អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង​នឹង​ជួយ​កម្ពុជា​តាម​តម្រូវការ​
19, Oct 2018 , 5:30 pm        
រូបភាព
​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា លោក អូ ណាក់​យ៉ុង នៅ​ថ្ងៃទី​១៨ ខែតុលា បានប្រកាសថា កូរ៉េខាងត្បូង​នឹង​ជួយ​កម្ពុជា​តាម​តម្រូវការ​។ ការប្រកាស​នេះ​ធ្វើឡើង​តាម​នា​កម្មវិធី​បុណ្យជាតិ​របស់​កូរ៉េ​នៅ​ថ្ងៃទី​១៨ ខែតុលា​។ លោក អូ សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង នឹង​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

 
​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែតុលា បានរៀបចំ​ពិធី​អបអរសាទរ​នូវ​ខួប​រំលឹក​អនុស្សាវរីយ៍​នៃ​ការបង្កើត​ប្រទេស​ដំបូង​របស់​កូរ៉េ​។ រដ្ឋមន្ត្រី​អប់រំ យុ​ជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ជា​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កម្មវិធី​នេះ​។ 
 
​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង លោក អូ ណាក់​យ៉ុង បានលើកឡើង​ពី​ស្ថាន​ការ​នៅ​ឧបទ្វីប​កូរ៉េ​ដែលមាន​វឌ្ឍនភាព​ដ៏​ល្អ និង​កំពុង​ស្ថិតនៅលើ​ជំហាន​នៃ​មាគ៌ា​ឆ្ពោះទៅកាន់​សន្តិភាព និង​វិបុលភាព​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ជួបចរចា​គ្នា​សំដៅ​បង្កើត​សន្តិភាព​រវាង​បងប្អូន​ទាំងពីរ​។​
 
​ងាក​ទៅ​ទំនាក់ទំនង​ទ្វេភាគី​វិញ តំណាង​កូរ៉េខាងត្បូង​រូបនេះ​និយាយថា សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថែរក្សា​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ ចាប់តាំងពី​ការបង្កើតឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ​១៩៩៧ ដោយបាន​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​គុណ​តម្លៃ និង​ផលប្រយោជន៍​រួម​។ លោក​បន្តថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កំពុង​រីកចម្រើន​ប្រកបដោយ​ស្ថេរភាព ផ្អែកលើ​អំ​ណាយ​ផល​ពី​ធម្មជាតិ​នៃ​សេដ្ឋកិច្ច និង​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​។​


 
«​ជាក់ស្តែង ស្ថានភាព​ទំនាក់ទំនង​ទ្វេភាគី នាពេល​បច្ចុប្បន្ន​និង​អនាគត​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​តាមរយៈ​ការធ្វើ​ជំនួញ ការវិនិយោគ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA) ទេសចរណ៍ វិស័យ ពលកម្ម វប្បធម៌ ទំនាក់ទំនង និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។​» នេះ​ជាការ​លើកឡើង​របស់លោក អូ មុននឹង​បង្ហាញ​ក្ដីសង្ឃឹម​របស់ខ្លួន​ថា ទំនាក់ទំនង​ទ្វេភាគី​នេះ​នឹង​កាន់តែ​ត្រូវបាន​ពង្រឹង​ថែមទៀត​។​
 
​ត្រង់ចំណុច​នេះ អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​រូបនេះ អះអាងថា កូរ៉េខាងត្បូង នឹងមិន​ត្រឹមតែ​អនុវត្ត​កិច្ចការងារ ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វីដែល​កូរ៉េខាងត្បូង​អាចធ្វើ​បានល្អ​ជាង​ប្រទេស​ផ្សេងទៀត​នោះទេ ក៏ប៉ុន្តែ​កូរ៉េខាងត្បូង​នឹងធ្វើ​សកម្មភាព​ដោយ​ផ្តោត​សំខាន់​ទៅលើ​អ្វី​ដែលជា​តម្រូវការ​រប​ស់​កម្ពុជា​ផងដែរ​៕



Tag:
 កូរ៉េខាងត្បូង​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com