កីឡាជាតិ
ជាតិ
សហព័ន្ធ​ចាយ​២​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​ស្តង់ដារ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​
28, Oct 2018 , 2:19 pm        
រូបភាព
អាងលោតទឹក និងហែលទឹកពហុកីឡដ្ឋានជាតិ ដែលត្រូវជួសជុលនិងស្តារឡើងវិញ
អាងលោតទឹក និងហែលទឹកពហុកីឡដ្ឋានជាតិ ដែលត្រូវជួសជុលនិងស្តារឡើងវិញ
ដោយ:
​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក កាលពី​ថ្ងៃទី​២៦ តុលា បានរៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល និង​ស្តារឡើងវិញ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ជួលជុល និង​ផ្លាស់ប្តូរ​បរិក្ខា​ថ្មី​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ការដ្ឋាន​នេះ​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​៨​ខែ​ខាងមុខ ដោយ​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​វិស័យ​ឯកជន​។ ក្រៅពីនេះ ក៏មាន​ការសាងសង់​ក្លិប​ហាត់ប្រាណ អគារ​ស្នាក់នៅ និង​កន្លែង​បរិភោគ​អាហារ​ផងដែរ​។

 
​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​ចំណាយ​ថវិកា​ចំនួន​២​លាន​ដុល្លារ ដើម្បី​ជួសជុល និង​ស្តា​រអាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ឲ្យ​មាន​គុណភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ថវិកា​ដែល​បាន​ពី​ការ​ឧ​ប​ត្ថ​ភាព​របស់​ក្រុមហ៊ុន​ឯកជន និង​ដៃគូ​សហការ​នេះ ត្រូវ​ចំណាយ​លើ​ការទិញ​គ្រឿង​បរិក្ខា​បំពាក់​ថ្មី និង​ការពង្រីក​អាង​ហែល​ទឹក និង​អាង​លោតទឹក​។ ចំនួន​នេះ មិនទាន់​បូក​បញ្ចូល​នឹង​ថវិកា ដែល​គ្រោង​ចំណាយ​លើ​សម្ភារ​ហាត់ប្រាណ និង​សម្ភារ​ផ្សេងៗ​នោះទេ​។ នេះ​បើតាម​ប្រសាសន៍​របស់លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។  


 
​នា​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល​និង​ស្តា​រអាង​ហែល​ទឹក​ស្តា​ត​អូឡាំពិក​កាលពី​ថ្ងៃទី​២៦ ខែតុលា លោក ស៊ុន ចាន់ថុល បាន​រៀបរាប់​ដូច្នេះ​ថា​៖«​អាង​ហែល​ទឹក​យើង​នេះ​បានដាក់​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ​១៩៦៧ មកទល់​ពេល​ម៉ាស៊ីន​ចម្រាញ់​ទឹក​និង​គ្រឿង​បរិក្ខា​មួយចំនួន​ខូច​អស់ហើយ​។ ពេលនេះ​យើង​បើក​ការដ្ឋាន​ស្តា​រអាង​ហែល​ទឹក​នេះ​ឡើងវិញ ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ថ្មី​។ យើង​រៀប​ចំនេះ គឺ​ដើម្បី​ផ្តល់​កន្លែង​ហ្វឹកហាត់​សម្រាប់​កីឡាករ បន្ថែម​លើ​អាង​ហែល​ទឹក​ថ្មី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​»​។  
 
​អាង​ហែល​ទឹក​ដែល​គ្រោង​ជួសជុល​ថ្មី​នេះ មាន​បណ្តោយ​៥០​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ និង​មាន​១០​ជួរ ខណៈ​អាង​ហែល​ទឹក​ចាស់​មាន​បណ្តោយ​៥០​ម៉ែត្រ ទទឹង​២១​ម៉ែត្រ និង​មាន​៨​ជួរ​។ ចំណែក​អាង​លោតទឹក​មាន​បណ្តោយ​២៥​ម៉ែត្រ និង​ទទឹង​២០​ម៉ែត្រ ខណៈ​ពីមុន​មាន​បណ្តោយ​២១​ម៉ែត្រ និង​ទទឹង​២០​ម៉ែត្រ​។ 


 
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ខាងលើ​បាន​បន្ថែមថា ក្រៅពី​ជួសជុល និង​ស្តា​រអាង​ហែល​ទឹក​និង​លោតទឹក​ឡើងវិញ សហព័ន្ធ​នឹង​សាងសង់​អគារ​ស្នាក់នៅ និង​ហូបចុក​សម្រាប់​កីឡាករ និង​ក្លិប​ហាត់ប្រាណ ដែលមាន​ទំហំ​១៨​ម៉ែត្រ​គុណ​១២​ម៉ែត្រ​។ «​កីឡាហែលទឹក​មិនមែនជា​កីឡា​ធម្មតា​នោះទេ នៅ​ប្រទេស​គេ គេ​ហាត់​លើគោក​ច្រើនជាង​ហាត់​ក្នុង​ទឹក​។ គេ​ហាត់​លើក​ដុំ​ដែក​២​ម៉ោង រីឯ​ហាត់​ក្នុង​ទឹកតែ​១​ម៉ោង​កន្លះ​តែប៉ុណ្ណោះ​។ កាលពីមុន​យើង​ពុំមាន​កន្លែង​ហាត់​សាច់ដុំ​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ជា​ប្រទេសជិតខាង​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក ស៊ុន ចាន់ថុល​។ 
 
​ការដ្ឋាន​ជួសជុល​និង​ស្តា​រអាង​ហែល​ទឹក​ឡើងវិញ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​ដោយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៩​។ ក្នុងដំណាក់កាល​សាងសង់ កីឡាករ​កីឡាការិនី ដែល​ធ្លាប់ប្រើ​អាង​ហែល​ទឹក​នេះ​ជាទី​តាំង​ហ្វឹកហាត់ ត្រូវ​ប្តូរ​ទៅ​ហ្វឹកហាត់​នៅ​អាង​ហែល​ទឹក​ថ្មី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 


 
​គិត​ត្រឹម​ឆ្នាំ​២០១៨ អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​បានដាក់​ឲ្យ​ដំណើរការ​អស់​រយៈពេល​៥១​ឆ្នាំ​ហើយ​។ អាង​ហែល​ទឹក​នេះ ជា​ស្នាដៃ​របស់​បិតា​ស្ថាបត្យករ​កម្ពុជា គឺ​លោក វណ្ណ ម៉ូលីវណ្ណ ក្រោយ​ការផ្តួចផ្តើម​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ត្រូវបាន​សាងសង់ឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៦១-១៩៦៥៕   
 

Tag:
 ហែល​ទឹក​
  ស៊ុន ចាន់ថុល​
  ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com