ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​-​អាមេរិកាំង​ម្នាក់​ត្រូវបានតែងតាំង​ជា​ចៅក្រម​តុលាការ​ជាន់ខ្ពស់​
03, Nov 2018 , 12:59 pm        
រូបភាព
លោកស្រី Jana M. Seng (កណ្តាល) ត្រូវបាន​​តែងតាំង​ជាចៅក្រម​តុលាការជាន់ខ្ពស់​ប្រចាំទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា។ លោកស្រី​ Jana M. Seng ​បាន​បំពេញ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ តាំងពីឆ្នាំ​២០១៦មក។
លោកស្រី Jana M. Seng (កណ្តាល) ត្រូវបាន​​តែងតាំង​ជាចៅក្រម​តុលាការជាន់ខ្ពស់​ប្រចាំទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា។ លោកស្រី​ Jana M. Seng ​បាន​បំពេញ​ការងារ​ជា​អនុប្រធាន​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក្នុង​ទីក្រុង​ឡូស អាន់ជឺឡេស​ តាំងពីឆ្នាំ​២០១៦មក។
ដោយ: VOA
​វ៉ាស៊ីនតោន៖ ​ស្ត្រី​ខ្មែរ​អាមេរិកាំង​មួយរូប​ត្រូវបានតែងតាំង​ជា​ចៅក្រម​តុលាការ​ជាន់ខ្ពស់​ប្រចាំ​ទីក្រុង​ឡូ​ស អាន់​ជឺ​ឡេស (Los Angeles) ដែលជា​តំណែង​ចៅក្រម​ដ៏​ខ្ពង់ខ្ពស់​មួយ​នៃ​ប្រព័ន្ធយុត្តិធម៌​ប្រចាំ រដ្ឋកា​លី​ហ្វ​ញ៉ា​។​

 
​លោកស្រី Jana M. Seng មាន​អាយុ​៤៣​ឆ្នាំ ទទួលបាន​ការតែងតាំង​ពី​លោក​អភិបាលរដ្ឋ​កាលី​ហ្វ​ញ៉ា Jerry Brown ជាមួយនឹង​ចៅក្រម​តុលាការ​ជាន់ខ្ពស់​ចំនួន​១០​នាក់​ផ្សេងទៀត សម្រាប់​ទីក្រុង​ធំៗ​មួយចំនួន​ដែលមាន​ដូចជា​ទីក្រុង Orange, San Francisco, San Diego និង Santa Cruz ជាដើម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​លោក​អភិបាលរដ្ឋ​ដែល​បានប្រកាស​កាលពី​សប្តាហ៍​មុន​។​
 
​សេចក្តីប្រកាស​បាន​បន្ត​ថា​៖
 
«​លោកស្រី​ត្រូវ​ទៅ​ជំនួស​តំណែង​ទំនេរ បន្ទាប់ពី​លោក​ចៅក្រម Halim Dhanidina ត្រូវបាន​ដំឡើង​តំណែង​ជា​ចៅក្រម​សាលាឧទ្ធរណ៍​»​។​
 
​លោកស្រី Jana M. Seng បាន​បំពេញការងារ​ជា​អនុប្រធាន​ការិយាល័យ​មេធាវី​ការពារ​ក្តី​សាធារណៈ​ក្នុង​ទីក្រុង​ឡូ​ស អាន់​ជឺ​ឡេស តាំងពី​ឆ្នាំ​២០១៦​មក​។ លោកស្រី​បានធ្វើការ​ជា​អ្នកការពារ​ក្តី​ដល់​ជនក្រីក្រ​នៅ​ទីក្រុង​នេះ​តាំងពី​ឆ្នាំ​២០០២ ដោយ​កាន់តំណែង​ផ្សេងៗ​ជាច្រើន​។ នេះ​បើតាម​ប្រវត្តិ​សង្ខេប​ដែល​បានប្រកាស​ដោយ​គេហទំព័រ​ខុទ្ទកាល័យ​លោក​អភិបាលរដ្ឋ​។​
 
​លោកស្រី Jana M. Seng ទទួលបាន​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​ច្បាប់​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន និង​បរិញ្ញាប័ត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ​រដ្ឋកា​លី​ហ្វ​ញ៉ា ក្នុង​ទីក្រុង​ឡុង​ប៊ិច​។ លោកស្រី​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គណបក្ស​របស់​លោក​អភិបាលរដ្ឋ Jerry Brown ដែល​នឹង​ត្រូវផុត​អាណត្តិ​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com