អន្តរជាតិ
និស្សិត​ដើមកំណើត​អាស៊ី​ប្តឹង​សាកលវិទ្យាល័យ Harvard ដោយ​ចោទថា​សាលា​រើសអើង​ខ្លួន​
17, Oct 2018 , 7:39 pm        
រូបភាព
រូបភាព៖ Getty Image
រូបភាព៖ Getty Image
ដោយ: ថ្មីៗ
​សាកលវិទ្យាល័យ​ដ៏​ល្បី​របស់​អាមេរិក ហា​វឺ​ដ (Harvard) រង​បណ្តឹង​ពី​បណ្តា​សិស្ស​ដើមកំណើត​អាស៊ី​សញ្ជាតិ​អាមេរិក ជុំវិញ​ការអនុវត្ត​នីតិវិធី​ទទួលយក​សិស្ស​ឲ្យ​ចូលរៀន (Admission Process)​។ តំណាង​សិស្ស​ដែល​ដាក់ពាក្យ​ប្តឹង​នោះ​អះអាងថា សាលា​នេះ​បាន​អនុវត្ត​នីតិវិធី​កំណត់​ចំនួន​សិស្ស​ចូលរៀន​ដែល​រើសអើង​ប្រឆាំង​សិស្ស​និស្សិត​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​។ 


 
​សវនាការ​ជុំវិញ​ពាក្យបណ្តឹង​ប្រឆាំង​សាកលវិទ្យាល័យ ហា​វឺ​ដ ចាប់​ផ្តើមឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី ១៥ តុលាការ​នៅ​តុលាការក្រុង​បូ​ស្តុ​ន​។ បណ្តឹង​នេះ​ចោទ​ត្រង់ៗ​ថា សាលា​ដ៏​ល្បី​នេះ​រើសអើង​ប្រឆាំង​សិស្ស ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ដែល​ដាក់ពាក្យ​ចូលរៀន​នៅ​ទីនោះ ដោយ​វា​បំពាន​លើ​ច្បាប់​ស្តីពី​សិទ្ធិ​ស៊ីវិល ឆ្នាំ ១៩៦៤​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បណ្តឹង​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​សមាគមន៍​សិស្ស​សម្រាប់​ភាពយុត្តិធម៌ (Students for Fair) ដែលមាន​ការគាំទ្រ​ដោយ​លោក Edward Blum ជា​សកម្មជន​ដែលមាន​និន្នាការ​អភិរក្ស និង​តែង​ជំទាស់​រាល់​គោលនយោបាយ​កំណត់​ចំនួន​ចូលរៀន​ផ្អែកលើ​ពូជ​អម្បូរ​ឬ​ដើមកំណើត (Race-Based Admission) របស់​សិស្ស​ដាក់ពាក្យ​ចូលរៀន​។ 
 
​សកម្មជន​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ជននេះ​តែងតែ​ប្រឆាំង​ច្បាប់ ឬ​គោលនយោបាយ​ដែល​យកចិត្តទុកដាក់​លើ​ប្រជាជន​ភាគតិច​និង​ធានា​មិន​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​ឡើង​។ ចំណែក​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​និន្នាការ​ស្អប់​ឬ​រើសអើង​ប្រជាជន​មិនមែន​ស្បែ​កស​នោះ ក៏​បង្ហាញ​ការគាំទ្រ​បណ្តឹង​ប្រឆាំង​សាកល​វិទ្យា ហា​វឺ​ដ ដែរ​។​
 
​ជុំវិញ​បណ្តឹង​នេះដែរ ក្រុមនិស្សិត​តំណាង​ឲ្យ​ប្រជាជន​ដើមកំណើត​អាស៊ី​បាន​អះអាងថា សិស្ស​និស្សិត​ដើមកំណើត​អាស៊ី​ដែលមាន​ពិន្ទុ​ខ្ពស់ៗ និង​មាន​ចំណាត់ថ្នាក់​ល្អ​ពេល​ប្រឡង​តាម​ស្តង់ដារ​របស់​សាលា មិនបាន​ទទួល​ឱកាស​ចូលរៀន​ក្នុង​សាលា​នេះឡើយ​។ ផ្ទុយទៅវិញ​និស្សិត​ឯទៀត​ដែលមាន​ពិន្ទុ និង​ចំណាត់​ថ្នាក់ទាប​បែរជា​អាច​ចូលរៀន​បាន​ទៅវិញ​។​
 
