ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ព្រះមហាក្សត្រ​តែងតាំង​អគ្គ​ព្រះរាជអាជ្ញារង​ពីរ​នាក់ និង​ផ្ទេរ​មុខដំណែង​មន្ត្រី​២២​រូប​
30, Oct 2018 , 6:20 pm        
រូបភាព
លោក យ៉េត ចរិយា (ស្តាំ) ត្រូវបាន​តែងតាំង​ជា អគ្គព្រះរាជអាជ្ញារង​តុលាការ​កំពូល ​ខណៈ លោក មាស សុភ​ក្តិ ត្រូវបានតែងតាំង​ជា អគ្គព្រះរាជអាជ្ញា​រង​សាលាឧទ្ធរណ៍
លោក យ៉េត ចរិយា (ស្តាំ) ត្រូវបាន​តែងតាំង​ជា អគ្គព្រះរាជអាជ្ញារង​តុលាការ​កំពូល ​ខណៈ លោក មាស សុភ​ក្តិ ត្រូវបានតែងតាំង​ជា អគ្គព្រះរាជអាជ្ញា​រង​សាលាឧទ្ធរណ៍
​ភ្នំពេញ​៖ ព្រះរាជអាជ្ញា​២​រូប ត្រូវបានតែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញារង ហើយ​ស្របពេល​ជាមួយគ្នា អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត ចំនួន​២២​រូប ត្រូវបានតែងតាំង និង​ផ្ទេរ​មុខតំណែង​។ នេះ​បើតាម​យោងតាម​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ។​

 
​លោក យ៉េត ចរិយា ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំង​ជា អគ្គព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ខណៈដែល​លោក មាស សុភ​ក្តិ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តព្រៃវែង ត្រូវបានតែងតាំង​ជា អគ្គព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​។​
 
​តំណែង​លោក យ៉េត ចរិយា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​ជំនួស​ដោយ លោក កែវ សុធា ដែល​ផ្ទេរ​ពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ ខណៈ លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​ខេត្តកោះកុង ជំនួស​តំណែង​ចាស់ របស់លោក មាស សុភ​ក្តិ នៅ​សាលាដំបូង​ខេត្តព្រៃវែង ។​
 
​លោក រស់ សា​រាំ ព្រះរាជអាជ្ញារង​ខេត្ត​ព្រះសីហនុ ឡើងកាន់តំណែង​ជា​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកោះកុង ជំនួស​លោក ប៊ូ ប៊ុនហាង​។​
 
​លោកស្រី ចា​ត​សូ រស្មី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ផ្ទេរ​ទៅជា​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ ជំនួស​លោក កែវ សុធា ស្រប​ពេលដែល​ព្រះរាជអាជ្ញារង​សាលា​រាជធានី​ភ្នំពេញ លោក សៀង សុខ ឡើងកាន់តំណែង​ជា​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ព្រះសីហនុ​វិញ​។​
 
​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តមណ្ឌលគិរី ផ្លាស់ប្តូរ​ទីតាំង​ធ្វើការ​ទៅវិញទៅមក​។ លោក ហៀ​ង សុភ​ក្ត្រ ទៅកាន់​ការងារ​នៅ​មណ្ឌលគិរី រីឯ​លោក ឡុង ហុក ម៉េង ទៅ​បម្រើការ​នៅ​ត្បូងឃ្មុំ​វិញ​។​
 
​ជាមួយគ្នានេះ សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ព្រះរាជអាជ្ញារង​ថ្មី​ចំនួន​៤​នាក់ ដែល​ក្នុងនោះ​មាន លោក ប្លង់ សុផល (​ផ្ទេរ​ពី​កំពង់ចាម​) លោក សេង គីម​ឡាក់ (​ផ្ទេរ​ពី​បន្ទាយមានជ័យ​) លោក ហេង ផល (​ផ្ទេរ​ពី​កណ្តាល​) និង​លោក សាយ ណូ​រ៉ា (​ផ្ទេរ​ពី​កំពង់ធំ​)​។ 
 
​នៅ​បាត់ដំបង និង​កំពង់ចាម មាន​ក៏មាន​ព្រះរាជអាជ្ញារង​ថ្មី​ចំនួន​២​រូបរៀងៗ​ខ្លួន​ផងដែរ​។ លោក ផាន់ រតនា ព្រះរាជអាជ្ញារង​ខេត្ត​កំពង​ស្ពឺ និង​លោក ឈឺ​ន សុ​ផុន ព្រះរាជអាជ្ញារង​ខេត្តព្រៃវែង ទៅកាន់​តំណែង​ដដែល​នៅ​បាត់ដំបង ស្របពេល​ដែល​លោក សាន សុភៈ ផ្ទេរ​ពី​មណ្ឌលគិរី និង​លោក ហាក់ ហ៊​ន់ ផ្ទេរ​ពី​រតនគិរី ទៅកាន់​តំណែង​ដូចគ្នា នៅ​ខេត្តកំពង់ចាម​។​
 
​លោក ទុង រតនា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ស្ពឺ ផ្ទេរ​ទៅ​ខេត្ត​ព្រះ​វែង​។  លោក ជា សុវណ្ណ​ថេត  ព្រះរាជអាជ្ញារង​ខេត្តមណ្ឌលគិរី ផ្ទេរ​ទៅ​ខេត្តកំពង់ធំ ហើយ​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ លោក មាស វ​ឌ្ឍ​នា ផ្ទេរ​ទៅ​មណ្ឌលគិរី វិញ​។ 
 
​ព្រះរាជអាជ្ញារង​ខេត្តកំពង់ចាម លោក ស៊ន មុនី ទៅកាន់​ការងារ​ដដែល​នៅ​ខេត្តស្វាយរៀង រីឯ លោក ស្រេង វុ​ទ្ធា ចេញពី​ស្វាយរៀង ទៅ​បំពេញការងារ​នៅ​ខេត្តសៀមរាប ដោយ​តម្រូវ​ឲ្យ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​ខេត្តសៀមរាប ប្តូរ​ការងារ​ទៅកាន់​ខេត្ត​ព្រះសីហនុ​វិញ​។ 
 
​ចុងក្រោយ អ្នកស្រី សុន សុខា​លីដា ព្រះរាជអាជ្ញារង​ខេត្តកំពង់ស្ពឺ ត្រូវបាន​ផ្ទេរ​មុខតំណែង​មក​បម្រើ​ការងារ នៅ​ក្រសួងយុត្តិធម៌ វិញ​៕
 
 
 
 

Tag:
 ព្រះ​រាជអាជ្ញា​
  តុលាការ​កំពូល​
  សាលាឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com