ជាតិ
សមាគម​មូលនិធិ​សប្បុរសធម៌​ដ៏​ធំ​មួយ​របស់​ចិន​បើកសម្ពោធ​ការិយាល័យ​នៅ​ខេត្តសៀមរាប​
20, Oct 2018 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សមាគម​មូលនិធិ​សប្បុរសធម៌​ដ៏​ធំ​មួយ​របស់​ចិន បាន​ផ្តើមធ្វើ​សកម្មភាព​មនុស្សធម៌​នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​។ សមាគម​នេះ​មានកម្ម​វិធី​សប្បុរសធម៌​ជាច្រើន​រួមមាន ការជួយ​ជនក្រីក្រ​តាមរយៈ​ការឧបត្ថម្ភ​នូវ​សម្ភារ​ផ្សេងៗ ដ៏​ដូចជា​សាងសង់​សាលារៀន​នៅតាម​ភូមិ ស្រុក​ដែលមាន​សេដ្ឋកិច្ច​ទាន់​ខ្សោយ​។​

 
​ប្រធាន​សមាគមន​មូលនិធិ​សប្បុរសធម៌ វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន លោក ហ៊ូ បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ និង​សម្ពោធ​ការិយាល័យ​សមាគម​នៅ​ខេត្តសៀមរាប​ថា ប្រទេស​កម្ពុជា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​លោក ពិសេស​គឺ​ខេត្តសៀមរាប​ដែលមាន​សំណង់​ស្ថាបត្យកម្ម​ដ៏​ស្រស់ស្អាត​។ ក្នុង​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី​៣​របស់លោក ហ៊ូ លោក​កត់សម្គាល់​ឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ផងដែរ​។​


 
​យ៉ាងណាក៏ដោយ លោក ហ៊ូ សង្កេតឃើញថា ទន្ទឹមនឹង​ការរីកចម្រើន​ទាំងនោះ ក្នុងនោះ​លោក​ក៏បាន​មើលឃើញ​អ្នកក្រីក្រ​មួយចំនួន​ផងដែរ រួមមាន​ជនក្រីក្រ​នៅតាម​តំបន់​ដាច់ស្រយាល​មួយចំនួន​។ លោក​បន្ថែមថា ក្នុងនាម​លោក​ជា​ប្រធាន​មូលនិធិ វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន បានរៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ​នៅ​ប្រទេស​កម្ពុជា បំណង​ប្រមូល​សប្បុរសជន​នានា​មកពី​ប្រទេស​ចិន ដើម្បី​ជួយ​អ្នក​ខ្វះខាត​ទាំងនោះ ដូចជា​ការឧបត្ថម្ភ​សម្ភារ និង​សង់​សាលារៀន​ជាដើម​។ លោក​សង្ឃឹមថា តាមរយៈ​មូលនិធិ​មួយ​នេះ នឹង​អាច​កៀងគរ​សប្បុរសជន​ផ្សេងៗ ជំរុញ​ឱ្យ​ពួកគេ​ធ្វើយ៉ាងណា​ចូលរួម​ការអភិវឌ្ឍន៍​គ្រប់​ទីកន្លែង ពិសេស​នៅ​កម្ពុជា​។ 


 
​អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សមាគម​មូលនិធិ វី ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ១៨ តុលា នៅ​សណ្ឋាគារ​សុខា​សៀមរាប ដែលមាន​អ្នកចូលរួម​ប្រមាណ ៦០០​នាក់ បាន​កោតសរសើរ​ចំពោះ​សកម្មភាព​មូលនិធិ​សប្បុរស​ដ៏​ធំ​មួយ​នេះ​។ លោក​បន្ថែមថា កម្ពុជា​ធ្លាប់មាន​សេដ្ឋកិច្ច​រីកចម្រើន​មុន​ឆ្នាំ ១៩៧០ តែដោយសារ​សង្គ្រាម ធ្វើឱ្យ​ប្រទេសមួយ​នេះ​បាត់បង់​អ្វី​ទាំងអស់ តែ​បច្ចុប្បន្ន​បាននិងកំពុង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ តាមរយៈ​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​សប្បុរសធម៌​នានា​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com