ជាតិ
​​​ន​យោ​បាយ​ជាតិ​
នីតិវិធី​នៃ​ការដក ឬ មិន​ដក​ការអនុគ្រោះ​ពន្ធ​របស់ EU មាន​រយៈពេល​១២​ខែ​
07, Oct 2018 , 9:15 pm        
រូបភាព
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា
​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា នីតិវិធី​នៃ​ការសម្រេច​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ត្រូវ​ប្រើ​រយៈពេល​៦​ខែ​ពីរដង​។ ការបញ្ជាក់​នេះ គឺធ្វើឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨​នេះ​។



EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រម​ព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។ 
 
«​នៅពេលដែល​គណៈកម្មកា​រ ចាប់ផ្តើម​សម្រេច​នី​តី​វិធី​នៃ​ការ​ដក​បណ្តោះអាសន្ន​លើ​ប្រព័​ន្ធ​អនុគ្រោះ​ពន្ធ​នេះ នីតិវិធី​នេះ ត្រូវ​ចាប់ផ្តើម​ជាមួយ​ប្រព័ន្ធ​នៃ​ការត្រួតពិនិត្យ​ផ្លូវការ ដែលមាន​រយៈពេល​៦​ខែ​»​។ នេះ​ជា​ខ្លឹមសារ​ពន្យល់​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បន្ថែមថា​៖«​បន្ទាប់មក វា​នឹងមាន​រយៈពេល​៦​ខែ​ទៀត ដើម្បី​សរសេរ​របាយ​ការ​ស្តីពី​ការប្រមូល​ព័ត៌មាន និង​បញ្ចប់​របាយការណ៍​ដោយមាន​សេចក្តី​ស​ម្រ​ច​ពី​គណៈកម្មការ​មួយ​ផ្សេងទៀត ថា​ត្រូវ​ដក​ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្តោះអាសន្ន​នោះ​»​។ 
 
​សេចក្តីបំភ្លឺ​នេះ ត្រូវបាន​ចេញផ្សាយ​ភ្លាមៗ បន្ទាប់ពី​មានការ​ជជែក​គ្នា​ដោយ​ច្បាស់លាស់ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក អំពី​និតិ​វិធី​នៃ​ការដកចោល​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ ពី​សំណាក់​សហភាព​អឺរ៉ុប​។ មានអ្នកខ្លះ ជាពិសេសអ្នកដែលមិនសូវពេញចិត្តនឹងរដ្ឋាភិបាលកម្ពុជា បានអះអាងយកតែម្តងថា សហភាពអឺរ៉ុប បានបញ្ឈប់ការអនុគ្រោះពន្ធឲ្យកម្ពុជាហើយ។ 

ប៉ុន្តែ មកដល់ពេលនេះ សហភាពអឺរ៉ុប ពុំទាន់សម្រេចបញ្ឈប់ឬដកការអនុគ្រោះព័ន្ធ ដូចមតិខាងលើឡើយ ពោលគឺ សហភាពអឺរ៉ុប ទើបតែនឹងចាប់ផ្តើមដំណើរការលើនីតិវីធីស្តីពីការដកការអនុគ្រោះពន្ធនេះប៉ុណ្ណោះ។ លើសពីនេះ នីតិវិធី​និងដំណើរការនេះ មានរយៈពេលដល់ទៅ១២ខែឯណោះ ទើបឈានដល់ការសម្រេចចុងក្រោយថា ដកឬមិនដកការអនុគ្រោះពន្ធ៕
 

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com