ជាតិ
លោក ប៉ាន សូរ​សក្តិ ជំរុញ​ឥណ្ឌា​វិនិយោគ​លើ​វិស័យ​អប់រំ ដើម្បី​ជួយ​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​
02, Nov 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ ជំរុញ​ឲ្យ​ឥណ្ឌា វិនិយោគ​លើ​វិស័យ​អប់រំ តាមរយៈ​ការបង្កើត​សាកលវិទ្យាល័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ព័ត៌មានវិទ្យា និង​កសិកម្ម ដើម្បី​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា សំដៅ​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ការធ្វើ​ពិពិធ​កម្ម (​ពង្រីក​) កំណើន​សេដ្ឋកិច្ចជាតិ​។​


 
​ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាន សូរ​សក្តិ បាន​និយាយថា កត្តា​ប្រឈម​របស់​កម្ពុជា គឺ​បញ្ហា​កង្វះ​ធនធានមនុស្ស​ដែលមាន​គុណភាព ដើម្បី​បម្រើ​គម្រោង​វិនិយោគ​ធំៗ ដូច្នេះ​កម្ពុជា​ត្រូវការ​អ្នកជំនាញ និង​កន្លែង​បណ្ដុះបណ្ដាល​យុវជន ឲ្យ​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ប្រកួតប្រជែង និង​អភិវឌ្ឍន៍​ប្រទេស​។ 
 
​ដោយសារតែ​មើលឃើញ​ពី​ភាពខ្វះខាត​នេះ លោក ប៉ាន សូរ​សក្តិ បានស្នើ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ជួយ​កៀងគរ​វិនិយោគិន​ឥណ្ឌា មក​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​បង្កើត​សាកលវិទ្យាល័យ ដែលមាន​កម្មវិធីសិក្សា​ទាក់ទង​ព័ត៌មានវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប សម្រាប់​និស្សិត​កម្ពុជា​។​
 
​ថ្លែង​ក្នុងជំនួប នៅ​ព្រឹក​ថ្ងៃទី​២ វិច្ឆិកា​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រទេស​ឥណ្ឌា មាន​ភាពលេច​ធ្លោ​លើ​វិស័យ​បច្ចេកវិទ្យា និង​មាន​កម្មវិធីសិក្សា​ល្អៗ​ទាក់ទង​ព័ត៌មានវិទ្យា និង​កសិកម្ម ដូច្នេះ​សូមជួយ​នាំយក​កម្មវិធីសិក្សា​ទាំងអស់នោះ មក​ចែករំលែក​ដល់​និស្សិត​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រទេស និង​ឆ្លើយតប​តម្រូវការ​វិនិយោគិន​បរទេស​»​។
​ចំណុច​នេះ វា​ស្ថិតនៅក្នុង​ការពិភាក្សា និង​សម្រេចចិត្ត​ពី​រដ្ឋាភិបាល​ឥណ្ឌា​សិន​។ លោកស្រី ម៉ា​នី​កា ជែ​ន (Manika Jain) សន្យា​យក​សំណើ​កម្ពុជា​នេះ ទៅ​ជម្រាប​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ឥណ្ឌា ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​វិស័យ​អប់រំ និង​វិស័យ​កសិកម្ម ដើម្បី​ចូលរួម​លើកស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល​។​
 
​ក្រៅពី​មានបំណង​ចងជួយ​ដោះស្រាយ​កម្ពុជា​ហើយ លោកស្រី ម៉ា​នី​កា ជែ​ន ក៏​គ្រោង​អញ្ជើញ​វិស័យ​ឯកជន​កម្ពុជា ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ធុរកិច្ច​សំខាន់ៗ នៅក្នុង​ប្រទេស​ឥណ្ឌា​ខាងមុខនេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ។​
 
​កន្លងមក​អ្នកជំនាញ​ឥណ្ឌា បាន​ចុះ​សិក្សា​ចំនួន​៣​ចំណុច លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន (ICT) នៅតាម​ជនបទ ,​ការបង្កើត​ធនធានមនុស្ស​លើ​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន និង​គម្រោង​បង្កើត​ភូមិ​ឌីជីថល​នៅ​កម្ពុជា ។ ក្រោយ​សិក្សា​រួច ឥណ្ឌា​ក៏មាន​គំនិត ចង់​បង្កើត​ភូមិ​ឌីជីថល​គំរូ​មួយ នៅក្នុង​ស្រុក​ទ្រាំង ដោយ​ផ្ដោតលើ​កិច្ចការងារ​កសិកម្ម​។​
 
​រដ្ឋាភិបាល​ឥណ្ឌា បាន​ចាត់​ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជា​តំណាង​ក្នុង​ការទទួល​រ៉ាប់រង​លើ ការអនុវត្ត​គម្រោង​សាកល្បង​ខាងលើ​នៅ​កម្ពុជា​។ កន្លងមក​ក្រុមហ៊ុន TCIL បាន​បញ្ជូន​ក្រុមការងារ និង​អ្នកជំនាញ​បច្ចេកទេស មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤-២៥ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​សិក្សា​លើក​គម្រោង​នេះ​៕
 

Tag:
 ប៉ាន សូរ​សក្តិ​
  អប់រំ​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com