អន្តរជាតិ
ប្រធានាធិបតី​ចាញ់ឆ្នោត​ម៉ា​ល់​ឌី​វ អាច​នឹងរង​ទណ្ឌកម្ម បើ​មិន​ព្រម​ផ្ទេរអំណាច​ដោយ​សន្តិវិធី​
15, Oct 2018 , 4:52 pm        
រូបភាព
​ស្ថានការណ៍​នយោបាយ​ម៉ា​ល់​ឌី​វ ត្រឡប់​ទៅរក​ស្ថានភាព​ច្របូកច្របល់​ជាថ្មី បន្ទាប់ពី​ប្រធានាធិបតី​ចាញ់ឆ្នោត​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​មុន​នោះ​។ អ្នកគាំទ្រ​ប្រធានាធិបតី​ឈ្នះឆ្នោត​បានចេញ​មុខ​បាតុកម្ម និង​ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន​មេដឹកនាំ​ចាញ់ឆ្នោត​តែ​មិន​ព្រម​ផ្ទេរអំណាច​នេះដែរ​។ចំណែក​សហគមន៍​អន្តរជាតិ​វិញ​នោះបាន​ព្រមាន​ដាក់ទណ្ឌកម្ម បើសិនជា​តុលាការ​កំពូល​អាច​នឹង​ចេញ​សេចក្តីសម្រេច​ទាត់ចោល​លទ្ធផល​បោះឆ្នោត​មែន​ដោយ​រារាំង​ការផ្ទេរអំណាច​មែន​នោះ​។​


 
​កោះ​ម៉ា​ល់​ឌី​វ​ធ្លាក់​ចូលក្នុង​វិបត្តិ​យោ​បាយ​ជាថ្មី​ម្តងទៀត​កាលពី​សប្តាហ៍​មុន នៅពេលដែល​មេដឹកនាំ​ផ្តាច់ការ និង​ជា​ប្រធានាធិបតី​ចាញ់ឆ្នោត Abdulla Yameen  បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​ដោយ​បដិសេធ​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃ ២៣ ខែកញ្ញា​។ នេះ​ជា​លេស​ថ្មី​មួយ​របស់​មេដឹកនាំ​រូបនេះ​ក្នុងការ​បដិសេធ​ផ្ទេរអំណាច​ឲ្យ​មេដឹកនាំ​ថ្មី​លោក Ibrahim Mohamed Solih ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​ម៉ា​ល់​ឌី​វ (MDP)​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​មេធាវី​តំណាង​ប្រធានាធិបតី​ចាញ់ឆ្នោត ការ​ឈានដល់​ទាមទារ​ឲ្យ​តុលាការ​កំពូល​ពិនិត្យ និង​សម្រេច​លទ្ធផល​បោះឆ្នោត​ជាថ្មី​នេះ គឺ​ដោយសារ​វា​មាន​ការតវ៉ា និង​ចោទប្រកាន់​ពី​ភាពមិនប្រក្រតី​ជុំវិញ​ទឹក​ថ្នាំ និង​សន្លឹកឆ្នោត​។ តុលាការ​នេះ​បាន​បើកសវនាការ​ស្តាប់​បណ្តឹង​របស់លោក Yameen កាលពី​ថ្ងៃអាទិត្យ​ទី ១៤ តុលា  ហើយ​ស្ថាប័ន​យុត្តាធិការ​កំពូល​នេះ​អាច​នឹង​ចេញ​សម្រេច​របស់ខ្លួន​នៅពេល​ឆាប់ៗ​ដែរ​។ 
 
​ប៉ុន្តែ​ការបោះឆ្នោត​កន្លងមក​ដែល​បេក្ខជន​បក្សប្រឆាំង​ឈ្នះឆ្នោត​នេះ មិនមាន​ការរិះគន់ ឬ​ថ្កោលទោស​ណាមួយ​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។ ផ្ទុយទៅវិញ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បានប្រកាសថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក និង​អឺរ៉ុប​សាទរ​ការបោះឆ្នោត​នេះ​ថែមទៀត​។ 
 
​លោក Yameen ខ្លួនឯងបាន​ទទួលស្គាល់​លទ្ធផល និង​ប្រកាស​ពី​ភាពបរាជ័យ​របស់ខ្លួន​រួចទៅហើយ​ចុងខែ​មុន ហើយ​មេដឹកនាំ​រូបនេះ​ក៏បាន​សាទរ​មេដឹកនាំ​ប្ស​ប្រឆាំង​លោក Mahamed Solih ដែល​ឈ្នះ​លោក​ដល់ ១៦,៨​ភាគរយ​ដែរ​។​
 
​តាមច្បាប់ លោក Yameen ត្រូវ​ផ្ទេរអំណាច​ទៅ​ឲ្យ​លោក Mahamed Salih នៅត្រឹម​ថ្ងៃ ១៧ ខែវិច្ឆិកា ប៉ុន្តែ​សម្រេចចិត្ត​របស់​តុលាការ​កំពូល​នៅពេល​ខាងមុខ​លើ​លទ្ធផល​បោះឆ្នោត​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ដែរ​។ គេ​បារម្ភ​ថា តុលាការ​អាច​នឹង​ទាត់ចោល​លទ្ធផល​បោះឆ្នោត​ដើម្បី​បំពេញចិត្ត​មេដឹកនាំ​ផ្តាច់ការ Yameen នេះ ប៉ុន្តែ​ម៉ា​ល់​ឌី​វ​នឹងត្រូវ​ប្រឈម​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​។ 
 
