អន្តរជាតិ
មហាសេដ្ឋី Jack Ma គ្រោង​បើក​សាលា​បណ្តុះបណ្តាល​សហគ្រិន​ភាព​នៅ​ឥណ្ឌូណេស៊ី​
14, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​អា​លី​បា​បា​របស់​មហាសេដ្ឋី​ចិន Jack Ma គ្រោង​នឹង​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល​សហគ្រិន​ភាព​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​។ ផែនការ​នេះ ធ្វើឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​ទេព​កោ​ល្យ​សហគ្រិន​របស់​ឥណ្ឌូណេស៊ី​តាមបែប​ផែន​នៃ​ការ​សេដ្ឋកិច្ច​ឌីជីថល ឬ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។​


 
​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី Airlangga Hartarto នៅ​ថ្ងៃ​១៣ តុលា បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា កំពុងតែ​ទន្ទឹងរង់ចាំ​គម្រោង​ធំ​មួយ​របស់លោក Jack Ma ក្នុង​ការបើក​វិទ្យាស្ថាន​មួយ​ដើម្បី​បណ្តុះបណ្តាល​ជំនាញ និង​ទេពកោសល្យ​សហគ្រិនភាព​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe​។​
 
​រដ្ឋមន្ត្រី​ឧស្សាហកម្ម បាន​ឲ្យ​ដឹងថា គម្រោង​នេះ ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​តាមរយៈ​ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី និង​លោក Jack Ma នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែលជា​កន្លែង​ភាគី​ទាំងពីរ បាន​ទទួលស្គាល់ថា ដើម្បី​អនុវត្ត​សេដ្ឋកិច្ច​ឌីជីថល​បាន ឥណ្ឌូណេស៊ី ត្រូវការ​កម្មករ​ជំនាញ​រហូតដល់​១១​លាន​ត្រឹម​ឆ្នាំ​២០៣០​។​
 
​ជុំវិញ​ផែនការ​នេះ លោក Jack Ma មិនបាន​បញ្ជាក់​ពី​ពេល ដែល​វិទ្យាស្ថាន​ត្រូវ​បង្កើតជា​ផ្លូវការ​នៅឡើយ​នោះទេ ក៏ប៉ុន្តែ លោក អះអាងថា លោក មាន​ផែនការ​ក្នុងការ​បណ្តុះបណ្តាល​មេដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​១០០០​នាក់ ជា​រៀងរាល់ឆ្នាំ​។ លោក បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក កំពុងតែ​ផ្តល់ឱកាស​ជាច្រើន​ដល់​ប្រជាជន​វ័យក្មេង​របស់​ឥណ្ឌូណេស៊ី​ដើម្បី​រៀនសូត្រ​ពី​សេដ្ឋកិច្ច​ឌីជីថល​។​
 
​លោក បន្ថែមថា វា ជា​រឿង​សំខាន់​ណាស់​សម្រាប់​ឥណ្ឌូណេស៊ី ក្នុងការ​វិនិយោគ​លើ​ធន​ធា​មនុស្ស ដ្បិត យុ​វគ​សម័យ​ឌីជីថល ឬ​សេដ្ឋកិច្ច​ឌីជីថល អាច​ដំណើរការ​ទៅបាន លុះត្រា ការគិត​របស់​ប្រជាជន​ផ្លាស់ប្តូរ ហើយ​ជំនាញ​របស់​ពួកគេ មាន​ភាពល្អប្រសើរ​។ ខណៈ​សន្យា​ជួយ​ឲ្យ​ធុរកិច្ច​តាម​តំបន់​ឥណ្ឌូណេស៊ី​រីកលូតលាស់ លោក ថ្លែងថា ក្រុមហ៊ុន​របស់លោក នឹង​បន្ត​វិនិយោគ​មិន​ត្រឹមតែ​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ( e-commerce) ប៉ុណ្ណោះ​នោះទេ តែ​រាប់បញ្ចូល​ទាំង​ផ្នែក​ភស្តុភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ផងដែរ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឥណ្ឌូណេស៊ី ដែលមាន​ទីផ្សារ​ធំជាងគេ​ប្រចាំ​តំបន់​ផងដែរ​នោះ គឺជា​ទិសដៅ​អាទិភាព​មួយ​របស់​ក្រុមហ៊ុន​រកស៊ី​តាម​មធ្យោបាយ​បច្ចេកវិទ្យា ឬ​អន​ឡាញ​របស់លោក Jack Ma​។ នៅពេល​ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អាស៊ី ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ក៏បាន​ជួបពិភាក្សា និង​ស្នើ​លោក Jack Ma ដោយផ្ទាល់​ដើម្បី​ក្រុមហ៊ុន​លំដាប់​ពិភពលោក​របស់លោក ចូលមក​វិនិយោគ​ឲ្យ​កាន់តែច្រើន​នៅ​ឥណ្ឌូណេស៊ី​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  Jack Ma
© រក្សាសិទ្ធិដោយ thmeythmey.com