អន្តរជាតិ
រុស្ស៊ី​អាច​នឹង​បើក​មូលដ្ឋានទ័ព​សម័យ​សង្គ្រាមត្រជាក់​នៅ​គុយបា​ឡើងវិញ​ដើម្បី​ទប់ទល់​អាមេរិក
01, Nov 2018 , 9:19 pm        
រូបភាព
អតីតប្រធានាធិបតីគុយបា រ៉ាអ៊ូល កាស្ត្រូ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន
អតីតប្រធានាធិបតីគុយបា រ៉ាអ៊ូល កាស្ត្រូ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន
​សម្ព័ន្ធមិត្ត​រុស្ស៊ី និង​គុយបា​នៅ​សប្តាហ៍​នេះ​ចាប់ផ្តើម​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ជាថ្មីទៀត ដោយ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​សេដ្ឋកិច្ច​។ រុស្ស៊ី​ត្រៀមខ្លួន​ជួយ​គុយបា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដាក់ទុន​វិនិយោគ​បន្ថែម និង​ផ្តល់​កម្ចី​ឲ្យ​គុយបា​ទិញ​សព្វាវុធ​, សម្ភារៈ និង​បច្ចេកវិទ្យា​យោធា​ក្នុង​គោលដៅ​ទំនើបកម្ម​ការពារជាតិ ខណៈដែល​ទំនាក់ទំនង​រវាង​គុយបា និង​អាមេរិក​ដុនដាប​កាន់តែខ្លាំង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ខ្នងបង្អែក​គុយបា​តាំងពី​សម័យ​សង្គ្រាមត្រជាក់​រុស្ស៊ី​នេះ​ក៏​កំពុង​ត្រៀម​ចរចា​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​គុយបា​ដែរ​ដើម្បី​ជាការ​ឆ្លើយតប​នឹង​សកម្មភាព​អរិភាព​របស់​អាមេរិក​ដែល​ត្រៀម​ចាក​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​នោះ​។ តើ​ខ្យល់​ថ្មី​នេះ​អាច​នឹង​បក់​ឲ្យ​រងើក​សង្គ្រាមត្រជាក់​ឆាបឆេះ​ឡើងវិញ​ឬ​យ៉ាងណា​?


 
​ប្រធានាធិបតី​លោក មី​ហ្គែ​ល ឌី​យ៉ា​ស ខា​ណែ​ល (Miguel Diaz Canel)​។ នឹង​ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​នៅ​ទឹកដី​រុស្ស៊ី​ក្នុងនាម​ជា​ប្រមុខ​រដ្ឋកា​រ៉ា​អ៊ី​ប​គុយបា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែវិច្ឆិកា​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ឌី​យ៉ា​ស ខា​ណែ​ល នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន និង​នាយករដ្ឋមន្ត្រី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ដោយ​ផ្តោតលើ​បញ្ហា​ពិភពលោក ក៏ដូចជា​កំណត់​ទស្សនវិស័យ​ថ្មីៗ​ដើម្បី​លើកស្ទួយ​សម្ព័ន្ធភាព​ទ្វេភាគី​ផងដែរ​។ លោក ពូ​ទីន ធ្លាប់​ជួបគ្នា​ជាមួយ​លោក ឌី​យ៉ា​ស ខា​ណែ​ល​ច្រើនដង​មកហើយ​ក្នុងនោះ​មាន​ម្តង​ក្នុង​ឆ្នាំ ២០១៤​នៅ​ហា​វ៉ា​ណា និង​ម្តងទៀត​នៅ​មូ​ស្គូ ឆ្នាំ ២០១៦ ប៉ុន្តែ​ពេលនោះ​លោក​នៅ​ជា​អនុ​ប្រធានាធិបតី​នៅឡើយ​។​
 