​សហរដ្ឋអាមេរិក​ផ្ញើ​សារ​ព្រមាន​ធ្ងន់ៗ​មុនគេ​ថា រាល់​ការបរាជ័យ​ក្នុងការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី នឹង​បង្ខំ​ឲ្យ​អាមេរិក​ចាត់វិធានការ​ចាំបាច់​តបត​វិញ​ភ្លាម​។ 
 
«​អាមេរិក​បារម្ភ​ពី​សកម្មភាព​បង្កបញ្ហា​ដោយ​រដ្ឋាភិបាល Yameen ដែល​គំរាមកំហែង​ដល់​ឆន្ទៈ​ប្រជាជន​ម៉ា​ល់​ឌី​វ ហើយ​អាមេរិក​នឹង​ពិចារណា​វិធានការ​ចាំបាច់​ប្រឆាំង​រាល់​បុគ្គល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​នី​ម៉ា​ល់​ឌី​វ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Robert Palladino​។  
 
​ដោយឡែក​សកម្មភាព​ឯកតោភាគី​ដោយ​ប្តឹង​តុលាការ​ឲ្យ​ពិនិត្យ​លទ្ធផល​បោះឆ្នោត​នេះ ធ្វើ​ឲ្យ​បក្សប្រឆាំង និង​អ្នកគាំទ្រ​របស់ខ្លួន​ខឹងសម្បារ និង​នាំគ្នា​បាតុកម្ម​តវ៉ា​ផងដែរ​។ អ្នកនាំពាក្យ​បក្ស​ប្រជាធិបតេយ្យ​ម៉ា​ល់​ឌី​វ​ដែលមាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​កូឡុំបូ​ប្រទេស​ស្រីលង្កា Hamid Abdul Ghafoor បាន​អះអាងថា លោក  Yameen កំពុង​ព្យាយាម​បង្កើត​ភាពចលាចល​ក្នុងប្រទេស ហើយ​លោក​ក៏បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​ចាញ់ឆ្នោត​ដក​ពាក្យបណ្តឹង និង​ផ្ទេរអំណាច​ដោយ​ស្ម័គ្រចិត្ត​ដែរ​។ 
 
​ចំណែក​បាតុករ​ដែលជា​សមាជិក​បក្សប្រឆាំង​ក៏បាន​នាំគ្នា​ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន​មេដឹកនាំ​ចាញ់ឆ្នោត​ផងដែរ ដោយ​សម្អាងថា អ្នកនយោបាយ​នេះ​មាន​ចេតនា​បង្កើត​បញ្ហា និង​បង្ក​ភាពចលាចល​ដើម្បី​រក្សា​អំណាច​ក្នុង​ដៃ​។
​តាមពិតទៅ ក្រោម​ការដឹកនាំ​របស់​លោក Yameen ពី​ឆ្នាំ ២០១៣ មក​នោះ រាល់​អ្នកប្រឆាំង​លោក​ទាំងអស់​ត្រូវ​ប្រឈម​ការចាប់ខ្លួន ហើយ​បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ក៏ត្រូវ​និរទេស​ខ្លួន​ទៅ​បរទេស​ដែរ​។ ហើយ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៃ​កោះ​ម៉ា​ល់​ឌី​វ​នេះ​បាន​កើតឡើង​ចាប់ពី​ខែកុម្ភៈ​កន្លងមក ដោយមាន​ការប្រកាស​ដា​ក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​ដោយ​ប្រធានាធិបតី​ចាញ់ឆ្នោត​លោក Yameen​។ រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​នេះ​នេះ​បាន​ព្យួរ​ដំណើរការ​តុលាការ​កំពូល សភា និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ផង ស្រប​ពេលដែល​មានការ​បង្ក្រាប និង ចាប់ខ្លួន​អ្នកប្រឆាំង​ផងដែរ​។​
 
​ក្នុងពេល​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​នៅ​ខែកុម្ភៈ ក្រៅពី​ចាប់ខ្លួន​ក្រុមប្រឆាំង លោក Yameen ក៏បាន​ចាប់ខ្លួន​ប្រធាន និង​ចៅក្រម​តុលាការ​កំពូល​មួយរូប​ដែរ ដោយ​ចោទប្រកាន់ថា ពួកគេ​ព្យាយាម​ទម្លាក់​លោក​ពី​តំណែង​។ ក្រោយមក លោក Yameen បានចេញ​បញ្ជា​ឲ្យ​តុលាការ​កំពូល​ដំណើរការ​ឡើងវិញ​ដោយ​នៅសល់តែ​ចៅក្រម​បី​រូប​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ភាគរយ​ច្រើនណាស់​ដែល​តុលាការ​នេះ​នឹង​អាច​ចេញ​សេចក្តីសម្រេច​ដែល​លម្អៀង​ទៅរក​លោក Yameen៕ 
 

Tag:
 ​ម៉ា​ល់​ឌី​វ​
  បោះឆ្នោត​
  Abdulla Yameen
  Ibrahim Mohamed Solih
© រក្សាសិទ្ធិដោយ thmeythmey.com