អន្តរជាតិ
អង់គ្លេស ត្រៀម​ផ្តល់ជំនួយ​គាំទ្រ​វៀតណាម​កសាង «​ទីក្រុង​ឆ្លាត​»
13, Oct 2018 , 9:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​អង់គ្លេស បាន​សន្យា​ផ្តល់​ជំនួយឥតសំណង​ដល់​រដ្ឋាភិបាល​វៀតណាម​ក្នុងការ​សាងសង់​ទីក្រុង​ឆ្លាត​។ ការណ៍​ដែល​អង់គ្លេស ចង់​ផ្តល់ជំនួយ​ដល់​វៀតណាម​បែបនេះ ដោយសារ​អង់គ្លេស​ផ្តល់​សារៈសំខាន់​លើ​ទំនាក់ទំនង និង​ការអភិវឌ្ឍ​ទេ្វ​ភាគី​រវាង​ប្រទេស​ទាំងពីរ​។​


 
​បេសកជន​ពាណិជ្ជកម្ម​អង់គ្លេស លោក Edward Vaizey នៅ​ថ្ងៃ​៨ តុលា​កន្លងទៅ បាន​ប្រាប់​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Vương Đình Huệ ថា អង់គ្លេស​នឹង​ផ្តល់​ជំនួយឥតសំណង ដែលជា​មូលនិធិ​របស់​ប្រទេស Commonwealth ដើម្បី​ជួយ​ជ្រៀម​ជ្រែង​ក្រសួង​សាងសង់​វៀតណាម​ក្នុង​ការកសាង​គម្រោង​សំណង់ និង ទីក្រុង​ឆ្លាត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។​
 
​លោក Vaizey បាន​ថ្លែង​ទៅកាន់​ភាគី​វៀតណាម​ថា អង់គ្លេស​ពិតជា​ចង់​ជួយ​បង្កើន​ជំនាញ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​វៀតណាម ដើម្បី​ជួយ​ដល់​ប្រទេស​វៀតណាម​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ទាំង​តម្លាភាព​រដ្ឋបាល និង​ចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​វៀតណាម​ក្នុងការ​ប្រើប្រាស​ប្រព័ន្ធ​បច្ចេកវិទ្យា​។ 
 
​ជុំវិញ​បញ្ហា​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បេសកជន​អង់គ្លេស​ដដែល​នោះ ពន្យល់ថា នឹងមិន​ប៉ះពាល់​ដល់​ទំនាក់ទំនង ក៏ដូចជា​ផលប្រយោជន៍​ពាណិជ្ជកម្ម​អង់គ្លេស និង​វៀតណាម​ឡើយ​។ លោក ថែមទាំង​អះអាងថា អង់គ្លេស ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សហភាព​អឺរ៉ុប និង​វៀតណាម​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ផងដែរ​។ 
 
​តប​នឹង​ការសន្យា​ជួយ​កសាង​វៀតណាម​ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរ​ផ្នែក​បច្ចេកវិទ្យា​ក្នុងការ​គ្រប់គ្រង​ប្រទេស ភាគី​វៀតណាម សន្យា​ជួយ​អង់គ្លេស​វិញ​ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក ។ វៀតណាម ក៏​ចង់ឃើញ​អង់គ្លេស​បង្កើន​ការវិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម ជាពិសេស​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​។ 
 
​គួរកត់សម្គាល់​នោះ រដ្ឋាភិបាល​ក្រុង​ហាណូយ ក៏បាន​អះអាងថា ក្រសួង និង​ភា្ន​ក់​ងារ​របស់​វៀតណាម ក៏បាន​ត្រៀម​ក្នុង​ការជួយ​សម្រួល​លើ​ផល​លំបាក​ដែល​អ្នកវិនិយោគ​អង់គ្លេស​កំពុងតែ​ប្រឈម​ក្នុងការ​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ​៕ 

Tag:
 ​វៀតណាម​
  អង់គ្លេស​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com