ជាតិ
រដ្ឋាភិបាល ចំណាយ​ថវិកា​ជាង​១៦០​លាន​ដុល្លារ សម្រាប់​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ រយៈពេល​៥​ឆ្នាំ
20, Oct 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ជាង​១៦០​លាន​ដុល្លារ សម្រាប់​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ ក្នុង​រយៈពេល​៥​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​សមិទ្ធ​ផល​របស់​ក្រសួងមហាផ្ទៃ​។​

 
​តាមរយៈ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ រដ្ឋាភិបាល បាន​ចំណាយ​ថវិកា ៦៩០,៥៤០,០០០, ០០០ រៀល (​ជាង​១៦៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ ៨,៦៨៥​គម្រោង ។ ថវិកា​ទាំងនេះ ផ្ដោតលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច គម្រោង​សេវា​សង្គម និង​ការផ្ដល់ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឃុំ​-​សង្កាត់​របស់ខ្លួន ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​
 
​របាយការណ៍ បាន​បន្ថែមថា គម្រោង​មូលនិធិ​ក្រុង​-​ស្រុក មាន​ចំនួន​១,០៧១​គម្រោង ដែល​ចំណាយ​ថវិកា ១១៤,០៣៤,០០០,០០០​រៀល (​ជាង​២,៧​លាន​ដុល្លារ​) សម្រាប់​ការអនុវត្ត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​មធ្យម គម្រោង​សេវា​សង្គម និង​ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ក្រុង​-​ស្រុក​របស់ខ្លួន​។​
 
​បន្ថែម​ពីនេះ​ក្រសួងមហាផ្ទៃ បានសម្រេច​ផ្ដល់​អនុលោមភាព​លើ​គម្រោង​អភិវឌ្ឍ​រាជធានី ខេត្ត បាន​ចំនួន​១,២០៤​គម្រោង ដែលមាន​ទឹកប្រាក់​សរុប ១,៨២៣,៧៨៤,៧៨៨,០០០ រៀល (​ជាង​៤៤៦​លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​សង្គម ដែល​សំដៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​
 
​ក្រៅពីនេះ​រដ្ឋាភិបាល ក៏​ទទួលបាន​ចំណូល​ជាង​១១​លាន​ដុល្លារ ពី​ការផ្ដល់សេវា​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ​។ ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​រដ្ឋបាល​ទូទាំងប្រទេស មាន​៤៦​គោលដៅ បានផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​សរុប ១,៨៦៥,១៩៩ សេវា និង​ទទួលបាន​ចំណូល​សរុប​៤៥,៤២១,៨០០,០០០​រៀល ស្មើនឹង​១១,៣៥៥,៤៥០ ដុល្លារ​អាមេរិក​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​។​
 
​កន្លងមក​រដ្ឋាភិបាល បាន​ផ្ទេរ​មុខងារ និង​ធនធាន​ពី​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សម្រាប់​ការទទួលខុសត្រូវ​យ៉ាងសំខាន់ ក្នុង​ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព និង​គ​ណេ​យ្យ​ភាព​។​
 
​គិត​ត្រឹម​ឆ្នាំ​២០១៧ ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​មាន​ក្រសួង​ចំ​នួ​១៤ ដែល​បានធ្វើ​ការពិនិត្យ​មុខងារ​របស់ខ្លួន និង​បាន​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងមហាផ្ទៃ​៕ 
​ 

Tag:
 ​រដ្ឋាភិបាល​
  មូលនិធិ​
  ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com