កណ្ដាល៖ ចិញ្ចើមផ្លូវជាតិមួយចំនួននៅក្នុងទឹកដីខេត្តកណ្ដាល នឹងត្រូវចាប់ផ្ដើម ពង្រីក ១៥ម៉ែត្រសងខាង ដោយគិតពីចំណុចកណ្ដាលនៃផ្លូវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៥ខែតុលា។
មន្ទីរសាធារណការខេត្តកណ្ដាល នឹងពង្រីកចិញ្ចើមផ្លូវជាតិលេខ២, ផ្លូវជាតិលេខ២០បេ, ផ្លូវជាតិលេខ២១, ផ្លូវជាតិលេខ២១អា, ផ្លូវជាតិលេខ២១បេ, ផ្លូវជាតិលេខ៣៤ ចាប់ពីថ្ងៃទី១៤ខែវិច្ឆិកាតទៅ។ រីឯផ្លូវជាតិលេខ១,ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ១៤, ផ្លូវលេខ១១០, ផ្លូវលេខ១៥១អា នឹងត្រូវចាប់ផ្ដើមពង្រីកចិញ្ចើមផ្លូវចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា។
មន្ទីរបានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានលំនៅឋាន ឬតូបអាជីវកម្មផ្សេងៗ រំកិលយ៉ាងតិច ១៥ម៉ែត្រពីអ័ក្សផ្លូវ។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានថ្លែងប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា ការពង្រីកចិញ្ចើមផ្លូវនេះ គឺធ្វើឡើងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាផ្លូវថ្នល់ឲ្យធំទូលាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលសព្វថ្ងៃ ខណៈខេត្តមួយនេះស្ថិតក្នុងលេខរៀងខ្ពស់ទី២នៃអត្រាគ្រោះថ្នាក់ចរាចរណ៍។
លោក យូ ឡេង អះអាងថា ការពង្រីកដល់ ១៥ម៉ែត្រនេះ ជាការអនុវត្តក្នុងកម្រិតមួយនៅឡើយ ព្រោះថាដីចំណីផ្លូវត្រូវគិតដល់ ៣០ម៉ែត្រពីអ័ក្សឯណោះចំពោះផ្លូវជាតិដែលមានលេខមួយខ្ទង់ (ឧទាហរណ៍ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២) និង ២៥ម៉ែត្រចំពោះផ្លូវជាតិមានលេខពីរខ្ទង់ (ដូចជាផ្លូវជាតិលេខ២០ ផ្លូវជាតិលេខ២១ជាដើម)។
លោក ម៉ឹង យូឡេង មិនអាចបញ្ជាក់បានពីវិធានការចំពោះការមិនព្រមអនុវត្តតាមសេចក្ដីជូនដំណឹងនេះពីសំណាក់ម្ចាស់លំនៅឋាន ឬម្ចាស់តូបអាជីវកម្មបាននៅឡើយ។ លោកប្រាប់ដូច្នេះថា៖«ខ្ញុំមិនទាន់អាចជម្រាបបានទេនៅពេលនេះ គឺចាំមើលដល់ថ្ងៃអនុវត្តជាក់ស្ដែង»។
ការរំដោះដីចំណីផ្លូវ មិនមែនជាបញ្ហាតូចតាចនោះឡើយសម្រាប់កម្ពុជា ពិសេសនៅតំបន់ទីក្រុង ឬទីប្រជុំជន។ គេនៅតែរង់ចាំមើលពីផែនការ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលចំពោះការរៀបចំដីចំណីផ្លូវ៕