អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន គឺជា​វិវាទ​ដែល​មិនអាច​បញ្ឈប់​បាន​
06, Oct 2018 , 9:59 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានបង្ហាញ​ពី​ក្តីបារម្ភ​ពី​ការរីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​។ ក្រុង​ហ្សា​ការ​តា បាន​ក្រើនរម្លឹក​ដល់​ប្រទេស​ពាក់ព័ន្ធ​នីមួយៗ​ឲ្យ​មានការ​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រយៈពេល​វែង​សម្រាប់​ផលប៉ះពាល់​នៃ​វិវាទ​ពាណិជ្ជកម្ម​របស់​មហាអំណាច​មួយ​នេះ​។


 
​រដ្ឋមន្ត្រី​សម្របសម្រួល​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី លោក Darmin Nasution នៅ​ថ្ងៃ​៥ តុលា បាន​លើកឡើងថា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន កំពុងតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​កាន់តែ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា ពិសេស​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​មាន​សេដ្ឋកិច្ច​អន់ថយ​ស្រាប់​នោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Post លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សង្គ្រាម​ពាណិជ្ជកម្ម កំពុងតែ​ក្លាយជា​បញ្ហា​ដែល​មិនអាច​បញ្ឈប់​បាន ហើយ​តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ ត្រូវតែ​ចាប់ផ្តើម​អភិវឌ្ឍ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ឲ្យ​បានច្បាស់លាស​។ លោក​រដ្ឋមន្ត្រី ព្យាករ​ថា ទោះ​ទៅដល់​ឆ្នាំ​២០១៩ ក៏​បញ្ហា​នេះ មិន​មានការ​អន់ថយ​ឡើយ​។ 
 
​លោក បាន​អះអាងថា ភាពមិនប្រាកដប្រជារ​បស់​សេដ្ឋកិច្ច​សកល នឹង​បន្ត​កើតឡើង ដ្បិត​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ ហាក់​មិនមាន​សញ្ញាណ​បញ្ចប់​សោះឡើយ​។ សម្រាប់​លោក ការប្រទាំងប្រទើស​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​មិន​ត្រឹមតែ​ជា​បង្កើន​ពន្ធ​នាំចូល​ប៉ុណ្ណោះ​នោះទេ តែ​ភាពចម្រូងចម្រាស​នេះ ក៏​កំពុងតែ​ប៉ះពាល់​ដល់​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៀតផង​។​
 
​លោក ថ្លែង​បែបនេះ​រួចហើយ ក៏​បន្ទោស​លើ​ការដាក់​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែលជា​អង្គហេតុ​សំខាន់ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​។ សម្រាប់​ឥណ្ឌូណេស៊ី លោក អះអាងថា រដ្ឋាភិបាល កំពុងតែ​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង សម្រាប់​ការពារ​ពី​ការជះឥទ្ធិពល​ពី​ការប៉ះទង្គិច​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។​
 
​សូមជម្រាបថា ចាប់ពី​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ កាន់អំណាច​មក អាមេរិក ចាប់​អនុវត្ត​គោលនយោបាយ​រឹតត្បិត​ទៅលើ​ផលិតផល​នាំចូល ដែល​ក្រុង​វ៉ាស៊ីនតោន យល់ឃើញថា ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​ធ្លាក់ចុះ​។ ជាក់ស្តែង​អាមេរិក បាន​ដំឡើង​ពន្ធ​ទៅលើ​ផលិតផល​ចិន​ជា​បន្តបន្ទាប់ ហើយ​ចំណាត់​នេះ ក៏​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី ដែល​ពីមុន​ទទួលបាន​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ រង​ផលប៉ះពាល់​ដូចគ្នា​ផងដែរ​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com