​យ៉ាងណាក៏ដោយ ខាង​សាលា​បាន​ចេញមុខ​ឆ្លើយតប និង​បកស្រាយ​ផងដែរ​ព្រោះ​នីតិវិធី​កំណត់​ចំនួន សិស្ស​ផ្នែក​លើ​ដើមកំណើត​ដែល​តឹងរ៉ឹង​បំផុត​នេះ​ត្រូវបាន​អនុវត្ត​យូរយារ​មកហើយ​។  សាលា​នេះ​បាន​ទទួលស្គាល់ថា ការសម្រេចចិត្ត​ឲ្យ​សិស្ស​ចូលរៀន​គឺ មិន​ត្រឹមតែ​ផ្តោតលើ​លទ្ធផល​ល្អ​នៃ​ការសិក្សា​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តោតលើ​ចម្រុះ​ភាព​នៃ​សិស្ស​ទាំង​នោះដែរ ក្នុងនោះ​មាន​ដើមកំណើត​របស់​ពួកគេ​ផង ដើម្បី​ធានាថា បរិស្ថាន​នៃ​ការរៀនសូត្រ​របស់​សិស្ស​និស្សិត​កាន់តែ​ល្អប្រសើរ​។​
 
​តាមពិតទៅ នីតិវិធី​ជ្រើសរើស​សិស្ស​និស្សិត​របស់​ស្ថាប័ន​អប់រំ​ដ៏​ល្បី​នេះ​គឺជា​ផ្នែក​មួយ​នៃ​«​សកម្មភាព​យកចិត្តទុកដាក់​លើ​ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយសារ​ការរើសអើង​»(Affirmative Action)​។ វា​បានផ្តល់​ប្រយោជន៍​យូរអង្វែង​មកហើយ​ដល់​ក្រុម​ជនជាតិភាគតិច មាន​ទាំង​ជនជាតិ​អាមេរិក​ដើម​កំ​ណើ​អាហ្វ្រិក ឬ​អាស៊ី ឬ​ដើមកំណើត​អាមេរិក​ឡាទីន​ជាដើម ដែល​ភាគច្រើន​រង​ការរើសអើង​ក្នុងសង្គម​អាមេរិក​ដែរ​។​
 
​ពីរ​ឆ្នាំមុន​សាកលវិទ្យាល័យ ហា​វឺ​ដ ចាប់ផ្តើម​ទទួលយក​សិស្ស​ដែល​មិនមែន​ស្បែ​កស​ឲ្យ​ចូលរៀន​ក្នុង​ភាគរយ​ច្រើន​បំផុត​ជា​លើកដំបូង​។ ដូច​ឃើញស្រាប់ សិស្ស​អាមេរិក​ដែល​ចូលរៀន​ដែលមាន​ដើមកំណើត​អាស៊ី​នោះ​មាន​រហូតដល់ ២៣​ភាគរយ​ឯណោះ​ក្នុង​ឆ្នាំ​សិក្សា ២០២២ ខណៈដែល​សិស្ស​ដើមកំណើត​អាហ្វ្រិក​មាន​ត្រឹម ១៥​ភាគរយ ហើយ​អាមេរិក​ឡាទីន​មាន​ត្រឹម ១២​ភាគរយ​ប៉ុណ្ណោះ​។ 
 
​ទាក់ទិន​នឹង​បណ្តឹង​នេះដែរ ក្រុម​អ្នកជំនាញ​បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ពាក្យបណ្តឹង ហើយក៏​បាន​ព្យាយាម​ការពារ​ការអនុវត្ត​នីតិវិធី​ទទួល​សិស្ស​ឲ្យ​ចូលរៀន​ផ្អែកលើ​ដើមកំណើត​នេះដែរ​។ ពួកគេ​ជឿជាក់ថា វា​ជា​វិធីសាស្ត្រ​សំខាន់​សម្រាប់​ការធានា​ឲ្យ​បាន​នូវ​បរិយាកាស​សិក្សា​ល្អប្រសើរ និង​ចម្រុះ​ភាព​ក្នុង​ស្ថាប័ន​អប់រំ​កម្រិត​ខ្ពស់​។ 
 
​សាស្ត្រាចារ្យ​ផ្នែក​អប់រំ​នៅ​សាកល​វិទ្យា Maryland លោកស្រី Julie Park បាន​ពន្យល់​ដូច្នេះ​ថា​៖« កំណត់​ទទួលយក​សិស្ស​ផ្អែកលើ​ដើម​នេះ​នៅតែ​ចាំបាច់​សម្រាប់​ការជ្រើសរើស និង​ធានា​ឲ្យ​បាន​នូវ​ភាព​ចម្រុះ​នៃ​ពូជសាសន៍​នានា​ក្នុង​ស្ថាប័ន​អប់រំ​។ ខ្ញុំ​គិតថា បើសិនជា​សំណុំ​រឿងនេះ​ឬ​រឿង​ក្រោយ​ទៀត​ដែល​អាច​នាំ​ឲ្យ​មានការ​ហាមឃាត់​ការអនុវត្ត​ការជ្រើសរើស​ផ្អែកលើ​ដើមកំណើត​នេះ គ្រប់គ្នា​នឹង​បរាជ័យ​រួមទាំង​ប្រជាជន​អាមេរិក​កំណើត​អាស៊ី​ផង​»៕
 

Tag:
 Harvard
  អាមេរិក​
 ​អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com