ជាតិ
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ៖ រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរជាង ១លាននាក់ ទៅកម្សាន្តនៅតាមខេត្តនានា រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាង ១,២លាននាក់ បានធ្វើដំណើរទៅកម្សាន្ត នៅតាមបណ្ដាខេត្តនានា។ ចំនួនភ្ញៀវទេសចរនេះ កើនឡើង ២០,៤២ ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨-១០ តុលា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ១,២៦១,៦៩១នាក់ បានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរនានាក្នុងប្រទេសកម្ពុជា។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,២១៣,៦៨៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៨,០០៤នាក់។
បើតាមរបាយការណ៍ដដែល ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាប,កំពង់ឆ្នាំង និងកំពត។ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួន ២៣០០០នាក់ កើនឡើងជិត ៥០ភាគរយ។
គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ខេត្តដែលសម្បូរភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តកំពត ខណៈខេត្តព្រះសីហនុ,កោះកុង និងខេត្តកែប ចំនួនភ្ញៀវទេសចរមានការថយចុះ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផល និងមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួន។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែល៕
Tag:
ភ្ញៀវទេសចរ
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com