​ចង់​រម្លឹក​បន្តិច​ថា លោក ឌី​យ៉ា​ស ខា​ណែ​ល ត្រូវបាន​សភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​បំពេញការងារ​ជា​ប្រធានាធិបតី​កាលពី​ចុងខែ​មេសា​កន្លងទៅ ហើយ​លោក​ជា​មនុស្ស​ទីមួយ​ដែល​មិន​ជាប់សែស្រឡាយ​ក្រុមគ្រួសារ​កា​ស្ត្រូ​បាន​ក្លាយជា​មេដឹកនាំ​គុយបា​ក្នុង​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​មកនេះ​។ ដើម្បី​ណែនាំ​ខ្លួន លោក ឌី​យ៉ា​ស ខា​ណែ​ល បានជ្រើសរើស​ទៅ​ទស្សនកិច្ច​សម្ព័ន្ធមិត្ត​រុស្ស៊ី មុននឹង​បន្តទៅ​ទស្សនកិច្ច​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដូចជា​ចិន​, វៀតណាម ឡាវ និង​កូរ៉េខាងជើង​។ 
 
​ត្រឡប់មកវិញ វិស័យ​ការពារជាតិ និង​សេដ្ឋកិច្ច​នឹង​ក្លាយជា​រឿង​អាទិភាព​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ឌី​យ៉ា​ស ខា​ណែ​ល ពេលនេះ ស្រប​ពេលដែល​ប្រមុខ​ដឹកនាំ​ថ្មី​រូបនេះ​ព្យាយាម​ធ្វើ​ទំនើបកម្ម​ការពារជាតិ និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​។ បន្ថែម​ពីនេះ គុយបា​ក៏ត្រូវ​ការ​រុស្ស៊ី​ជួយ​ប្រើប្រាស់​អំណាច​ការទូតរ​បស់​ខ្លួន​ដើម្បី​ជំរុញ​ការបញ្ចប់​ទណ្ឌកម្ម និង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​គុយបា​របស់​អាមេរិក​ផងដែរ​។​
 
១.​រុស្ស៊ី​ផ្តល់​កម្ចី​ការពារជាតិ​ដល់​សម្ព័ន្ធមិត្ត​គុយបា​
 
​នា​សម័យ​សង្គ្រាមត្រជាក់ រដ្ឋាភិបាល​សង្គម​គុយបា​ពឹងផ្អែក​ខ្លាំង​លើ​សហភាពសូវៀត​ក្នុង​សេដ្ឋកិច្ច ការទូត និង​នយោបាយ​។ ក្រោយ​សហភាពសូវៀតរ​លំ​រលាយ​ឆ្នាំ ១៩៩១ រដ្ឋ​ស្នង​រុស្ស៊ី​បន្ត​ទំនាក់ទំនង​ដែលមាន​នេះ​រហូតមកដល់​ទៀត​ថ្វីបើ​រុស្ស៊ី​មិនបាន​ផ្តល់ជំនួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គុយបា​ដូច​សហភាពសូវៀត​ធ្លាប់ធ្វើ​ក៏ដោយចុះ​។  ក្រោយ​លោក ពូ​ទីន ឡើងកាន់តំណែង​ឆ្នាំ ២០០០ សម្ព័ន្ធភាព​ទ្វេភាគី​នេះ​កាន់តែ​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ បច្ចុប្បន្ន​ភាគី​ទាំងពីរ​មាន​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រួមគ្នា ហើយ​កិច្ចសហប្រតិបត្តិការ​យោធា​ក៏​ស្ថិតនៅ​កម្រិត​ខ្ពស់​ដែរ​។ 
 
​មួយ​ថ្ងៃមុន​ទស្សនកិច្ច​នេះ​ចាប់ផ្តើម កាសែត​សេដ្ឋកិច្ច​រុស្ស៊ី Kommersant បាន​ផ្សាយ​ថា រុស្ស៊ី​នឹង​ផ្តល់​កម្ចី​មួយកញ្ចប់​ទំហំ ៥០ លាន​ដុល្លារ​ឯណោះ​ដល់​គុយបា​ដើម្បី​ទិញ​សព្វាវុធ​ថ្មីៗ​នៅពេល​ខាងមុខ​។ របាយការណ៍​នោះ​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​នេះ​ទំនងជា​ត្រូវ​ចុះ​រួមគ្នា​អំឡុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ដែល​ចាប់ផ្តើម​តាំងពីរ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មក​នោះ​។ 
 
