តើ​ទូក​«​ង​»​វែង​អាច​បំបែក​ឯតទគ្គ​កម្មបាន​ឬ​មិនបាន លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី ១២ វិច្ឆិកា​
ជាតិ
តើ​ទូក​«​ង​»​វែង​អាច​បំបែក​ឯតទគ្គ​កម្មបាន​ឬ​មិនបាន លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី ១២ វិច្ឆិកា​
14, Oct 2018 , 4:46 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក ងិន បាណាល់
រូបភាពពីហ្វេសប៊ុក លោក ងិន បាណាល់
​ភ្នំពេញ​៖ តំណាង Guinness World Records នឹង​ប្រកាស​លទ្ធផល ថា​តើ​ទូក​«​វែង​» ដែល​កម្ពុជា​ផលិត អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ឬ​អត់ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​ខាងមុខ​។ ការប្រកាស​នេះ នឹង​ធ្វើឡើង​បន្ទាប់ពី​តំណាង Guinness World Records ពិនិត្យ វាយតម្លៃ​លើ​លក្ខណៈ​បច្ចេកទេស​ខ្នាត​ទូក និង​ការ​អុំ​បង្ហាញ​ជាក់ស្ដែង ដែល​កម្មវិធី​នេះ ត្រូវ​រៀបចំ​នៅ​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត​។​


 
​ទូក​«​ង​»​វែង​ដែល​កម្ពុជា​ផលិត​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក  ត្រូវបាន​ប្រសិទ្ធ​នាម​ថា​«​កម្ពោជិក​បុត្តា​ខេមរា​តរី​»​។ ឈ្មោះ​នេះ​មានន័យថា ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​។ «​កម្ពោជិក​បុត្តា​ខេមរា​តរី​» នឹងត្រូវ​ក្រុមការងារ Guinness World Records  ពិនិត្យ​វាយតម្លៃ ក៏ដូចជា​ប្រកាសថា អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ឬ​អត់ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​។ 
 
​លោក ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មកា​រ​ផលិត​ទូក​ខ្នាត​វែង បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ដោយ​ក្តី​សង្ឃឹមថា ទូក​«​ង​»​វែង អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បាន បើទោះជា​នៅពេលនេះ ទូកង​នេះ មិនទាន់​ផលិត​ចប់សព្វគ្រប់​១០០​ភាគរយ​ក៏ដោយ​។ មានសង្ឃឹម​ច្រើន ព្រោះ​ក្រុម​ការផលិត​ទូក បានធ្វើ​ការងារ​ច្រើន​ជាមួយ​តំណាង Guinness World Records ជាពិសេស របាយការណ៍​កំណត់​ខ្នាត​ច្បាស់លាស់​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក ងិន បា​ណា​ល់ ដោយ​លោក​បាន​បន្តថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​»​នឹងត្រូវ​យកទៅដាក់​តាំង​នៅ​តំបន់​ចុង​ប៉ម នៅក្រោយ​ថ្ងៃទី​១២ ខែវិច្ឆិកា​។​
 
​សូមបញ្ជាក់ថា​ទូក​«​ង​»​នេះ​ធ្វើ​ពី​ឈើ​គគី​ម្សៅ មាន​ប្រវែង​៨៥.៥​ម៉ែត្រ និង​ទទឹង​១,៥៥​ម៉ែត្រ អាច​ផ្ទុក​ចំណុះ​បាន​ដល់​១៧៩​នាក់​៕
 

Tag:
 ទូកង​
 ​ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com