ពីនេះ ពីនោះ
តើ​ពាក្យ “​ឥណ្ឌូចិន​” មាន​អត្ថន័យ​យ៉ាងដូចម្តេច​?
29, Oct 2018 , 8:59 am        
រូបភាព
​ដោយ គី ចំណារ​
 
​មនុស្ស​មួយចំនួន​អាច​ដឹងបាន​ថា​ឧបទ្វីប​ឥណ្ឌូចិន​មាន​ប្រទេស​ចំនួន​បី​គឺ ប្រទេស​​កម្ពុជា ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​។ ក្រោម​អាណានិគម​ខ្លួន បារាំង​បាន​ហៅ​តំបន់​ដែនដី​មួយ​នេះ​ថា “​ឥណ្ឌូចិន​”​។

 
​តើ​ពាក្យ​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​?
 
​ពាក្យ​ថា “​ឥណ្ឌូចិន​” ជា​ភាសា​អង់គ្លេស “Indochina” និង​ជា​ភាសា​បារាំង “Indochine” មាន​ដើមកំណើត​មកពី​ពាក្យ​ចំនួន​ពីរ​គឺ “Indo” ដែល​សំដៅ​ទៅលើ​ប្រទេស​ឥណ្ឌា និង​ពាក្យ “Chine” ដែល​សំដៅ​ទៅលើ​ប្រទេស​ចិន​។ 
 
​នេះ​បាន​ន័យ​ជារួម​ថា បារាំង​បានចាត់ទុក​ប្រទេស​ទាំងបី​វៀតណាម កម្ពុជា និង​ឡាវ នេះ​ជា​ឧបទ្វីប​មួយ​ដែល​ស្ថិតនៅ​ចន្លោះ​និង​ក្នុងពេល​តែមួយ​ទទួលរង​ឥទ្ធិពល​របស់​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​អស់​កន្លង​កាល​យ៉ាងយូរ​។ 
 
​គួរ​ឲ​បញ្ជាក់​ផងដែរ​ថា ឥណ្ឌា និង​ចិន​ជា​ប្រទេស​ស្ថិតក្នុង​ទ្វីបអាស៊ី​ដែលមាន​ប្រវត្តិសាស្ត្រ​និង​អរិយធម៌​យូរលង់​ណាស់​មកហើយ​។​
 
​វា​មាន​ភាពជាក់ស្តែង ដែល​យើង​អាច​មើលឃើញ​ក្នុងពេល​បច្ចុប្បន្ន​ដូចជា​ការគោរព​លទ្ធិ​ព្រហ្មញ្ញ​និយម​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ឥណ្ឌា​និង​ការ​សែនព្រេន​កុងម៉ា​ចិន​ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស​ចិន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com