ជាតិ
សង្គមជាតិ
លោក ស៊ា សុផល ផ្តួចផ្តើម​ឱ្យមាន​សកម្មភាព​សម្អាត​ប្លា​ស្ទិ​ក​នៅតាម​ដើមឈើ​ក្នុង​បឹង​ទន្លេសាប​
03, Nov 2018 , 4:30 pm        
រូបភាព
​សៀមរាប​៖ លោក ស៊ា សុផល គឺជា​ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​លោក​កំពុង​ធ្វើ​យុទ្ធនាការ​លើ​គម្រោង​សម្អាត​បឹង​ទន្លេសាប ដែល​កៀងគរ​ឱ្យមាន​សកម្មភាព​សម្អាត​សំរាម​នៅក្នុង​បឹង​ទន្លេសាប​។ គម្រោង​នេះ​បានចាប់ផ្តើម​ដំបូង​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ជា​ឃុំ​ដែលមាន​ពលរដ្ឋ​រស់នៅ​ជាង​ពីរពាន់​គ្រួសារ​។ កាលពី​ថ្ងៃទី ៣១ តុលា លោក​បាន​ដឹកនាំ​សកម្មភាព​សម្អាត​សំរាម​នៅតាម​ដើមឈើ ដែល​ទើរ​ជាប់​នា​រដូវ​ទឺ​ក​ឡើង​។​

 
​តាមពិតទៅ ការសម្អាត​ប្លា​ស្ទិ​ក​ដែល​នៅជាប់​លើ​ដើមឈើ​ក្នុង​តំបន់​កំពង់​ឃ្លាំង​នេះ គឺជា​សកម្មភាព​លើក​ទី​ពីរ​ហើយ​របស់លោក ស៊ា សុផល​។ សកម្មភាព​ទីមួយ​ត្រូវបាន​រៀបចំ​ធ្វើ​កាលពី​ពាក់កណ្ដាល​ខែតុលា ដែលមាន​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដោយបាន​ជិះទូក​ដួស​សំរាម​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប​។ 
 
 
​ខុសពី​លើក​មុន ការប្រមូល​សម្អាត​លើក​នេះ គឺ​ភាព​ច្រើន​ជា​ប្រភេទ​ថង់​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​ក​មិន​ត្រឹម​មិន​រលាយ​ទេ ថែមទាំង​បំពុល​ជីវចម្រុះ​ក្នុង​ទឹក​ផងដែរ​។ ក្នុង​គម្រោង​នេះដែរ សំរាម​ទាំងអស់​នឹងត្រូវ​ប្រមូល​ទុក​ដើម្បី​យកទៅ​កែច្នៃ​ជា​វត្ថុ​ប្រើប្រាស់ និង​វត្ថុ​សិល្បៈ​ផ្សេងៗ​បម្រើ​ដល់​ផលប្រយោជន៍​សហគមន៍​ឡើងវិញ​។ គម្រោង​នេះ ក៏​នឹង​បង្កើតជា​សារមន្ទីរ​កែច្នៃ​មួយ​នៅ​មូលដ្ឋាន​សហគមន៍​កំពង់​ឃ្លាំង ដោយ​ជ្រើសរើស​ប្រជាពលរដ្ឋ​គោលដៅ​មួយចំនួន​សម្រាប់​ដំណើរការ​គម្រោង​៕
 

 


Tag:
 ​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com