សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីវាល់លាន៖ អាមេរិក ចិន មានចំនួនច្រើនជាងគេ ខណៈថៃស្ថិតនៅលេខ១៩
× ចំនួនមហាសេដ្ឋីវាល់លាន កើនពី១៩៧៩នាក់នៅឆ្នាំ២០១៦ ឡើងដល់២១៥៨នាក់នៅឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ឆ្នាំ២០១៨របស់ធនាគាស្វ៊ីស UBS និងក្រុមហ៊ុនសវនកម្មអង់គ្លេស PwC (UBS/PwC Billionaires Report 2018) ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា។
ក្នុងចំណោមមហាសេដ្ឋី២១៥៨នាក់ មានស្ត្រីតែ១១ភាគរយប៉ុណ្ណោះ។ ចំនួនទឹកប្រាក់ក៏មានការកើនឡើង១៩ភាគរយផងដែរនៅឆ្នាំ២០១៧ ពោលគឺមានចំនួនសរុបរហូតដល់ទៅ៨៩០០ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីមានកំណើនទ្រព្យសម្បត្តិដ៏គួរឲ្យកត់សម្គាល់ ពោលគឺកើនដល់ទៅ៣៩ភាគរយនៅឆ្នាំ២០១៧ ដោយលើសទ្វីបអាមេរិកទាំងមូលដែលកើនតែ១២ភាគរយ និងទ្វីបអឺរ៉ុប ដែលមានកំណើន១៩ភាគរយ។
មហាសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិយ៉ាងហោចណាស់៤,១ពាន់លានដុល្លារអាមេរិក ដោយមានអាយុជាមធ្យម៦៣,៥ឆ្នាំ។ ក្នុងចំណោមមហាសេដ្ឋីថ្មីចំនួន៣៣២រូបនាឆ្នាំ២០១៧ មាន១១៩រូបជាសហគ្រិនឯករាជ្យ ក្នុងនោះ៨៩រូបមកពីចិន។
តាមរបាយការណ៍ UBS/PwC Billionaires Report 2018 សហរដ្ឋអាមេរិក និងចិន នាំមុខក្នុងចំណោមប្រទេស (និងតំបន់ស្វយ័ត) ចំនួន១៩ ដែលសំបូរមហាសេដ្ឋីច្រើនជាងគេលើពិភពលោក។
សហរដ្ឋអាមេរិកឈរចំណាត់ថ្នាក់លេខមួយ មានមហាសេដ្ឋី ៥៨៥នាក់ (កើន៤ភាគរយ) ដែលក្នុងនោះ៦៨ភាគរយ មានបានដោយខ្លួនឯង។ ចិនស្ថិតនៅលំដាប់លេខពីរ មានមហាសេដ្ឋី៣៧៣នាក់ (កើន១៧ភាគរយ) ដោយ៩៨ភាគរយ មានបានដោយខ្លួនឯង ហើយចំនួននេះ គិតដាច់ដោយឡែកពីតៃវ៉ាន់ និងហុងកុង។
អាល្លឺម៉ង់ស្ថិតនៅលេខ៣ ដោយ មាន១២៣នាក់ (កើន៥ភាគរយ) បន្ទាប់មក ឥណ្ឌា ១១៩នាក់ (កើន១៩ភាគរយ) រុស្ស៊ី មាន១០១នាក់ (កើន៥ភាគរយ)។ អ្វីដែលគួរឲ្យកត់សម្គាល់ អ្នកនៅរុស្ស៊ីទាំងអស់ សុទ្ធតែកើតចេញពីការប្រឹងប្រែងខ្លួនឯង មិនមែនជាទ្រព្យសម្បត្តិដែលដូនតាបន្សល់ទុកឲ្យនោះឡើយ។
ប្រទេស (ឬតំបន់ស្វយ័ត) ដែលស្ថិតក្នុងចំណោម Top 10 រួមមាន ហុងកុង មាន៦៧នាក់ (ថយ៣ភាគរយ) ចក្រភពអង់គ្លេស ៥៤នាក់ (ថយ២ភាគរយ) កាណាដា មាន៤៦នាក់ (កើន២៨ភាគរយ) កូរ៉េខាងត្បូង មាន៤៤នាក់ (កើន១៦ភាគរយ) អូស្ត្រាលី មាន៤៣នាក់ (កើន២៦ភាគរយ) និង អ៊ីតាលី មាន៤៣នាក់ (កើន២ភាគរយ)។
ប្រេស៊ីលស្ថិតនៅលំដាប់លេខ១២ ដោយមានមហាសេដ្ឋី ៤២នាក់ (ថយ៥ភាគរយ) បន្ទាប់មកមាន បារាំង ៤០នាក់ (កើន៣ភាគរយ) ស្វ៊ីស ៣៦នាក់ (កើន៣ភាគរយ) តួកគី ៣៦នាក់ (កើន២៤ភាគរយ)ជប៉ុន ៣៥នាក់ (កើន៦ភាគរយ) តៃវ៉ាន់ ៣៥នាក់ (កើន១៣ភាគរយ) ស៊ុយអែត៣២នាក់ (កើន៣ភាគរយ) និងថៃ ស្ថិតនៅលេខ១៩ ដោយមាន៣០នាក់ (កើន៤៣ភាគរយ)។
ក្រៅពីថៃ ប្រទេស៣ទៀតនៅអាស៊ាន ក៏មានឈ្មោះក្នុងរបាយការណ៍ UBS/PwC Billionaires Report 2018 ផងដែរ ដែលក្នុងនោះ សិង្ហបុរី មាន២២នាក់ ម៉ាឡេស៊ី មាន១៤នាក់ និងហ្វីលីពីនមាន១២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com