ជាតិ
សង្គមជាតិ
ប្រធាន​តុលាការ​ក្នុង​ខេត្ត​៦ និង ចៅក្រម​៣៦​រូប ត្រូវ​ប្តូរ​តំណែង​គ្នា​ទៅវិញទៅមក​
26, Oct 2018 , 8:59 pm        
រូបភាព
​ប្រធាន​តុលាការ​នៅតាម​បណ្តា​ខេត្ត​ចំនួន​៦ និង​អនុប្រធាន​តុលាការ​ក្នុង​ខេត្ត​១​ផ្សេងទៀត នឹងត្រូវ​ផ្លាស់ប្តូរ​តំណែង​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។


 
​យ៉ាងណាក៏ដោយ សេចក្តីប្រកាស​ព័ត៌មាន ពុំបាន​បញ្ជាក់ថា ប្រធាន​និង​អនុប្រធាន​តុលាការ​ទាំងនោះ នឹងត្រូវ​ផ្លាស់ប្តូរ​ពី​ខេត្ត​ណា ទៅ​ខេត្ត​ណា​នោះទេ​។ ចំណែក លោក សំ ប្រជាមានិត អ្នកនាំពាក្យ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក៏​មិនអាច​ប្រាប់​បានដែរ ដោយ​លោក អះអាងថា កំពុង​ជាប់រវល់​នឹង​ភារកិច្ច​។ 
 
​ក្រៅពី​ប្រធាន​និង​អនុប្រធាន​តុលាការ  នៅមាន​ចៅក្រម​៣៦​រូប​ទៀត នៅតាម​តុលាការ ក្នុង​រាជធានី​-​ខេត្ត​ទាំង​២៥ ក៏​ត្រូវបាន​ផ្លាស់ប្តូរ​កន្លែង​ការងារ​ផងដែរ​។ 
 
​ការសម្រេច​ការផ្លាស់ប្តូ​រ​មន្ត្រី​តុលាការ​ខាងលើ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣០ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ប្រព្រឹត្ត​ទៅក្នុង​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​ព្រះរាជអធិបតី​របស់​ព្រះមហាក្សត្រ​៕

Tag:
 តុលាការ​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com