ជាតិ
បទសម្ភាសន៍
វីដេអូ
បច្ចេកទេស​ហ្វឹកហាត់​សំឡេង​ខ្លះៗ ដើម្បី​អាច​ច្រៀង​ពីរោះ​
29, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​អាច​ច្រៀង​បាន​ពីរោះ និង​ប្រើប្រាស់​សំឡេង​បានល្អ គេ​គួរតែ​ហ្វឹក​ហាត់ពត់​សំឡេង​តាម​ក្បួនខ្នាត​ឱ្យបាន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​គឺជា​បច្ចេកទេស​ហ្វឹកហាត់​សំឡេង​ខ្លះៗ ដើម្បី​ច្រៀង​បាន​ពីរោះ​។​

 
​លោក ញឹ​ង កា​ណុល គឺជា​គ្រូបង្រៀន​ច្រៀង និង​ហ្វឹក​ហាត់ពត់​សំឡេង នៅ​សាកលវិទ្យាល័យ​ភូមិ​មិ​ន្ទ​វិចិត្រសិល្បៈ ក៏​ជា​គ្រូបង្រៀន​ច្រៀង​នៅ​សាលា​ឯកជន​ផងដែរ​។ គ្រូ​ឯកទេស​បង្រៀន​បទ​មហោរី អូ​ប៉េ​រ៉ា និង​បទ​សម័យ​រូបនេះ បាន​ណែនាំ​ដល់​អ្នក​ដែលមាន​បំណង​ចង់​ក្លាយជា​តារាចម្រៀង ឬ ចង់​ច្រៀង​បាន​ពីរោះ គួរ​ណាស់​តែ​ហ្វឹកហាត់​សំឡេង​តាម​ក្បួនខ្នាត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការប៉ះពាល់​សុខភាព និង​បំពង់ក​។


 

​មូលដ្ឋានគ្រឹះ​ដំបូង​នៃ​ការហ្វឹកហាត់​សំឡេង​ដើម្បី​អាច​ប្រើប្រាស់​បាន​ត្រឹមត្រូវ ទីមួយ​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​យ៉ាងហោចណាស់ ៥​នាទី​មុន​ហាត់​ច្រៀង ដើម្បីឱ្យ​សរសៃឈាម​រត់​ស្រួល​។ បន្ទាប់មក​ត្រូវ​ដកដង្ហើម​ឱ្យចូល​ដល់​ពោះ ហើយ​ប​ច្ចេញ​មកវិញ​យឺតៗ កាន់តែ​យូរ​កាន់តែ​ល្អ​។ លំ​ហាត់ប្រាណ​ដង្ហើម​នេះ មាន​សារសំខាន់ គឺ​ដើម្បី​ទប់​លំនឹង​សំឡេង និង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សួត​ថែម​ទៀតផង​។​នេះ​ជាការ​ពន្យល់​របស់លោក ញឹ​ង កា​ណុល​។​
 
​បើតាម​គ្រូបង្រៀន​ច្រៀង​រូបនេះ លំ​ហាត់ប្រាណ​ខាងលើ ជា​ក្បួនខ្នាត និង​បច្ចេកទេស​ទូទៅ ក្នុងការ​ហ្វឹកហាត់​សំឡេង ឱ្យបាន​ត្រឹមត្រូវ​និង​ជួយ​សុខភាព​។ លោក ញឹ​ង កា​ណុល បញ្ជាក់បន្ថែម​៖«​យើង​ត្រូវ​ហ្វឹកហាត់​តាម​ដំណាក់កាល​នីមួយៗ ដើម្បីឱ្យ​បំពង់ក​បើក​។ ការហ្វឹកហាត់​នេះ​ត្រូវតែ​ធ្វើជា​រៀងរាល់ថ្ងៃ​»​។ 
 
​ដំណាក់កាល​បន្ទាប់​គ្រូបង្រៀន​រូបនេះ​ថា ត្រូវតែ​រៀន​គ្រហឹម ដើម្បី​ធ្វើឱ្យ​បបូរមាត់​ញ័រ​។ ការជ្រើសរើស​បទ​ចម្រៀង​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត យកមក​ហាត់រៀន ជា​ចំណុច​សំខាន់​បន្ទាប់ ដែល​លោក កា​ណុល ថា​វា​ជួយ​ឱ្យ​អ្នករៀន​ដឹង​ពី​សម្រិត​សំឡេង​របស់ខ្លួន​។ បច្ចេកទេស​ហាត់​ច្រៀង លោក កា​ណុល ណែនាំ​ថា ត្រូវតែ​រៀន​ច្រៀង​តាម​ម្ចាស់​សំនៀង​មួយ​ល្បៈ​ម្ដងៗ​។ 
 
«​គាត់​គួរតែ​រៀន​ឱ្យ​ចេះ​មួយ​ល្បះ​សិន ចាំ​គាត់​រៀន​ទៅមុខ​មួយ​ល្បះ​ទៀត​។ សំខាន់​កុំ​បំភ្លៃ​ទំនុក​ដើម​របស់គេ ។ គាត់​ត្រូវ​ច្រៀង​យ៉ាងណា​ឱ្យ​ដូច​ម្ចាស់​សំនៀង​សិន ដល់​គាត់​យល់ថា​ពីរោះ​គ្រប់គ្រាន់​ហើយ គាត់​អាច​រៀន​ពត់​សំឡេង​តាមចិត្ត​គាត់​»​។ នេះ​ជាការ​បន្ថែម​របស់លោក កា​ណុល​។ 
 
​ទោះជា​យ៉ាងណា គ្រូ​ដែលមាន​បទពិសោធន៍​ទាំង​ការរៀន​និង​បង្រៀន​ជិត​២០​ឆ្នាំ​រូបនេះ ទទូច​ឱ្យ​អ្នក​ដែលមាន​បំណង​ចង់​ក្លាយជា​តារាចម្រៀង​អាជីព គួរតែ​ទៅ​រៀន​ពី​បញ្ចេ​ក​ទេស​ផ្សេងទៀត​ជាមួយ​គ្រូ​ជំនាញ ដើម្បីឱ្យ​ការ​ច្រៀង​មានគុណ​ភាព​។​
 
​បច្ចេកទេស​ដែល​បាន​រៀបរាប់​ខាងលើនេះ គ្រាន់តែ​ជា​មូលដ្ឋានគ្រឹះ​ដំបូង​ក្នុងការ​ហ្វឹកហាត់​សំឡេង​តែប៉ុណ្ណោះ​។ ចំណែក​ការពន្យល់​ស៊ីជម្រៅ​ផ្សេងទៀត ទាល់តែ​ជួប​ជាមួយ​គ្រូ​ជំនាញ​ផ្ទាល់​។ គ្រូបង្រៀន​រូបនេះ ក៏​បើកទូលាយ​ឱ្យ​អ្នក​ដែលមាន​បំណង​ចង់​សួរនាំ​ពី​បច្ចេកទេស​ហាត់ពត់​សំឡេង អាច​សួរ​លោក​បាន​ផងដែរ​៕ 
 

Tag:
 ភ្នំពេញ​
 ​ចម្រៀង​
 ​សិល្បៈ​
  ញឹ​ង កា​ណុល​
© រក្សាសិទ្ធិដោយ thmeythmey.com