ជាតិ
បុណ្យភ្ជុំបិណ្ឌ
បុណ្យ​ភ្ជុំ​៖​ពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​នៅ​បរទេស​ច្រើន​ដូច​រាល់​ឆ្នាំ​
06, Oct 2018 , 8:59 pm        
រូបភាព
ពលរដ្ឋខ្មែរកម្សាន្តនៅសិង្ហបុរី
ពលរដ្ឋខ្មែរកម្សាន្តនៅសិង្ហបុរី
​ភ្ជុំបិណ្ឌ​៖ ក្រុម​ភ្នាក់ងារទេសចរណ៍​មួយចំនួន​បាន​អះអាងថា ពួកគេ​បានទទួល​អតិថិជន​ច្រើន​ដែល​បាន​ទិញ​ដំណើរ​កម្សាន្ត​នៅ​បរទេស​។ ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ពុំ​សូវ​ទទួលបាន​អតិថិជន​ដែល​ទិញ​កញ្ចប់​ដំណើរ​កម្សាន្ត​ក្នុងប្រទេស​ឡើយ​។ ពួកគេ​អះអាងថា ពលរដ្ឋ​ខ្មែរ​អាចធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណ​គ្រួសារ ឬ​ឯកជន​ដោយ​ខ្លួនឯង​។​

 
​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ដ៏​ធំ R.T.R បានទទួល​ការបញ្ជាទិញ​កញ្ចប់​ដំណើរ​កម្សាន្ត​នៅ​បរទេស​ពី អតិថិជន​ជាង ១០០០​នាក់ សម្រាប់​រយៈពេល​នៃ​ការឈប់​សម្រាក​នា​ថ្ងៃ​ភ្ជុំ​ធំ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយិកា​របស់​ក្រុមហ៊ុន​ទេសចរណ៍ R.T.R លោកស្រី ប៊ី ឧដ្ឋានវតី ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ប្រទេស​ចិន និង​ទីក្រុង​ឌូ​បៃ​ជាដើម សុទ្ធតែជា​គោលដៅ​ទេសចរណ៍​ដែល​ពលរដ្ឋ​កម្ពុជា​គ្រោង​ធ្វើ​ចេញទៅ​កម្សាន្ត​។​
 
​ក្រុមហ៊ុន​ទេសចរណ៍​មួយទៀត ឈ្មោះ Fun Trip Travel បានទទួល​ការ​កក់​ដំណើរ​កម្សាន្ត​ប្រមាណ​១៣០​នាក់ ទៅ​ប្រទេស វៀតណាម ថៃ ម៉ាឡេស៊ី ជាដើម​។​
​នៅ​ក្រុមហ៊ុន​ទេសចរណ៍ AVEERA ឯណោះ​វិញ លោកស្រី ជា ម៉ូ​លីកា ដែលជា​អ្នកគ្រប់គ្រង​ទូទៅ បាន​អះអាងថា ក្រុមហ៊ុន​របស់លោក​ស្រី​បានទទួល​អតិថិ​ន​ជាង​៤០​នាក់ ប៉ុន្តែ​ជា​ដំណើរ​កម្សាន្ត​ទៅដល់​ទ្វីបអឺរ៉ុប​តែម្តង​។​
 
​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍​សុទ្ធតែ​អះអាងថា ការឈប់​សម្រាក​រយៈពេល​វែង​តែងតែ​ក្លាយជា​ឱកាស​ដែល​ពលរដ្ឋ​កម្ពុជា​ពិចារណា និង​សម្រេច​ធ្វើដំណើរ​កម្សាន្ត​នៅ​បរទេស ទន្ទឹមនឹង​ពួកគេ​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​។ លោក ថាច់ ពុធ​ថា នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Fun Trip Travel បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ជាទូទៅ អ្នកដើរ​កម្សាន្ត​ច្រើន​តែមាន​គម្រោង​ទុក​តាំងពី​៣​ខែ ទៅ​៦​ខែ ហើយ​ពួកគេ​បាន​ត្រៀម​ថវិកា​។ ម្យ៉ាងទៀត នៅ​បរទេស​ពួកគេ​បាន​ប្រកួតប្រជែង​ទាក់ទាញ​ទេសចរ​យ៉ាងខ្លាំង​»​។​
 
​លោកស្រី ប៊ី ឧដ្ឋានវតី នៃ​ក្រុមហ៊ុន​ទេសចរណ៍ R.T.R បានបញ្ជាក់​ដូចគ្នា​អំពី​នយោបាយ​នៃ​ការ​ទាក់​
​ទាញ​ទេសចរ​របស់​ប្រទេស​នានា​ដូចជា​តម្លៃ​នៃ​ការ​ស្នាក់នៅ​សណ្ឋាគារ​ថយចុះ នេះ​ដោយ​មិនទាន់​គិត​អំពី​វត្ត​មាននៃ​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែច្រើន​ដែល​ហោះ​មក​កម្ពុជា ហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​សំបុត្រ​យន្តហោះ​ធ្លាក់ចុះ​ដែរ​។ នាយិកា​គ្រប់គ្រង R.T.R បាន​បន្ថែម​យ៉ាង​ដូច្នេះ​៖«​ម្យ៉ាងវិញទៀត ពួកគេ​ខ្ញុំ​បានរៀបចំ​កញ្ចប់​ដំណើរ​កម្សាន្ត​ច្រើន​ប្រភេទ សម្រាប់​ច្រើន​ក្រុម​។ ពោលគឺ​សម្រាប់​អ្នក​ថវិកា​តិច មធ្យម និង​ដល់ VIP»​។ «​ខ្ញុំ​ចាប់អារម្មណ៍​ថា ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​បានគិត​អំពី​គុណភាព​នៃ​ជីវិត​របស់​ពួកគេ​។ ពួកគេ​ត្រូវ​ចំណាយពេល និង​ថវិកា​ដើម្បី​ដើរ​កម្សាន្ត​នៅ​បរទេស​»​។ នេះ​ជាការ​សន្និដ្ឋាន​របស់ លោកស្រី វ​តី​។​


ពលរដ្ឋខ្មែរកម្សាន្តនៅម៉ាឡេស៊ី
 
​នៅពេលដែល ក្រុមហ៊ុន​ទេសចរណ៍​ពុំ​សូវ​ទទួលបាន​ការបញ្ជា​ទិញ​កញ្ចប់​ដំណើរ​កម្សាន្ត​ក្នុងប្រទេស មិនមែន​មានន័យថា ពលរដ្ឋ​ខ្មែរ​មិន​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​នោះទេ​។ អ្នកស្រី ជា ម៉ូ​លិ​កា ដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ AVEERA បាន​ពន្យល់ថា​រចនាសម្ព័ន្ធ​ក្នុងស្រុក​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​អាចធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ខ្លួនឯង​។ អ្នកស្រី​បន្តថា ផ្លូវថ្នល់ សន្តិសុខ រមណីយដ្ឋាន និង​កន្លែង​ស្នាក់នៅ​ច្រើន សុទ្ធតែ​ផ្តល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ខ្មែរ ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ឯកជន ទៅតាម​ពេលវេលា​ដែល​ពួកគេ​ចង់បាន​។​
 
​បើតាម​ការអះអាង​រប​ស់​អ្នកដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​ដដែល ពលរដ្ឋ​កម្ពុជា ចាប់អារម្មណ៍​ដើរ​កម្សាន្ត​នៅ​តំបន់​ខាងជើង និង​នៅ​ប៉ែក​ឦសាន ក្នុងប្រទេស​កម្ពុជា​៕
 

Tag:
 ទេសចរណ៍
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com