ​នេះ ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ ក៏​បានចេញ​របាយការណ៍​មួយ ដោយ​ចោទប្រកាន់​យោធា​ជាន់ខ្ពស់​ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​លើ​បញ្ហា​៕ 
 

Tag:
 ICC
  អ៊ុង​សាន ស៊ូ​ជី​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com