ជាតិ
សង្គមជាតិ
ម្ដាយ​ត្រូវ​បង្រៀន​កូន​តាំងពី​នៅក្នុង​ផ្ទៃ និង​ប្រើ​ភាសា​ទន់ភ្លន់​ដើម្បី​ឲ្យ​កុមារ​មាន​សុខភាព​រឹងមាំ និង​ខួរក្បាល​ល្អ​
30, Oct 2018 , 8:59 pm        
រូបភាព
សិក្ខាសាលា សុខភាព​ខួរ​ក្បាល​កុមារ​
សិក្ខាសាលា សុខភាព​ខួរ​ក្បាល​កុមារ​
ដោយ:
​ភ្នំពេញ​៖ បញ្ហា​សុខភាព និង​ការចងចាំ​របស់​កុមារ គឺជា​ក្តីកង្វល់​របស់​ឪពុកម្ដាយ​គ្រប់រូប ក្នុងការ​បីបាច់​ថែរក្សា​កូន ។​វា​ជា​រឿង​សំខាន់​មួយ ដែល​ទាមទារ​ឲ្យ​ឪពុកម្ដាយ​ទាំងអស់ យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នកឯកទេស​ព្យាបាល​កុមារ បាន​ប្រាប់​ឲ្យ​ម្ដាយ​គ្រប់​ត្រូវ​បង្រៀន​កូន​តាំងពី​នៅក្នុង​ផ្ទៃ និង​ប្រើប្រាស់​សម្ដី​ទន់ភ្លន់​ជាមួយ​កូន ដើម្បី​ឲ្យ​កុមារ​មាន​សុខភាព​រឹងមាំ និង​ខួរក្បាល​លូតលាស់​ល្អ​។​


 
​កុមារ​តូចៗ​អាច​នឹង​ប្រឈម​ជំងឺ​ជាច្រើន ដែល​បណ្តាល​ឲ្យ​ពួកគេ​មានការ​លូតលាស់​មិនល្អ ដូចជា​ការចងចាំ​ខ្សោយ​ជាដើម ។ នេះ​ជា​បញ្ហា​ដែល​សិក្ខាកាម​ជាង​៤០០​នាក់​ចង់ដឹង និង​រក​ដំណោះស្រាយ ក្នុង​សិក្ខាសាលា​ស្តីពី «​សុខភាព និង​ការអភិវឌ្ឍ​ខួរក្បាល​កុមារ​» ដើម្បី​ទទួលបាន​ចំណេះដឹង ពី​វាគ្មិន​ដែលជា​អ្នកជំនាញ​ផ្នែក​សុខភាព និង​ផ្នែក​អប់រំ ការ​អភិ​វ​ឌ្ឃ​ខួរក្បាល​កុមារ​។ 
 
​អ្នកស្រី សរ ម៉ុ​ន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជី​ដា​កម្ពុជា បាន​និយាយថា កុមារ​តូចៗ​ពិតជា​ត្រូវការ​មើលថែ​ពី​ឱ​ពុក​ម្តាយ ដើម្បី​ឲ្យ​ពួកគេ​មាន​សុខភាព​ល្អ និង​មាន​សមត្ថភាព​លូតលាស់​បាន​លឿន​។ ក្នុងនាម​ជា​ឪពុកម្តាយ ត្រូវ​ចេះ​ប្រើ​ភាសា​ទន់ភ្លន់​ទៅកាន់​កូន​ឲ្យ​បាន​ច្រើន​។ អ្នកស្រី សរ ម៉ុ​ន្ថា បញ្ជាក់ថា​៖ «​មុនពេល​កូន​ចូល​គេង​ខ្ញុំ​តែងតែ​ប្រើពាក្យ​ទន់ភ្លន់ និង​ប្រើពាក្យ​ដែល​មិន​ប៉ះពាល់​ដល់​អារម្មណ៍​កូន នៅពេលដែល​យើង​បង្រៀន​ពី​របៀប​រស់នៅ​ល្អ​សម្រាប់​កូន​ហើយ ធំ​ឡើង​វា​នឹងមាន​គ្រឹះ​ដ៏​រឹងមាំ​។ នេះ​ជា​វិធី​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​កូន​មាន​ភាពកក់ក្តៅ និង​បង្កើន​ភាព​ឆ្លាត​វៃ​របស់គេ​ផងដែរ​»​។ 
 