​រដ្ឋាភិបាល​គុយបា​តាមពិតទៅ ចាប់អារម្មណ៍​លើ​ការ​នាំចូល​រថយន្តយោធា​, ឧទ្ធម្ភាគចក្រ​យោធា និង​អាវុធ​ធុន​តូច​មួយចំនួន បូករួម​ទាំង​គ្រឿងបន្លាស់​រថក្រោះ​ផងដែរ​។  គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ សម្ភារ​យោធា​ភាគច្រើន​ដែល​ទាហាន​គុយ​ប្រើប្រាស់​គឺ​ផលិត​ដោយ​សូ​វៀត និង​រុស្ស៊ី​។ 
 
​អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បានទទួល​ស្គាល់​ដែរ​ថា កិច្ចសហប្រតិបត្តិការ​យោធា​គឺ​ពិត​ជាមាន​មែន​នៅក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ទ្វេភាគី​រវាង​លោក ពូ​ទីន ជាមួយ​លោក ឌី​យ៉ា​ស ខា​ណែ​ល​នៅ​ថ្ងៃ​សុក្រ​។ ប៉ុន្តែ​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ឡើយ​ថា ការចុះផ្សាយ​ពី​រឿង​លុយ​កម្ចី​យោធា​នោះ​ត្រឹមត្រូវ​ឬ​យ៉ាងណា​ឡើយ​។​
 
២.​សេដ្ឋកិច្ច​កាន់តែ​ដុនដាប​ព្រោះ​ទណ្ឌកម្ម​អាមេរិក គុយបារ​ត់រក​ជំនួយ​ពី​រុស្ស៊ី​
 
​បើ​ក្រឡេកមើល​វិស័យសេដ្ឋកិច្ច​វិញ ការវិនិយោគ និង​បម្លាស់ប្តូរ​ពាណិជ្ជកម្មរ​វាង​សម្ព័ន្ធមិត្ត​ទាំងពីរ​រីក​ធំធាត់​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ពេលបច្ចុប្បន្ន​នេះ គុយបា​ក៏ត្រូវ​ការពឹង​ពាក់​រុស្ស៊ី ដើម្បី​ជួយសង្គ្រោះ​ដង្ហើម​សេដ្ឋកិច្ច​របស់ខ្លួន​ដែល​ត្រដរខ្យល់​ជាថ្មី​ដែរ​។​
 
​ជុំវិញ​វិស័យសេដ្ឋកិច្ច​នេះ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA-Novsti ចុះផ្សាយ​សម្តី​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Yuri Borisov ដែល​ទើប​បំពេញ​ទស្សនកិច្ច​នៅ​គុយបា ថា រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ធំៗ​ជាច្រើន​ដែលមាន​តម្លៃ​សរុប​ប្រហែល ២៦០ លាន​ដុល្លារ​ដើម្បី​ជួយ​គុយបា​ធ្វើ​ទំនើ​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ដឹកជញ្ជូន​។ 
 
​កាសែត​ដដែល​នោះ​ក៏បាន​បញ្ជាក់ដែរថា គុយបា​ក៏មាន​បំណង​ទិញយក​សម្ភារ និង​គ្រឿងចក្រ​ឧស្សាហកម្ម​ពី​រុស្ស៊ី​ផងដែរ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខាងលើនេះ​ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​របស់ខ្លួន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​គុយបា និង​រុស្ស៊ី​មាន​ទំហំ ២៤៨ លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៦​។ ប៉ុន្តែ​ទំនិញ​នាំ​ចេញពី​រុស្ស៊ី​ទៅ​គុយបា​កើនឡើង ៨១​ភាគរយ​កើន​ដល់ ២២៥​លាន​ដុល្លារ​ឯណោះ​ចន្លោះ​ពី​ខែ មករា​ដល់​ខែកញ្ញា​ឆ្នាំនេះ ខណៈដែល​រុស្ស៊ី​រំពឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​កើន​អាច​ឡើងដល់ ៣៥០​លាន ឬ​៤០០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​។ 
 
