អន្តរជាតិ
អូស្ត្រាលី​, អាមេរិក ពង្រាយ​ទ័ព​, យន្តហោះ នាវាចម្បាំង​ទៅ​រក្សា​សន្តិសុខ​កិច្ចប្រជុំ APEC នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ
17, Oct 2018 , 9:19 pm        
រូបភាព
​កោះ​ប៉ាស៊ីហ្វិក «​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​» នឹង​អនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​យន្តហោះ​ចម្បាំង និង​កងកម្លាំង​ពិសេស​ពី​អូស្ត្រាលី និង​អាមេរិក​នៅក្នុង​ទឹកដី​របស់ខ្លួន​ដើម្បី​ធានា​សុវត្ថិភាព​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នា​ខែក្រោយ​។ សន្តិសុខ​ជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​ប្រទេស​នេះ ដោយសារ​រដ្ឋ​ក្រីក្រ​នេះ​បន្ត​រង​ការគំរាមកំហែង​ពី​បញ្ហា​ឧក្រិដ្ឋកម្ម ហិង្សា​ប្រដាប់អាវុធ និង​ការគំរាមកំហែង​ភេរវកម្ម​ជាដើម​។


  
​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ កំពុង​ប្រឈម​បញ្ហា​ច្រើន​ទាំង​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ​ធ្វើដំណើរ ទីកន្លែង​ស្នាក់នៅ​សម្រាប់​ប្រតិភូ និង​លទ្ធភាព​រក្សា​សន្តិសុខ​ផង​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋាភិបាល​កោះ​ប៉ា​ស៊ី​ហ្វិ​នេះ​អនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​យន្តហោះ​ចម្បាំង រួមទាំង​កងកម្លាំង​ពិសេស​របស់​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី Port Moresby ដើម្បី​ធានា​សុវត្ថិភាព​និង​សន្តិសុខ​នៃ​កិច្ចប្រជុំ​ចាប់ពី​ថ្ងៃ ១៧ ខែវិច្ឆិកាខាងមុខ​។ 
 
​សន្តិសុខ​ជា​រឿង​សំខាន់បំផុត​សម្រាប់​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ដោយសារ​កិច្ចប្រជុំ​នេះ​នឹងមាន​មេដឹកនាំ​និង​ប្រតិភូ​តំណាង​ភាគី​សមាជិក​ទាំង ២១ នៃ​កិច្ចសហប្រតិបត្តិការ APEC មក​ចូលរួម​ក្នុងនោះ​មាន​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន ផងដែរ​។ អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ទំនងជា​មិន​ស្នាក់នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​ឡើយ ដោយ​លោក​ទៅ​សម្រាក​នៅ​អូស្ត្រាលី​វិញ​។ 
 
​ការបង្កើន​ការការពារ​សន្តិសុខ​ប្រឈម​ភាពលំបាក និង​ស្មុគស្មាញ​ខ្លាំង​ដោយ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ មិនមាន​សណ្ឋាគារ​គ្រប់គ្រាន់​សម្រាប់​ប្រតិភូ​បរទេស​ប្រហែល ១៥០០០​នាក់​ដែល​មក​ចូលរួម​ប្រជុំ​ឡើយ​។ ដូច្នេះ​ពួកគេ​នឹងត្រូវ​ស្នាក់​នៅលើ​នាវា​ធំៗ​ចំនួន​បី​គ្រឿង​នៅក្បែរ​កំពង់ផែ​នៃ​ទីតាំង​រៀបចំ​កិច្ចប្រជុំ​ផង​។ 
 
 ជារួម​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​នៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ នៅមានកម្រិត​ទាប​នៅឡើយ ប៉ុន្តែ​កោះ​នេះ​ប្រឈម​នឹង​អសន្តិសុខ គ្មាន​សណ្តាប់ធ្នាប់ និង​សម្បូរ​ដោយ​អំពើហិង្សា និង​ឧក្រិដ្ឋកម្ម​។ ដូច​ឃើញស្រាប់ តាម​របាយការណ៍​ទីក្រុង​ដែល​រស់​នៅបាន​ក្នុង​ពិភពលោក​ចងក្រង​ដោយ Economist Intelligence Unit ក្នុង​ឆ្នាំ ២០១៨ នេះ រដ្ឋធានី Port Moresby ស្ថិតនៅ​លេខ​រៀង​ទី​១៣០ ក្នុងចំណោម​ប្រទេស ១៤០​។  
 