​ផ្អែក​តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា ដើម្បី​អប់រំ​កូន​ឲ្យ​មាន​សុខ​ភាពល្អ និង​មានការ​អភិវឌ្ឍ​ខួរក្បាល​ល្អ ព្រះ​តេជគុណ សុខ ធា​រី សាស្ត្រាចារ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​មាន​ពុទ្ធដីកា​ថា ឪពុកម្តាយ​គួរតែ​អប់រំ​កូន​តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា ដូចជា​ការធ្វើ​សមាធិ​ដើម្បី​ឲ្យ​កូន​មាន​ភាព​ស្ងប់​។ ភាព​ស្ងប់​នេះ អាចធ្វើ​ឲ្យ​កុមារ​បង្កើន​ការចងចាំ និង​រាងកាយ​ឆាប់​លូតលាស់​ផងដែរ​។  
 
​ព្រះ​តេជគុណ សុខ ធា​រី មាន​ពុទ្ធដីកា​បន្ថែមថា​៖ «​ម្តាយ​មាន​តួនាទី​សំខាន់​ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​តាំងពី​ពពោះ​រហូតដល់​កូន​បានចាប់កំណើត ដូច្នេះ​ក្នុងនាម​ជា​ម្តាយ ត្រូវតែ​ធ្វើ​អ្វី​ឲ្យ​ឲ្យ​ប្រុងប្រយ័ត្ន ដោយ​ម្តាយ​មិនគួរ​មាន​អារម្មណ៍​ឆេវឆាវ ខឹងច្រឡោត រន្ធត់ និង​មាន​អារម្មណ៍​ស្មុគស្មាញ​ឡើយ​។ ទាំងនេះហើយ​ដែល​ម្តាយ​គ្រប់រូប​គួរតែ​ជៀសវាង ដើម្បី​កុំ​ឲ្យ​កូន​ទទួល​នូវ​អារម្មណ៍​ទាំងនោះ​ក្នុងដំណាក់កាល​កំពុង​លូតលាស់​នៅក្នុង​ផ្ទៃ​ម្តាយ​»​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សេង សាម៉ន វេជ្ជបណ្ឌិត​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក បាន​និយាយថា កុមារ​តូចៗ​មួយចំនួន​អាច​ប្រឈម​នឹង​ជំងឺ អូ​ធី​សឹម (Autism) ដែល​ឲ្យ​កុមារ​មានការ​លូតលាស់​មិន​បានល្អ​ដូចជា រាងកាយ និង​ការចងចាំ​ខ្សោយ​ជាដើម​។ ជំងឺ​នេះ​បណ្តាលមកពី​ម្តាយ​ផ្ទាល់​ដែលមាន​បញ្ហា​ផ្លូវចិត្ត ឬ​ការប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ខ្វះ​អាហារូបត្ថម្ភ និង​ខ្វះ​ការមើល​ថែ​ពី​ឱ​ពុក​ម្តាយ​។ 
 
​អ្នកឯកទេស​ព្យាបាល​កុមារ​រូបនេះ បញ្ជាក់ថា​៖ «​ដើម្បី​ឲ្យ​កុមារ​មាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ការលូតលាស់​ល្អ​នៃ​ខួរក្បាល ឱ​ពុក​ម្តាយ​គួរតែ​យល់ដឹង​ពី​របៀប​ចិញ្ចឹម​កូន ដូចជា បង្រៀន​កូន​តាំងពី​នៅក្នុង​ផ្ទៃ ត្រូវ​តាមដាន​ពី​ការលូតលាស់​របស់​កូន ឱ​ពុក​ម្តាយ​ត្រូវមាន​ភាព​វ័យឆ្លាត​ក្នុងការ​ជ្រើសរើស​សាលារៀន​ដែលជា​កន្លែង​អប់រំ​កូន ហើយ​ឱ​ពុក​ម្តាយ​ត្រូវមាន​អាកប្បកិរិយា​ល្អ​ដើម្បី​ឲ្យ​កូន​មាន​សុជីវធម៌​ក្នុងការ​រស់នៅ​»​។​
 
​កុមារ​នៅ​កម្ពុ​ជាមាន​ប្រមាណ​ជិត​៥​លាន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់​អាមេរិក​(CIA) ដែល​គិត​ចាប់ពី​ដើមឆ្នាំ​២០១៨៕  
 

Tag:
 ​សុខភាព​
 ​កុមារ​
 ​ឱ​ពុក​ម្តាយ​
© រក្សាសិទ្ធិដោយ thmeythmey.com