​ទាក់ទិន​នឹង​វិស័យ​ថាមពល ចុងឆ្នាំ​មុន គុយបា និង​រុស្ស៊ី​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ថាមពល ដោយ​រុស្ស៊ី​នឹង​ជួយ​ផ្គត់ផ្គង់​ប្រេង​ដល់​គុយបា​តាម​ដែល​អាច​ធ្វើតាម​ក្នុង​តម្លៃថោក​។ ក្រុមហ៊ុន​ប្រេង​រដ្ឋ​រុស្ស៊ី Rosneft កាលពី​ខែឧសភា​កន្លងទៅ​បានចាប់ផ្តើម​នាំចេញ​ប្រេង​ទៅ​គុយបា​ជា​លើកដំបូង ដែល​វា​បង្ហាញ​ឲ្យ​ឃើញថា គុយបា​ត្រូវការ​រុស្ស៊ី​ដើម្បី​ធានា​ផ្គត់ផ្គង់​ថាមពល​របស់ខ្លួន​។​
 
​តាមពិតទៅ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​កើន​កាន់តែ​រហ័ស​ពេលដែល​ទំនាក់ទំនង​រវាង​គុយបា និង​អាមេរិក​ល្អក់កករ​ថែមទៀត បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​នយោបាយ​អាមេរិក​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​ចុងឆ្នាំ ២០១៦​នោះ​។ 
 
​ទំនាក់ទំនង​រវាង​អាមេរិក និង​គុយបា​ត្រូវបាន​ស្តារឡើងវិញ​ទាំងស្រុង​នៅក្នុង​ឆ្នាំ ២០១៥​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ការ​ត្របាញ់​ចូលគ្នា​ផ្នែក​ការទូត​រវាង​សត្រូវ​ចាស់​នេះ ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​បើកផ្លូវ​ក្រុមហ៊ុន​អាមេរិក ក៏ដូចជា​អ្នកទេសចរ​ចូល​ទឹកដី​គុយបា​កាន់តែ​ងាយស្រួល​។ សេដ្ឋកិច្ច​គុយបា​ដែល​ត្រដរខ្យល់​រាប់​ទសវត្សរ៍​មកនេះ អាច​ស្គាល់​ដង្ហើម​ថ្មី​មួយគ្រា​ដែរ​។ 
 
​ប៉ុន្តែ​គ្រប់​យ៉ាងណា​ប្រែប្រួល ក្រោយ​ការចាកចេញ​របស់លោក អូ​បា​ម៉ា ដើមឆ្នាំ ២០១៧​។ ប្រធានាធិបតី​ថ្មី​លោក ដូ​ណា​ល់​ត្រាំ មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​ការផ្តល់​សម្បទាន​ច្រើន​ដល់​គុយបា​បែបនេះ​។​បាន​ឡើងកាន់តំណែង​ភ្លាម​លោក ត្រាំ សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​គុយបា​ឡើងវិញ ដោយ​បញ្ចប់​ការអនុញ្ញាត​ឲ្យ​ប្រជាជន​អាមេរិក​ធ្វើដំណើរ​កម្សាន្ត​ទៅ​គុយបា និង​ហាមឃាត់​រាល់​ចរន្ត​ទូរ​ទាត់​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​ស្ថាប័ន​យោធា ស្ថាប័ន​ចារកម្ម និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាពិសេស​ធនាគារ​, ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉ង និង​ដឹកជញ្ជូន​ជាដើម​។ 
 