​រដ្ឋមន្ត្រី​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ​លោក Justin Tkatchenko បាន​ទទួលស្គាល់ថា​ការរៀបចំ​កិច្ចប្រជុំ​ជា​រឿង​លំបាក​បំផុត​មួយ​ព្រោះ​ខ្លួន​មិន​ធ្លាប់​រៀបចំ និង​ទទួល​មេដឹកនាំ​បរទេស​ច្រើន​បែបនេះ​ទេ ប៉ុន្តែ លោក​ជឿជាក់ថា វា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។ 
 
​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ក្នុងពេល​ប្រជុំ រដ្ឋមន្ត្រី​រូបនេះ​បាន​បង្ហើប​ថា រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ការគាំទ្រ​សន្តិសុខ​តាមរយៈ​ការពង្រាយ​កងកម្លាំង​យោធា និង​កងកម្លាំង​ពិសេស ១៥០០​នាក់​មកកាន់​រដ្ឋធានី Port Moresby និង​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅ​ការពារ​នាវា​ដែល​ប្រតិភូ​ស្នាក់នៅ​។ ក្រៅពីនេះ អូស្ត្រាលី​ក៏​ត្រៀម​ពង្រាយ​យន្តហោះ​ចម្បាំង F-18 ជាច្រើន​គ្រឿង រួមជាមួយ​យន្តហោះ​ឈ្លបយកការណ៍​ផង​ទៅ​ល្បាត​ពីលើ​ទីតាំង​នៃ​កិច្ចប្រជុំ​ផងដែរ​។ 
 
​ដោយឡែក​ខាង រដ្ឋាភិបាល​អាមេរិក​វិញ នឹង​ពង្រាយ​ក្រុម​កង​ឆ្មាំ​សមុទ្រ (US Coast Guard) ទៅ​ធានា​សន្តិសុខ​នៅ​រដ្ឋធានី​នេះ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ដូចគ្នា​។ ប៉ុន្តែ​គេ​មិនដឹងថា ចំនួន​កងទ័ព​ដែល​អាមេរិក​បញ្ជូន​ទៅនោះ​មាន​ប៉ុន្មាន​នាក់​ឡើយ​។​
 
​ក្រៅពី​អនុញ្ញាត​ឲ្យ​កងទ័ព និង​យន្តហោះ​ចម្បាំង​បរទេស​អន្តរាគមន៍​រក្សា​សន្តិសុខ​សុខ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ក៏បាន​អនុម័ត​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​កង​ម្លាំ​ង​សន្តិសុខ​បរទេស​ទាំងនោះ​ប្រើប្រាស់​អាវុធ បើសិន​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​សន្តិសុខ​ដែល​កើតឡើង​ក្នុងពេល​ប្រជុំ​។ 
 
​យ៉ាងណាក៏ដោយ ការរៀបចំ​កិច្ចប្រជុំ​តំបន់​ទ្រង់ទ្រាយ​ធំ​នេះ​មិនមែនជា​រឿង​ដែល​ប្រជាជន​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​គ្រប់គ្នា​ពេញចិត្ត​ឡើយ​។ កាលពី​ថ្មីៗ​នេះ គេ​ឃើញ​មានប្រតិកម្ម​ខ្លាំង​ចំពោះ​ការបញ្ជាទិញ​រថយន្ត​ទំនើប​ពី​អ៊ីតាលី​ចំនួន ៤០​គ្រឿង​ដែល​មួយគ្រឿង​មានតម្លៃ​ប្រហែល ១៥​ម៉ឺន​ដុល្លារ​ដើម្បី​ដឹក​ប្រតិភូ​បរទេស​នោះ ខណៈដែល​ប្រទេសជាតិ​ហ៊ុមព័ទ្ធ​ដោយ​ភាពក្រីក្រ និង​អ​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សុខាភិបាល​សាធារណៈ​ផង​។​
 
​ប្រជាជន​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​យ៉ាងហោចណាស់​មួយ​ភាគបី​ក្នុងចំណោម​ប្រជាជន​៨,៥​លាន​នាក់​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ហើយ​បញ្ហា​អសន្តិសុខ រំលោភ ហិង្សា​នយោបាយ ជម្លោះពូជសាសន៍​ក្នុងចំណោម​ប្រជាជន បន្ត​កើតមានឡើង​។ ឧទាហរណ៍ ក្រុមជើងកាង​នៅតាម​ផ្លូវ​មាន​ឈ្មោះថា Raskols នោះ​បន្ត​ប្លន់​ឡាន​ជា​ញឹកញាប់​ទៀត​។ 
 

Tag:
 ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
  អាមេរិក​
 APEC
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com