ជាតិ
បុណ្យភ្ជុំបិណ្ឌ
អ្នកភូមិពោធិ៍រោង ស្រុកគិរីវង់ស្ងោរអន្សមដោយដាក់បន្លាលើគម្របឆ្នាំងដើម្បីរារាំងអាប
× ប្រជាពលរដ្ឋនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ បាននាំគ្នាកាប់បន្លាដំបងយក្ស ឬបន្លាផ្សេងៗយកមកដាក់លើគម្របឆ្នាំងស្ងោរនំអន្សម ជាមួយជំនឿថា ដើម្បីការពារអាបលិឌនំអន្សមរបស់ពួកគេ។ ជំនឿបែបនេះ ត្រូវបានពលរដ្ឋធ្វើតៗគ្នាតាំងពីដូនតារហូតមកដល់បច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិនេះ។
អ្នកស្រី ប៉ុន សុភាព ពលរដ្ឋម្នាក់រស់នៅក្នុងភូមិខាងលើបាននិយាយថា រាល់ពេលស្ងោរនំអន្សម ឬចំហុយនំគមម្តងៗ អ្នកស្រីតែងតែកាប់បន្លាយកមកដាក់លើគម្របឆ្នាំង ដើម្បីការពារនំអ្នកស្រីពីអាបលិឌ និងស្ងោរឆាប់ឆ្អិន។ ស្ត្រីមេម៉ាយកូន៤រូបនេះបន្តថា បើសិនអ្នកស្រីមិនធ្វើដូច្នេះទេ វាអាចធ្វើឲ្យនំអន្សម ឬនំគមអ្នកស្រីស្ងោរមិនងាយឆ្អិន និងត្រូវការចំណាយពេលច្រើនក្នុងការចម្អិនជាដើម។
«កាលពីមុនខ្ញុំធ្លាប់ជួបម្តង ដោយខ្ញុំបានចាប់ផ្តើមស្ងោរនំអន្សមរបស់ខ្ញុំ តាំងពីពេលព្រឹករហូតដល់ម៉ោង១១ទៅ១២យប់ តែនៅតែឆ្អិនមិនបានល្អ ព្រោះខ្ញុំភ្លេចដាក់បន្លា ហើយខ្ញុំគិតថា ប្រហែលជាមានអាបលិឌហើយមើលទៅ។ តាំងពីពេលនោះមក រៀងរាល់ស្ងោរនំអន្សមម្តងៗ ខ្ញុំតែងតែប្រើកូនខ្ញុំឲ្យកាប់បន្លាដាក់លើគម្របឆ្នាំងជានិច្ច»។ នេះជាការរៀបរាប់របស់អ្នកស្រី ប៉ុន សុភាព ពីបទពិសោធស្ងោរនំអន្សមកន្លងមក។
ស្ត្រីវ័យ៦០ឆ្នាំរូបនេះបន្តទៀតថា បើគេសង្ស័យបុគ្គលណាម្នាក់ថា ជាអ្នកមានតំណពូជអាបដើរកាត់មុខផ្ទះដែលកំពុងវេចនេះ គេត្រូវហៅបុគ្គលនោះមកជួយវេចនំ ឬធ្វើកិច្ចការផ្សេងៗ នំរបស់អ្នកនោះនឹងមិនមានបញ្ហាអាបលិឌឡើយ។ ប៉ុន្តែបើគេមិនបានហៅបុគ្គលនោះឲ្យជួយវេច ឬធ្វើកិច្ចផ្សេងៗនោះទេ នំអន្សមនោះនឹងមានបញ្ហាបើស្ងោរមិនបានដាក់បន្លាពីលើ។ ទោះបីយ៉ាងនេះក្តី ពលរដ្ឋនៅភូមិនោះមិនដែលភ្លេចនោះឡើយ រឿងកាប់បន្លាដាក់លើគម្របឆ្នាំង។
អ្នកស្រី ប៉ុន សុភាព ដែលចេះវេចនំតពីម្តាយ តែងតែវេចនំអន្សមជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីទុកចែកបងប្អូនកូនក្មួយ ដែលទៅលេងស្រុកកំណើត។ មិនត្រឹមតែវេចសម្រាប់ខ្លួនឯងនោះទេ អ្នកស្រីថែមទាំងជួយវេចនំប្អូនស្រីទាំងពីរគឺអ្នកស្រី ប៉ុន សុភា និងអ្នកស្រី ប៉ុន អ៊ូច ដែលតែងតែយកអង្គរមកផ្ញើជាមួយអ្នកស្រីទៀតផង។ ឆ្នាំនេះអ្នកស្រី សុភាព វេចនំអន្សម១០គីឡូអង្គរដំណើប ដែលស្មើនឹងនំអន្សមជាង១ផ្លូន។
មិនមែនមានតែគ្រួសាររបស់អ្នកស្រី ប៉ុន សុភាព នោះទេ ដែលមានជំនឿស្ងោរនំអន្សមដាក់បន្លាពីលើនេះ សូម្បីប្រជាជនដទៃក្នុងភូមិនេះ ក៏អនុវត្តដូច្នេះដែរ។ ទោះបីមិនដែលឃើញអាបដោយផ្ទាល់ភ្នែក ឬមានឯកសារណាមួយបញ្ជាក់ពីបញ្ហានេះក៏ដោយ តែជំនឿបែបនេះ ត្រូវពលរដ្ឋនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ធ្វើតៗគ្នាតាំងពីដូនតារហូតដល់បច្ចុប្បន្ន។
ជំនឿដាក់ដាក់បន្លាដើម្បីការពារអាបនេះ មិនត្រឹមតែអនុវត្តលើការស្ងោរនំអន្សមប៉ុណ្ណោះទេ តែត្រូវបានគេយកទៅអនុវត្តលើការធ្វើក្តួច ធ្វើនំគម ឬធ្វើនំផ្សេងៗដែលប្រើម្សៅផ្អាប់ជាដើម៕
Tag:
ភ្ជុំបិណ្ឌ
តាកែវ
ប៉ុន សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com