លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី១៧ ខែកញ្ញា ស្តីពីរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង ដែលមានរដ្ឋលេខាធិការ៦រូប និងអនុរដ្ឋលេខាធិការ១០រូប។ ក្នុងសេចក្តីសម្រេចដោយឡែកមួយ លោករដ្ឋមន្ត្រី ក៏បានតែងតាំងអ្នកនាំពាក្យ៣រូបផងដែរ។
លោក អង្គ វង្ស វឌ្ឍានា បានបញ្ជាក់ថា សេចក្តីសម្រេចនេះ សំដៅធានាដល់ដំណើរការប្រព្រឹត្តទៅរបស់ក្រសួងឲ្យមានប្រសិទ្ធភាព និងសម្រេចភារកិច្ចឲ្យបានល្អប្រសើរ។ ក្នុងតួនាទីជារដ្ឋមន្ត្រី លោក អង្គ វង្ស វឌ្ឍានា ផ្ទាល់ត្រូវដឹកនាំការងាររួមរបស់ក្រសួង ហើយលោកគ្រប់គ្រងដោយផ្ទាល់លើការងារចាត់តាំង ហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុង។
រដ្ឋលេខាធិការ និងអនុរដ្ឋលេខាទាំងអស់ មានភារកិច្ចជួយការងាររដ្ឋមន្ត្រី។ លោក កើត រិទ្ធ ជារដ្ឋលេខាធិការដែលទទួលបន្ទុកប្រចាំការ និងជួយរដ្ឋមន្ត្រីលើការងារអយ្យការ និងព្រហ្មទណ្ឌ ការងារលិខិតថ្កោលទោស កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ការងារអាជ្ញាធរកណ្តាលនៃក្រសួងយុត្តិធម៌។
ការងារជួយរដ្ឋមន្ត្រីលើផ្នែកកិច្ចប្រតិបត្តិការអន្តរជាតិក្នុងវិស័យរដ្ឋប្បវេណី កិច្ចការយេនឌ័រ ស្ត្រី និងកុមារ គឺជាបន្ទុករបស់លោកស្រីរដ្ឋលេខាធិការ ចាន់ សុទ្ធាវី ខណៈលោករដ្ឋលេខាធិការ ព្រហ្ម សិទ្ធត្រា រ៉ាប់រងលើកិច្ចការរដ្ឋបាលនៃអគ្គលេខាធិការដ្ឋាន និងកិច្ចការរដ្ឋបាលនៃសាលាជម្រះក្តី។
លោក គឹម សន្តិភាព ក្រៅពីជួយ លោក កើត រិទ្ធ លើការងារអយ្យការ និងព្រហ្មទណ្ឌ ព្រមទាំងការងារលិខិតថ្កោលទោស រដ្ឋលេខាធិការរូបនេះ ជួយរដ្ឋមន្ត្រីលើកិច្ចការលើកលែងទោស និងបន្ធូរបន្ថយទោស ការងារធ្វើទំនើបកម្មច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យយុត្តិធម៌ និងសេចក្តីសម្រេចតុលាការ និងចងក្រងឯកសារទាំងនេះជាប្រព័ន្ធកុំព្យូទ័រ។ បន្ថែមពីលើនេះ លោកទទួលបន្ទុកលើការងារអភិវឌ្ឍ និងការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួង។
លោករដ្ឋលេខាធិការ ឡុង នរិន្ទ គ្រប់គ្រងលើការងារអគ្គាធិការដ្ឋានកិច្ចការតុលាការ និងការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រីឯលោករដ្ឋលេខាធិការ ជីវ សុខហាក់ ជួយរដ្ឋមន្ត្រីលើការងារអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ ច្បាប់ និងវិវាទពាណិជ្ជកម្ម រួមទាំងការងារទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ។
ចំពោះភារកិច្ចរបស់អនុរដ្ឋលេខាធិការទាំង១០រូប លោក ប៉ុក ម៉ាន់នី ជួយរដ្ឋមន្ត្រីលើការងារពាក់ព័ន្ធនឹងបទល្មើសគ្រឿង និងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក សេង សុវណ្ណារ៉ា ជួយការងារនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន។
លោក កែវ សុផល ជួយការងារនាយកដ្ឋានកិច្ចការបុគ្គលិករបស់ក្រសួង និងសាលាជម្រះក្តី ខណៈលោក ជិន ម៉ាលីន ជួយរដ្ឋមន្ត្រីក្នុងវិស័យសិទ្ធិមនុស្ស កិច្ចការពារជនក្រីក្ររបស់គណៈមេធាវី គម្រោងតុលាការគំរូ និងការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ និងនាយកដ្ឋានស្រាវជ្រាវ និងផែនការ។ បន្ថែមពីលើនេះ លោកត្រូវជួយការងារលោក កើត រិទ្ធ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
វិស័យកម្មសិទ្ធិបញ្ញា ការងារនាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី ជាបន្ទុករបស់លោកស្រី ខៀវ សុផានី រីឯលោក មាស សាវឿន រ៉ាប់រងការងារនាយកដ្ឋានកិច្ចការចុះបញ្ជី និងតម្កល់។ លោក សូរ ចាន់ធី ជួយការងារនាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស នាយកដ្ឋានច្បាប់ និងស្តិតិព្រហ្មទណ្ឌ រួមទាំងនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
លោក អ៊ូ រ៉ាស៊ី ជួយលោក ឡុង នរិន្ទ លើការងារអគ្គាធិការដ្ឋានកិច្ចការតុលាការ លោក ច័ន្ទ មនោ ជួយរដ្ឋមន្ត្រីក្នុងការងារហិរញ្ញវត្ថុ និងលោក នាក់ សើគីរីន ជួយលោក ជីវ សុខហាក់ លើការងារអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌។
ជាមួយគ្នានេះ តាមរយៈសេចក្តីសម្រេចមួយចុះកាលពីថ្ងៃទី១១ ខែតុលា លោក អង្គ វង្ស វឌ្ឍានា បានបង្កើតក្រុមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានសមាសភាព៣រូប។ អ្នកនាំពាក្យទាំងបីរូបរួមមាន លោករដ្ឋលេខាធិការ គឹម សន្តិភាព លោកអនុរដ្ឋលេខាធិការ ជិន ម៉ាលីន និងលោក សន សោភ័ណ ដែលជានាយកខុទ្ទកាល័យក្រសួង៕