កីឡាជាតិ
ជាតិ
​ជ័យលាភី​មេដាយមាស​អាស៊ី អ៊ូ​មើ​ត និង​ចេ​សា ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​អាជីព​
30, Oct 2018 , 1:54 pm        
រូបភាព
ដោយ:

​ក្រោយ​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី ដើម្បី​រួមគ្នា​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ជូន​កម្ពុជា កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត និង​កីឡាការិនី​ជឺ​ជិត​ស៊ូ ខាន់ ចេ​សា ជោគជ័យ​ក្នុង​អាជីព​ជា​បន្តបន្ទាប់​នៅលើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​កាលពី​សប្តាហ៍​មុន ចេ​សា បានឈ្នះ​មេដាយមាស​៤​ពី​ការប្រកួត​កម្រិត​ពិភពលោក ខណៈ អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​១ និង​ប្រាក់​១ ពី​ការប្រកួត​កម្រិត​ពិភពលោក​ដូចគ្នា​។​


កីឡាករ សាលី អ៊ូ​មើ​ត និង​កីឡាការិនី ខាន់ ចេ​សា ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Asian Games តាមរយៈ​ការ​ឈ្នះ​មេដាយមាស​២ និង​សំរឹទ្ធ​១ ហាក់​ជោគជ័យ​ក្នុង​អាជីព​ជា​បន្តបន្ទាប់​នៅលើ​ឆាក​អន្តរជាតិ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ អ្វីដែល​គួរ​ឲ្យ​សម្គាល់ និង​មោទកភាព​នោះ គឺ​រាល់​ការ​ឈ្នះ​មេដាយមាស​របស់​កីឡាករ​កីឡាការិនី​ទាំងពីរ​ម្តងៗ ពួកគេ​តែងតែ​លើក​បង្ហាញ​ទង់ជាតិ​កម្ពុជា​ជានិច្ច​។   


កាលពី​សប្តាហ៍​មុន កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បានឈ្នះ​មេដាយមាស​៤​ពី​ការប្រកួត​កម្រិត​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍ S.J.J.I.F World Jiu-Jitsu Championship ដែល​រៀបចំ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ចន្លោះ​ពីថ្ងៃ​ទី​២៧ -២៨ ខែតុលា ឆ្នាំ​២០១៨​។ មេដាយមាស​ទាំងនេះ ចេ​សា ឈ្នះ​លើ​វិញ្ញាសា​ផ្សេងៗ​គ្នា​លើ​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម​។​

ទន្ទឹមនឹង​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា កីឡាការិនី​វ័យ​១៧​ឆ្នាំ​រូបនេះ អរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា គ្រួសារ រាជរដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជា ដែល​តែងតែ​លើកទឹកចិត្ត និង​គាំទ្រ​រូបនាង​នាពេល​កន្លងមក​។ កីឡាការិនី​រូបនេះ អះអាងថា នាង​នឹង​កម្ពុជា​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​២០១៩ និង​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ឆ្នាំ​២០២០​ជាដើម​។​

​ចេ​សា ដែលមាន​ឪពុក​ខ្មែរ ម្តាយ​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក ជា​កីឡាការិនី​កម្ពុ​ជាទី​២ ដែល​បានឈ្នះ​មេដាយមាស​ពី​កីឡា​អាស៊ី Asian Games បន្ទាប់ពី​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែល​ឈ្នះ​មេដាយមាស​ដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ទីក្រុង​អ៊ី​ន​ឆន​ប្រទេស​កូរ៉េខាងត្បូង កាលពី​ឆ្នាំ​២០១៤​។​

​ជាមួយគ្នានេះ​កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន កីឡាករ សាលី អ៊ូ​មើ​ត បានឈ្នះ​មេដាយមាស​១​ពី​ការប្រកួត​កម្រិត​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ 2018 Baili Liujiang International Jetski Open នៅ​ប្រទេស​ចិន​។ នៅ​ខែតុលា ឆ្នាំ​២០១៨ នេះដែរ អ៊ូ​មើ​ត បានឈ្នះ​មេដាយប្រាក់​១​ពី​ព្រឹត្តិការណ៍ Blowsion Word Final 2018 ដែល​រៀបចំ​នៅ​សហរដ្ឋអាមេរិក​។ 

កីឡាករ​ខ្មែរ​អ៊ិ​ស្លាម​រូបនេះ បាន​ក្លាយជា​កីឡា​ករទី​១​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា ក្រោយ​រូបគេ​ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១​ពី​ការប្រកួត​កីឡា​អាស៊ី Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ មេដាយ​ទាំងពីរ​របស់គេ និង​មេដាយមាស​របស់ ខាន់ ចេ​សា ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​រយៈពេល​៦៤​ឆ្នាំ​របស់​កម្ពុជា​ផងដែរ​៕      

 


Tag:
 ​ម៉ូតូ​ទឹក​
  ជឺ​ជិត​ស៊ូ​
  សាលី អ៊ូ​មើ​ត​
  ខាន់ ចេ​សា​
© រក្សាសិទ្ធិដោយ thmeythmey.com