ជាតិ
តំណាង​UN ៖ កម្ពុជា មាន​ភាព​រីកចម្រើន លើ​វិស័យ​សិទ្ធិមនុស្ស​
23, Oct 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី មី​សែ​ល បា​សែ​ឡែ​ត (Michelle Bachelet) តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ក្នុងជំនួប​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី​២២ ខែតុលា​។​

 
​លោកស្រី មី​សែ​ល បា​សែ​ឡែ​ត បាន​និយាយថា ការរីកចម្រើន​របស់​កម្ពុជា លើ​វិស័យ​សិទ្ធមនុស្ស ពិសេស​សិទ្ធ​ស្ត្រី កុមារ កម្មករ កម្មការិនី អប់រំ និង​ការមិន​រើសអើង​។ តាមរយៈ​ចំណុច​ល្អៗ ដែល​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​មើលឃើញ​នេះ លោកស្រី នឹង​បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ស្ដីពី​កម្ពុជា​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា អ្វីដែល​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អាចជួយ​បាន​គឺ «​ការបន្ត​សហការ និង​ផ្ដល់នូវ​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា​»​។​
 
​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​លោកស្រី មី​សែ​ល ដូច្នេះ​ថា ៖«​បើទោះជា​ប្រទេស​ទាំងអស់​មានការ​រីក​ចម្រើន​យ៉ាងណា ក៏​នៅមាន​បញ្ហា​ប្រឈម​នឹង​ចំណុច​ផ្សេងៗ​ដែរ​»​។ 
 
​បើទោះជា​មាន​គោលជំហរ​ខុសគ្នា ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ជាមួយ​អង្គការសហប្រជាជាតិ ទៅលើ​បញ្ហា​សិទ្ធិមនុស្ស នៅតែ​បន្ត​ទៅមុខទៀត ។ នេះ​ជាការ​ឆ្លើយតប​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​រំឭក​ពី​ការបន្ត​អាណត្តិ​២​ឆ្នាំ​ទៀត សម្រាប់​ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ 
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន បានស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ លើ​បញ្ហា​សិទ្ធិមនុស្ស​រវាង​អង្គការសហប្រជាជាតិ និង​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា ឲ្យ​មាន​ការយល់​គ្នា​ច្បាស់ មុននឹង​វាយតម្លៃ ពោលគឺ​កុំ​ឲ្យ​មានការ​វាយតម្លៃ ទាំង​មិនបាន​សហការគ្នា និង​និយាយ​គ្នា​ជាមុន​នោះ​៕

Tag:
 ​សិទ្ធិមនុស្ស​.UN
© រក្សាសិទ្ធិដោយ thmeythmey.com