ជាតិ
សង្គមជាតិ
លោក សុខ ទូច​៖ ព្រះសង្ឃ​ប្រព្រឹត្ត​អំពើ​ខុស​វិន័យ ព្រោះ​មិន​រៀនសូត្រ​ត្រឹមត្រូវ
19, Oct 2018 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​សាលា​សិក្ខា​ស្តីពី «​ការពង្រឹង​វិស័យ​សង្ឃ​» លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកល​វិទ្យាល័យ​ខេមរៈ បាន​លើកឡើងថា ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ​ព្រះពុទ្ធសាសនា ភាគច្រើន​ជា​អ្នកបួស​ដែល​មិនមាន​ការរៀនសូត្រ​ពី​វិន័យ​ព្រះពុទ្ធសាសនា​ត្រឹមត្រូវ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សុខ ទូច​៖ 



 
​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន លោក សុខ ទូច បាន​បញ្ជាក់ថា ស្ថានភាព​ក្នុង​វត្ត​អារាម មិនទាន់មាន​ស្ថានភាព​ល្អប្រសើរ​ឡើយ​។ លោក បន្តថា ការប្រព្រឹត្ត​ខុស​របស់​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា ដោយសារតែ​មិន​យល់​ពី​ព្រះ​វិន័យ​។ 
 
​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់​បែបនេះ​ថា​៖«​ការពិត នៅក្នុង​វត្ត គេ​មានច្បាប់​ត្រឹមត្រូវ ហើយ​ដើរ​តាម​ធម៌​ព្រះពុទ្ធ​។ ខ្ញុំ​ជឿជាក់ថា ខ្លាំង​ជាង​រដ្ឋធម្មនុញ្ញ​ទៅទៀត​។ យើង​ឃើញថា​វត្ត​នៅ​កម្ពុ​ជាមាន​ច្រើន ហើយ​អ្នកបួស​ក៏​ច្រើន ប៉ុន្តែ​គ្រាន់តែ​អ្នកបួស​ខ្លះ​មាន​ភាព​វ័យក្មេង ដែល​ព្រះអង្គ​មិនទាន់​ចេះ​លាងដៃ​ផង ទៅ​បួស ហើយ​ទន្ទេញធម៌​ផង ទោះបី​ព្រះអង្គ​ចេះ​ក៏​ព្រះអង្គ​ពិបាក​យល់​ដែរ​»​។ 
 
​លោក សុខ ទូច បន្ថែមថា​៖«​ខ្ញុំ​បាន​ចុះ​ស្រាវជ្រាវ​លើ​វត្ត​មួយ ហើយ​ឃើញ​មានកូន​នេន​ជាង​២០០​អង្គ កំពុងតែ​លេង​ហ្គេម ហើយ​ដល់​ម៉ោង​បិណ្ឌបាត ក៏​នាំគ្នា​ទៅ​បិណ្ឌបាត​។ ដូច្នេះ​ក្នុងនាម​ជា​ពុទ្ធបរិស័ទ​ក៏ត្រូវ​មាន​តួនាទី​ធ្វើការ​កែតម្រូវ នូវ​អំពើ​ខុសឆ្គង​របស់​ព្រះសង្ឃ​ដែរ​»​។ 


 
​លោក អះអាង​ទៀត ដើម្បី​ឲ្យ​ចំណុះជើងវត្ត និង​ពុទ្ធបរិស័ទ យល់​ពី​ព្រះពុទ្ធសាសនា វត្ត​អារាម គួរតែ​ត្រូវ​រៀបចំ​ឲ្យ​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ត្រូវមាន​បង្រៀន​អំពី​ព្រះពុទ្ធសាសនា  ដើម្បី​ឲ្យ​គេ​យល់ដឹង​ពី​ព្រះពុទ្ធសាសនា​។ លោក លើកឡើងថា លោក មិនអាច​ចាត់វិធានការ​លើ​រឿង​ដែល​ព្រះសង្ឃ​បាន​ប្រព្រឹត្ត​ខុស​នោះទេ មានតែ​ទុក​តួនាទី​នេះ​ទៅខាង​ក្រសួង​ធម្មការ និង​សាសនា​ជា​អ្នកចាត់ចែង​ទៅ​ចុះ​។  
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​វត្ត​អារាម​ចំនួន​ជិត​៥​ពាន់ និង​មាន​ព្រះសង្ឃ​ជាង​៦,៦​ម៉ឺន​អង្គ​៕

Tag:
 សុខ ទូច​
  ​ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com