អន្តរជាតិ
ចំណង​យោធា​អាមេរិក​-​តៃវ៉ាន់ កាន់តែ​ស្និទ្ធ​សា្ន​ល ធ្វើ​ឲ្យ​ចិន​កាន់តែ​ភ័យព្រួយ​
30, Oct 2018 , 7:39 pm        
រូបភាព
រូបភាព៖ Financial Times
រូបភាព៖ Financial Times
ដោយ:
​ចំណង​យោធា​រវាង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ កាន់តែ​ខិតជិត​គ្នា នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ កត្តា​ដែល​នាំ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ធ្វើបែបនេះ គឺ​ដោយសារតែ​គោលនយោបាយ​ទប់ទល់​ចិន ក្នុង​អាណត្តិ​លោក​ដូ​ណា​ល់ ត្រាំ  ដែល​ក្នុងចំណោម​នោះ​មាន​គោលនយោបាយ​ប្រឆាំងនឹង​ការពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន និង​យុទ្ធសាស្ត្រ​ការទូត​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

 
​ក្នុង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ទីក្រុង​វ៉ាស៊ីនតោន បាន​ឯកភាព​ចុះ​កិច្ចព្រមព្រៀង​លក់​អាវុធ​ជាមួយ​ក្រុង​តៃប៉ិ​យ៉ាងច្រើន ហើយ​អ្វីដែល​គេ​កត់សម្គាល់​នោះ​គឺ កិច្ចព្រមព្រៀង​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​រហ័ស​ជាង​រដ្ឋបាល​មុនៗ​។ 
 
​គិត​ចាប់តាំងពី​លោក​ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ដើមឆ្នាំ ២០១៧ ទាំង​រដ្ឋបាល និង​សភា​របស់លោក​បាន​ផ្លាស់ប្តូរ​ពី «​គោលនយោបាយ​នៃ​ការមិន​ប្រទូស​សា​រ៉ា​យ​ជាមួយ​ចិន នៅពេល​និយាយ​ដល់​បញ្ហា​តៃវ៉ាន់​» ទៅជា «​គោលនយោបាយ​ថ្មី​មួយ​ដែល​ប្រឈមមុខ​ផ្ទាល់​ជាមួយ​ចិន និង​ផ្តោត​សំខាន់​លើ​វិស័យ​យោធារ​តៃវ៉ាន់​»​។ 
 
​ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​យល់ឃើញថា រដ្ឋាភិបាល​តៃវ៉ាន់​ដែល​ដឹកនាំ​ដោយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ត្រូវតែ​វាយតម្លៃ​ឲ្យ​បាន​ហ្មត់ចត់​លើ​ភាព​វិជ្ជមាន និង​ផល​អវិជ្ជមាន​នៃ​ទិសដៅ​ថ្មី ដែល​កើតចេញពី​ទំនាក់ទំនង​ដ៏​ផុយស្រួយ​រវាង​ភាគី​ទាំងបី​អាមេរិក ចិន និង​តៃវ៉ាន់​។ 
 
​កាលពីដើម​ខែតុលា​កន្ល​ង​ទៅ ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី និង​ប៉ាស៊ីហ្វិក Randall Schriver បាន​បញ្ជាក់ថា ទំនាក់ទំនង​យោធា​ដែល​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​រវាង​អាមេរិក​និង​តៃវ៉ាន់ កំពុង​ឈានទៅរក​ចំណុច​ពិសេស​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ 
 
​ត្រង់នេះ លោក  Randall ទំនងជា​សំដៅទៅ​កិច្ចព្រមព្រៀង​អាវុធ​តម្លៃ​៣៣០​លាន​ដុល្លារ ដែល​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​កាលពី​ខែកញ្ញា​កន្លងទៅ ហើយ​ព្រឹទ្ធសភា​អាមេរិក​សម្រេច​អនុម័ត​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។ សម្រាប់​កិច្ចព្រមព្រៀង​នេះ អាមេរិក​នឹង​ផ្តល់​គ្រឿងបន្លាស់​ដល់​យោធា​តៃវ៉ាន់​រួមទាំង​គ្រឿងបន្លាស់​យន្តហោះ​ចម្បាំង F-16  ជាដើម​។

តាមពិតទៅ កិច្ចព្រមព្រៀង​នេះ​គឺធ្វើឡើង រយៈពេល​មិន​ដល់​មួយឆ្នាំ​ស្រួលបួល​ផង ក្រោយពី​មន្ទីរ​បញ្ច​កោណ​អាមេរិក​បាន​យល់ព្រម​លក់ស​ព្វា​អាវុធ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១,៤​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​។ កិច្ចព្រមព្រៀង​អាវុធ​នេះ​គឺ​រួមបញ្ចូល​សម្ភារៈ​យោធា​ដូចជា  ប្រព័ន្ធ​មី​ស៊ី​ល​, គ្រាប់​មី​ស៊ី​សម្រាប់​បាញ់​នាវា និង​ប្រព័ន្ធ​ប្រកាសអាសន្ន​ជាដើម​។ 
 
​យ៉ាងណាមិញ ចិន​នៅតែ​ចាត់ទុក​ទឹកដី​តៃវ៉ាន់​ជា​អាណាខេត្ត​របស់ខ្លួន ដែល​រង់ចាំ​ការបង្រួបបង្រួម ហើយ​ថែមទាំង​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា​ទៀតផង ប្រសិនបើ​ចាំបាច់​នោះ​។ ប៉ុន្តែ គេ​យល់ឃើញថា ចិន​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ក្រុង​វ៉ាស៊ីនតោន មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​ការចុះ​កិច្ចព្រមព្រៀង​លក់​អាវុធ ឬ​ការផ្លាស់ប្តូរ​ចំណងទាក់ទង​កម្រិត​ខ្ពស់​ណាមួយ​ជាមួយ​តៃវ៉ាន់​។