​វិធានការ​របស់លោក ត្រាំ បានធ្វើ​ឲ្យ​មានការ​ថមថយ​យ៉ាងគំហុក​នៃ​លំហូរ​វិនិយោគ​ពី​អាមេរិក និង ចំនួន​អ្នកទេសចរ​មក​កម្សាន្ត​នៅ​គុយបា​។ ហើយ​បូកផ្សំ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​ធ្ងន់ធ្ងរ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលជា​សម្ព័ន្ធមិត្ត​មួយ​ប្រចាំ​អាមេរិក​ឡាទីន​នោះ នោះ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រដ្ឋកា​រ៉ា​អ៊ី​ប​គុយបា​កាន់​ចុះ​ដុនដាប​ខ្លាំង​ថែមទៀត​។ ដល់​ត្រង់នេះ សូម​បើក​វង់ក្រចក​បន្តិច​ដែរ ជុំវិញ​ផលប៉ះពាល់​នៃ​វិបត្តិ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​លើ​សេដ្ឋកិច្ច​គុយបា​។ ដោយសារ​គុយបា​នាំ​ប្រេង​ភាគច្រើន​ពី​វេ​ណេ​ស៊ុយ​អេ​ឡា វិបត្តិ​ដែល​អូសបន្លាយ​នៅ​ទីនោះ​ក្លាយជា​បន្ទុក​ហិរញ្ញវត្ថុ ត្រូវរ​ត់រក​ប្រភព​ផ្គត់ផ្គង់​ប្រេង​ថ្មី​ដែល​អាចមាន​តម្លៃថោក​ប្រហាក់ប្រហែល​នឹង​តម្លៃ​ប្រេង​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។ ឯ​រុស្ស៊ី​នេះ​ស្ថិត​ក្នុងចំណោម​ដៃគូ​ដែល​អាច​ផ្គត់ផ្គង់​ប្រេង​ឲ្យ​គុយបា​បាន​ក្នុង​តម្លៃថោក​។ 
 
៣.​ក្រុង​មូ​ស្គូ​ប៉ង​បើក​មូលដ្ឋានទ័ព​សម័យ​សង្គ្រាមត្រជាក់​នៅ​គុយបា​ឡើងវិញ​ដើម្បី​កំញើញ​អាមេរិក​
 
​រឿង​សំខាន់ និង​ចម្រូងចម្រាស​មួយទៀត ដែល​អាច​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​រវាង​មេដឹកនាំ​គុយបា និង​សម​ភាគី​រុស្ស៊ី​លោក ពូ​ទីន គឺ​ការបើក​មូលដ្ឋានទ័ព​រុស្ស៊ី​តាំងពី​សម័យ​សង្គ្រាមត្រជាក់​នៅ​គុយបា​ឡើងវិញ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax  ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​នៃ​សភា​ឌូ​ម៉ា​លោក Vladimir Shamanov បានលើកឡើង​ពី​លទ្ធភាព​នៃ​ការ​ឈានទៅ​ចរចា​បើក​មូលដ្ឋានទ័ព​ឡើងវិញ នៅពេលដែល​លោក​បកស្រាយ​ពី​លទ្ធភាព​របស់​រុស្ស៊ី​ក្នុងការ​ឆ្លើយតប​នឹង​ឥរិយាបថ​គ្មាន​ទំនួល​ខុសត្រូវ​របស់​អាមេរិក​ដែល​ចង់​ដកខ្លួន​ពី​សន្ធិសញ្ញា​គ្រប់គ្រង​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម (INFT)​។ 
 
​ប៉ុន្មាន​ថ្ងៃមុន​ទស្សនកិច្ច​របស់​លោក ឌី​យ៉ា​ស ខា​ណែ​ល លោក Shamanov បាន​និយាយ​ដូច្នេះ​៖ «​ការវាយតម្លៃ​លើ​សេ​ណេ​រី​យ៉ូ (​បើក​មូលដ្ឋានទ័ព​នៅ​គុយបា​)​នេះ​កំពុង​បន្ត​ទៅមុខ​នៅឡើយ ហើយ​សំណើរ​នេះ​នឹងត្រូវ​ដាក់ចេញ​ឆាប់ៗ​ផង​»​។ 
 
