អន្តរជាតិ
អ្នកនយោបាយ​វ័យក្មេង​ថៃ ទទួល​ការគាំទ្រ​ឆាប់រហ័ស ខណៈ​គណកម្មាធិការ​បោះឆ្នោត​ព្រមាន​មិន​ឲ្យ​ធ្វើ​អ្វី​លើស​ដែន​កំណត់​
14, Oct 2018 , 9:39 am        
រូបភាព
ដោយ:
​គណបក្សនយោបាយ​ថៃ​ទើបតែ​បង្កើត​ថ្មី «​អនាគត​ឆ្ពោះទៅមុខ​» ដឹកនាំ​ដោយ​ក្រុម​អ្នកនយោបាយ​ជំនាន់​ក្រោយ​វ័យក្មេង កំពុងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ថៃ លើសពី​អ្វីដែល​បក្សនយោបាយ​នេះ បាន​រំពឹងទុក​។ តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​នោះ ខណៈ​មាន​សុំ​ក្លាយជា​សមាជិក​ជា​បន្តបន្ទាប់ បក្សនយោបាយ​នេះ​ផងដែរ ក៏​ទទួលបាន​ការព្រមាន​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ​។​


 
​អគ្គលេខាធិការរង នៃ​គណៈកម្មាធិកា​រៀបចំ​ការបោះឆ្នោត​ថៃ លោក Sawaeng Boonmee បានចេញ​សារ​ព្រមាន​ដល់​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ( The Future Forward Party) ឲ្យ​ស្វែងយល់​ពី​មជ្ឈដ្ឋាន​នយោបាយ​ថៃ​ឲ្យ​កាន់តែច្បាស់ ខណៈដែល​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ សុទ្ធសឹងតែ​ជា​អ្នកនយោបាយ​ខ្ចី​វស្សា និង​បាន​បំពាន​បំរាម​របស់​របប​សឹក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ Bangkok Post​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អគ្គលេខាធិការរង បាន​លើកឡើងថា គិត​ចាប់ពី​តាំងពី​ថៃ​ត្រូវបាន​ដឹកនាំ​ដោយ​របប​សឹក​មក មានតែ​លក្ខខណ្ឌ​នយោបាយ​មួយចំនួន​ប៉ុណ្ណោះ​ត្រូវបាន​បន្ធូរបន្ថយ​។ « ការធ្វើ​ឃោសនា​ក្នុង​គោលដៅ​កៀរគរ​មូលនិធិ និង​ចំណូល​ដើម្បី​ទ្រទ្រង់​បក្ស នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ធ្វើ​នៅឡើយ​នោះទេ ហើយ​កន្លងមក​ថ្មីៗ​នេះ មានតែ​បក្ស​អនាគត​ឆ្ពោះទៅមុខ​មួយ​ប៉ុណ្ណោះ ដែល​ហ៊ាន​បំពាន​បម្រាម​នេះ​»​។ លោក​បន្ថែម​យ៉ាង​ដូច្នេះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សេចក្តី​ព្រមាន​ពី​អង្គភាព​រៀបចំ​ការបោះឆ្នោត​ថៃ​ទៅកាន់​បក្ស​ទើប​ចេញ​ពន្លក​ថ្មី​ថៃ កើតឡើង​ស្រប​ពេលដែល បក្ស​នេះ កំពុងតែ​ទទួលបាន​ចូលរួម​ច្រើន​ពី​សំណាក់​ពលរដ្ឋ​។ គ្រាន់តែ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​៦ តុលា នៃ​ការបើក​ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​ចូល​ជា​សមាជិក បក្ស​អនាគត​ឆ្ពោះទៅមុខ​ថៃ ទទួលបាន​អ្នកគាំទ្រ​ជាង​៧០០​នាក់ ជាមួយនឹង​មូលនិធិ​សរុប​ប្រមាណ ជិត​២០​លាន​បាត​។ 
 
​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅ​ថ្ងៃ​១៥ កញ្ញា​កន្លងទៅ​សហ​ស្ថាបនិក និង​ជា​អគ្គលេខាធិការ​បក្ស លោក Thanathorn បាន​ថែ្ល​ង​សារ​បែប​នយោបាយ​ថៃ ថា ពលរដ្ឋ​ថៃ អាច​ជួល​ពួកគេ​តាមរយៈ​ការបង់ប្រាក់​ជា​សមាជិក​១០០​បាត​ប៉ុណ្ណោះ ដើម្បី​នាំ​ប្រជាធិបតេយ្យ​ថៃ​ពិតប្រាកដ​ត្រលប់​មកវិញ ក៏ប៉ុន្តែ ពលរដ្ឋ​ថៃ​ភាគច្រើន​ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយនឹង​បក្ស​នេះ បាន​ហ៊ាន​បង់​វិភាគ​ចូលបក្ស​រហូតដល់​២០០០​បាត​ឯណោះ​ក្នុង​សមាជិក​ម្នាក់​៕ 
 

Tag:
 ​ថៃ​
  នយោបាយ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com