ចំណាត់ការ​របស់​អាមេរិក​បែបនេះ​គឺ​កើតមានឡើង ចាប់តាំងពី​ពេលដែល​ខ្លួន​សម្រេច​បោះបង់​ចំណង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ទៅ​ទទួលស្គាល់​ចិន​ជំនួស​វិញ​ក្នុង​ឆ្នាំ​១៩៧៩​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្លួន​ក៏បាន​ប្តេជ្ញា​គោរព និង​អនុវត្តតាម​គោលការណ៍​ចិន​តែមួយ​ថែម​ទៀតផង​។ 
 
 
​ចិន​ជារឿយៗ​បាន​ព្រមាន​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ជុំវិញ​ការបង្កើន​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់ និង​បានប្រកាស​ប្រឆាំង​ដាច់ខាត​រាល់​កិច្ចព្រមព្រៀង​យោធា​ទាំងអស់ ដែល​ប្រទេស​ទាំងពីរ​បាន​បង្កើតឡើង​។ ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុង​ប៉េកាំង​បាន​អះអាងថា រាល់​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​អាមេរិក​និង​តៃវ៉ាន់​ទាំងអស់​បំពាន​គោលការណ៍​ចិន​តែមួយ (one-China principle) ។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី អនុរដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ ឧ​ត្ត​ម​សេនីយ៍ Shen Yi-ming បានលើកឡើង​នៅក្នុង​កិច្ចប្រជុំសភា​មួយ​កាលពីដើម​ខែតុលា​កន្លង​ទៅ​ថា កិច្ចព្រមព្រៀង​អាវុធ​ចុងក្រោយបង្អស់​រវាង​អាមេរិក​និង​តៃវ៉ាន់ បានបង្ហាញ​យ៉ាងច្បាស់​ថា រដ្ឋបាល​លោក​ត្រាំ​មាន​ឆន្ទ​ខ្ពស់ ក្នុងការ​ឆ្លើយតប​រហ័ស​នឹង​សំណើ​ក្រុង​តៃប៉ិ​។ គោលបំណង​នោះ​គឺ​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​តៃវ៉ាន់ ដែល​ប​ច្ច​ប្បន្ន​នេះ​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ខ្លាំង ពី​សំណាក់​រដ្ឋាភិបាល​ចិន​។ 
 
​គិត​ចាប់ពី​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី លោកស្រី Tsai Ing-wen ដែល​បដិសេធ​មិន​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១៦​មក ចិន​បាន​ផ្អាក​ការផ្លាស់ប្តូរ​ចំណងមិត្តភាព​កម្រិត​ខ្ពស់​មួយចំនួន​តៃវ៉ាន់ ហើយ​ព្រមទាំង​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតជា​ហូរហែរ​ផងដែរ​នៅក្បែរ​កោះ​តៃវ៉ាន់ ដើម្បី​ជាការ​ព្រមាន​ផង​។ លើសពីនេះ ក្រុង​ប៉េកាំង​ក៏បាន​ព្យាយាម​កាត់ផ្តាច់​តៃវ៉ាន់​ឲ្យ​នៅ​ឯក​កោ​ផងដែរ ដោយ​ប្រើប្រាស់​នយោបាយ​ការទូត​ដុល្លារ​របស់ខ្លួន​។ តួយ៉ាង​ប្រទេស​ចំនួន​៥ បានសម្រេច​ដោះដៃ​ពី​តៃវ៉ាន់​ទៅ​ចាប់​ចិន គិត​ចាប់ពី​លោកស្រី Tsai ចូលកាន់​តំណែង​មក​។ 
 
​សារព័ត៌មាន​ហុងកុង South China Morning Post ស្រង់​សម្តី​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកល​វិទ្យាល័យ​វប្បធម៌​ចិន​ក្នុង​ទីក្រុង​តៃប៉ិ លោក Wang Kung-yi ថា ចំណាត់ការ​របស់​ចិន​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋបាល​តៃវ៉ាន់​ក្នុង​អាណត្តិ​លោកស្រី Tsai ព្យាយាម​ស្វះ​ស្វែងរក​ការគាំទ្រ​ខ្លាំងក្លា​បន្ថែមទៀត​ពី​ក្រុង​វ៉ាស៊ីនតោន​។ ហើយ​ខណៈ លោក​ដូ​ណា​ល់ ត្រាំ បាន​សម្លឹង​ឃើញ ចិន​ជា​ដៃគូ​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​ផង​នោះ ខ្លួន​បាន​ខិតខំ​អភិវឌ្ឍ​ចំណងទាក់ទង​ខ្លាំង​បន្ថែមទៀត​ជាមួយ​តៃវ៉ាន់​។ លើសពីនេះ​រដ្ឋបាល​លោក ត្រាំ យល់ឃើញថា ការជួយ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​របស់​តៃវ៉ាន់ បានក្លាយ​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​អាមេរិក ដើម្បី​ទប់ទល់​នឹង​ក្រុង​ប៉េកាំង​ផងដែរ​៕
 

Tag:
 ទំនាក់ទំនង​អាមេរិក​-​ចិន​
  ចំណង​យោធា​អាមេរិក​-​តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com