​តាមពិតទៅ គម្រោង​នេះ​មិនមែនជា​រឿង​ថ្មី​ទេ​។ កាលពី​ចុង​ឆ្នាំមុន​ទីប្រឹក្សា​របស់លោក ពូ​ទីន ក៏បាន​លើកឡើង​ពី​សេណា​រី​យ៉ូ​ស្រដៀង​គ្នា​នេះ ដើម្បី​ឆ្លើយតប​នឹង​បង្កើន​អរិភាព​របស់​ក្រុង​វ៉ាស៊ីនតោន​ជាពិសេស​ការបន្ត​ដឹកនាំ​សមាជិក​ណា​តូ​បង្កើន​វត្តមាន​កងទ័ព​នៅតាម​ព្រំដែន​របស់ខ្លួន​។​
 
​និយាយ​ដល់​ការបើក​មូលដ្ឋានទ័ព​រុស្ស៊ី​ឡើងវិញ​នៅ​គុយបា គេ​ស្រមៃ​ដល់​អំឡុង​ទសវត្សរ៍​ទី ៦០ ពេលដែល​ពិភពលោក​ស្គាល់​វិបត្តិ​នុយក្លេអ៊ែរ​គុយបា ពេលដែល​មានការ​ប្រឈមមុខ​ដាក់គ្នា​ស្រួចស្រាល់​រវាង​សហភាពសូវៀត និង​អាមេរិក​នោះ​។ សហភាពសូវៀត​បាន​ដំឡើង​អាវុធ​នុយក្លេអ៊ែរ​នៅ​ស្ថានីយ៍ Lourdes SIGINT លើ​ទឹកដី​គុយបា ឆ្លើយតប​នឹង​អាមេរិក​ដែល​ដំឡើង​នុយក្លេអ៊ែរ​នៅ​តួ​ក​គី​គំរាម​ខ្លួន​នោះ​។ នៅក្នុង​ឆ្នាំ ២០០២ វិមាន​ក្រេ​ម​ឡាំង​បានសម្រេច​បិទ​ទីតាំង​ខាងលើនេះ​ចោល​។ 
 
​ក្រឡេក​ទៅ​មើល​ទីតាំង​ភូមិសាស្ត្រ គុយបា​មាន​ទីតាំង​ស្ថិតនៅ​ត្រឹម ៩០ ម៉ា​ល៍​ប៉ុណ្ណោះ​ពីរ​ដ្ឋ Florida អាមេរិក ហើយ​មានការ​ព្យាករណ៍​ថែម​ទៀតថា រាល់​ការ​ឈានទៅ​បើក​មូលដ្ឋានទ័ព​នៅ​គុយបា​ជាថ្មី​នឹងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ថែម ឬ​អាចបង្កើត​វិបត្តិ​នុយក្លេអ៊ែ​គុយបា​ជំនា​ន់ទី​២​ផង​ក៏​អាច​ថា​បាន​។ 
 
​កន្លងមក មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​បាន​ទទូច​ឲ្យ​អាមេរិក និង​រុស្ស៊ី​ធ្វើយ៉ាងណា​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ផ្សះផ្សា​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ ព្រោះថា រាល់​ការអូសបន្លាយ​នៃ​ការប្រឈមមុខ​ដាក់គ្នា​នេះ​នឹង​បង្កើត​នូវ​ស្ថានភាព​មួយ​ស្រដៀង​នឹង​វិបត្តិ​នុយក្លេអ៊ែរ​គុយបា​ដែរ​។ យ៉ាងណាមិញ វា​ស្ថិតនៅ​ក្នុងការ​ព្យាករ​នៅឡើយ​ជុំវិញ​ការឈាន​ទៅ​បើក​មូលដ្ឋានទ័ព​រុស្ស៊ី​។ ប៉ុន្តែ​ការបើក​ដំណើរការ​ទីតាំង​យោធា Lourders SIGINT ឡើងវិញ​ប្រហែលជា​នឹង​បម្រើ​ឲ្យ​ផ្នែក​ចារកម្ម​ច្រើនជាង​សកម្មភាព​កងទ័ព​ឬ​ដំឡើង​សព្វាវុធ​ធុន​ធ្ងន់​ដែល​អាច​បណ្តាល​ឲ្យ​វិបត្តិ​ធ្ងន់ធ្ងរ​កើតឡើង​៕
 

Tag:
 ​គុយបា​
  អាមេរិក​
  សង្គ្រាមត្រជាក់​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com