សៀមរាប៖ ដោយមើលឃើញពីការបំពុលបរិស្ថានក្នុងបឹងទន្លេសាបកាន់តែច្រើនទៅៗ អង្គការក្នុងស្រុកមួយ បានរៀបចំគម្រោងសម្អាតបរិស្ថាន ដើម្បីសង្គ្រោះបឹងទន្លេសាបពីការបំពុលដោយសារថង់ប្លាស្ទិក។ ប្លាស្ទិក ត្រូវបានគេមើលឃើញថា បានបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ ព្រោះថាមិនត្រឹមតែមិនរលាយក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ តែអ្នកជំនាញបានប្រាប់ពីផលប៉ះពាល់ខ្លាំង ប្រសិនបើវាត្រូវបានដុត ព្រោះផ្សែងរបស់វាអាចបំផ្លាញស្រទាប់បរិយាកាសដ៏គ្រោះថ្នាក់បំផុត។
គម្រោងសង្គ្រោះបឹងទន្លេសាប ត្រូវបានផ្តើមធ្វើនៅតំបន់លិចទឹកឃុំកំពង់ឃ្លាំង ដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប។ ឃុំនេះស្ថិតនៅក្នុងស្រុក សូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយផ្លូវប្រមាណជាង ៧០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រវែង១៤គីឡូម៉ែត្រ ពីផ្សារដំដែក។ ភូមិសាស្ដ្រនេះ គឺជាតំបន់លិចទឹក ហើយផ្ទះរបស់ប្រជាពលរដ្ឋរាប់រយខ្នង ត្រូវស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ដែលលាតសន្ធឹងល្វឹងល្វើយនារដូវវស្សា។ ឃុំកំពង់ឃ្លាំង មាន១០ភូមិ ដែលមានប្រជាពលរដ្ឋសរុបជាង ២ពាន់គ្រួសារ ហើយ៨៥ភាគរយ គឺជាអ្នកនេសាទ។
អង្គការមូលនិធិទំពាំងស្នងឬស្សី ដែលធ្វើការងារទាក់ទងនឹងសង្គម និងការអប់រំ បានមើលឃើញពីផលប៉ះពាល់ធំធេង ដែលបណ្ដាលមកពីសំរាមប្លាស្ទិក។ ប្លាស្ទិក មិនត្រឹមមិនរលាយទេ ថែមទាំងបំពុលទឹកដែលឈានដល់បំផ្លាញប្រព័ន្ធជីវចម្រុះក្នុងទឹកថែមទៀតផង។ អង្គការនេះ បានធ្វើការងារជាមួយសហគមន៍កំពង់ឃ្លាំង ដោយប្រមូលពលរដ្ឋនៅតំបន់នេះ ដួសសំរាមដែលអណ្ដែតលើផ្ទៃទឹក ទៅដាក់នៅទីតាំងមួយ និងយកសំរាមទាំងនោះ ទៅកែច្នៃ បង្កើតវត្ថុសិល្បៈផ្សេងៗ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សី បានឱ្យដឹងថា គម្រោងខាងលើមានឈ្មោះថា «ការសម្អាតបឹងទន្លេសាប» ដោយអង្គការលោកបានជ្រើសរើសឃុំកំពង់ឃ្លាំង ជាគោលដៅដំបូងសម្រាប់ការអនុវត្ត។ លោកថា គម្រោងនេះមានបំណងជួយសង្គ្រោះបឹងទន្លេសាប និងប្រព័ន្ធជីវចម្រុះទាំងអស់ដែលមាននៅក្នុងបឹងដ៏ធំមួយនេះ។ លោកពន្យល់ថា ហេតុផលដែលអង្គការលោកចាប់ដៃគូជាមួយសហគមន៍កំពង់ឃ្លាំង ដោយសារអង្គការនេះមើលឃើញពីការតាំងចិត្ត និងការចូលរួមខ្ពស់របស់សហគមន៍ គឺថ្នាក់ដឹកនាំមានផែនការច្បាស់លាស់ និងចង់បំបាត់សំរាមចេញពីសហគមន៍ពួកគេ។
សំរាមដែលប្រមូលបាន អង្គការខាងលើ សហការជាមួយសហគមន៍ និងអង្គការដៃគូ រៀបចំកែច្នៃជាសម្ភារប្រើប្រាស់ និងវត្ថុសិល្បៈផ្សេងៗ បំណងដើម្បីទាញប្រយោជន៍ពីរបស់ទាំងនោះ ហើយសហគមន៍ជាអ្នកទទួលបានផលទាំងអស់ពីគម្រោងមួយនេះ។ សំរាមទាំងអស់ នឹងត្រូវញែកជាផ្នែក ដើម្បីដាក់នៅទីតាំងមួយសម្រាប់យកទៅកែច្នៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ា សុផល។
សកម្មភាពសម្អាតសំរាម ដែលធ្វើឡើងនៅថ្ងៃទី១៥ តុលា មានមនុស្សប្រមាណ ១០០នាក់ ភាគច្រើនជាសិស្សានុសិស្ស ព្រះសង្ឃ និងចាស់ព្រឹទ្ធចារ្យ។ រូបភាពនេះ ធ្វើឱ្យលោក ស៊ា សុផល រីករាយ និងមានកម្លាំងចិត្តក្នុងការជួយសហគមន៍នេះកាន់តែខ្លាំងឡើង។
មេឃុំកំពង់ឃ្លាំង លោក ទូច សុផុន ដែលចូលរួមយ៉ាងសកម្មក្នុងពិធីសម្អាតបរិស្ថានបឹងទន្លេសាបនៅថ្ងៃនោះ បានឱ្យដឹងថា កន្លងមកឃុំក៏ធ្លាប់បានរៀបចំកម្មវិធីសម្អាតបានច្រើនលើកដែរ ហើយតែងមានសិស្សានុសិស្សជាច្រើនចូលរួម។ យ៉ាងណា លោកមេឃុំមើលឃើញថា កម្មភាពនេះនៅខ្វះអ្នកចូលរួមនៅឡើយ ពិសេសពលរដ្ឋផ្ទាល់ដែលមិនទាន់យល់ដឹងពីបញ្ហានេះ មិនតែប៉ុណ្ណោះ ពួកគេហាក់សើចចំអកផងដែរ ពេលឃើញសកម្មភាពរើសសំរាមម្ដងៗដែលឃុំបានរៀបចំ។ បញ្ហាចោទសម្រាប់កំពង់ឃ្លាំង គឺពលរដ្ឋក្នុងសហគមន៍នេះមិនទាន់យល់ដឹងពីផលប៉ះពាល់សំរាមតែម្ដង ធ្វើឱ្យពួកគេទុកដាក់កាកសំណល់ផ្សេងៗមិនបានត្រឹមត្រូវ។
យ៉ាងណា បើតាមការបញ្ជាក់របស់លោក ទូច សុផុន កន្លងមកលោកធ្លាប់ចុះអប់រំច្រើនដែរទាក់ទងនឹងសំរាម ហើយលោកសង្ឃឹមថា ពលរដ្ឋនឹងយល់ពីបញ្ហាទាំងនេះ ក្រោមគម្រោងសម្អាតបឹងទន្លេសាបដែលមានអង្គការចុះជួយជាបន្ដបន្ទាប់។ លោក ទូច សុផុន ជឿជាក់ថា ភ្ញៀវទេសចរនឹងទៅទស្សនាភូមិលិចទឹកកំពង់ឃ្លាំងកាន់តែច្រើន ប្រសិនបើតំបន់នេះលែងមានសំរាមតទៅទៀត៕