កីឡាជាតិ
ជាតិ
ក្រុមកីឡា​បាល់ទាត់​ជប៉ុន​មក​ទស្សនកិច្ច និង​ប្រកួត​នៅ​កម្ពុជា ដើម្បី​អបអរ​ខួប​៦៥​ឆ្នាំ​
31, Oct 2018 , 8:39 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​សិស្ស​វិទ្យាល័យ​ជប៉ុន​១៥​រូប និង​ថ្នាក់ដឹកនាំ​៣​រូប ដែលជា​សមាជិក​របស់​សមាគម JFA Academy ប្រចាំខេត្ត​ហ្វូ​គឺ​ស៊ី​មា មក​ទស្សនកិច្ច​រយៈពេល​១​សប្តាហ៍​នៅ​កម្ពុជា​។ ក្រុម​កីឡាករ​ជប៉ុន នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម U18 កម្ពុជា និង​ក្រុម​វិសាខា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​រឹតចំណង​សាមគ្គីភាព និង​អបអរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

 
​ក្រុម​កីឡាករ​បាល់ទាត់​សមាជិក JFA Academy របស់​ជប៉ុន នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ បន្ទាប់មក​ពួកគេ​បន្ត​ជួប​ជាមួយ​ក្រុម​វិសាខា​នា​ជំនួប​ទី​២​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​៥​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។​
 
​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​រំពឹងថា តាមរយៈ​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ នឹង​ជួយ​រឹតចំណង​សាមគ្គីភាព​ឲ្យ​តែ​ជិតស្និទ្ធ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ពិសេស​យុវជន​ជប៉ុន​និង​កម្ពុជា​។ ក្រៅពី​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមក ការប្រកួត​នេះ រៀបចំឡើង​ដើម្បី​អបអរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​
 
​ការប្រកួត​ខាងលើ​ធ្វើឡើង​ក្នុងអំឡុងពេល​ក្រុម​កីឡាករ និង​ថ្នាក់ដឹកនាំ​កីឡា​របស់​ជប៉ុន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្រោម​គម្រោង​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន​និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា JENESYS 2018​។​
 
JENESYS ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួងការបរទេស​ជប៉ុន ដើម្បី​ជំរុញ​ការយល់ដឹង និង​កសាង​ទំនុកចិត្ត​រវាង​ប្រជាជន​ជប៉ុន​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក ពិសេស​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។​
 
​កីឡាករ​ជប៉ុន​ទាំង​១៥​រូប​ជប៉ុន​រួមមាន Yoshida Kenjiro, Furuzono Takumi, Oshima Yuto, Yoshida Takeru, Obi Jay-Z Ogenna, Kokubo Kyo, Takeuchi Shuto, Shimafuji Yuki, Kubo Ryusei, Sasagawa Naruse, Mito Shunsuke, Hashimoto Yuga, Nagata(Backhaus)Yuri, Ichimura Shunsei និង​កីឡាករ Kawata Keisuke៕
 

Tag:
 បាល់ទាត់​
  ជប៉ុន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com