អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​វៀតណាម​៖ ចំណូល​ប្រជាជន​ម្នាក់​អាច​កើន​ដល់ ១៨ ០០០​ដុល្លារ ក្នុង​មួយឆ្នាំ​ត្រឹម​ឆ្នាំ​២០៤៥
04, Nov 2018 , 9:30 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្តេជ្ញាចិត្ត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​កាន់តែ​រីកលូតលាស់​ដូច​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​របស់​ពិភពលោក​មួយចំនួន និង​ជាពិសេស​នោះ ធ្វើយ៉ាងណា​កែប្រែ​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​របស់ខ្លួន ដែល​ធ្លាប់តែ​ទាប​ជាង​បណ្តា​ប្រទេស​មិត្ត​ជិតខាង​។ ក្រុង​ហាណូយ ក៏​ទទូច​ឲ្យ​អ្នកជំនាន់ក្រោយៗ បន្ត​អភិវឌ្ឍ​ខ្លួន​ទៅមុខទៀត​ផងដែរ​។


​នៅ​ចំពោះមុខ​រដ្ឋសភាជាតិ​ថ្ងៃ​០១ វិច្ឆិកា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc បាន​សម្តែង​ពី​សុទិដ្ឋិនិយម​ខ្ពស់​លើ​កម្រិត​នៃ​ការលូតលាស់​របស់​ប្រទេស​វៀតណាម​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី អាច​ហ៊ាន​កំណត់ថា វៀតណាម នឹង​អាចមាន​ផលិតផល​ក្នុងស្រុក​សរុប​រហូតដល់ ២.៥ ទ្រី​លាន​ដុល្លារ និង​ចំណូល​របស់​ប្រជាជន​ម្នាក់​ក្នុង​មួយឆ្នាំ អាច​ទទួលបាន ១៨០០០ ដុល្លារ នៅត្រឹម​ឆ្នាំ​២០៤៥​។ នេះ​បើ​យោងតាម​ក​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ទទួលស្គាល់ថា ដើម្បី​អាច​ទៅដល់​ចំណុច​នេះ វៀតណាម ត្រូវមាន​ការផ្លាស់ប្តូរ​ច្រើន និង ថែមទាំង​តម្រូវ​ឲ្យ​អ្នកជំនាន់ក្រោយ​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិនត្រូវ​បោះបង់​គោលដៅ​ទៅមុខ ក្នុងការ​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាពរុងរឿង​នោះទេ​។ លោក លើកឡើងថា បច្ចុប្បន្ន​វៀតណាម​អាច​ធានា​ពី​កំណើន​រៀងរាល់ឆ្នាំ ៦​ភាគរយ ខណៈ​ទំហំ​សេដ្ឋកិច្ច កើន ១៧.៤ ដង ក្នុង​រយៈ​៣​ទសវត្សរ៍​ចុងក្រោយ​។​
 
​ខណៈ​ទទួលស្គាល់ថា ស្ថានភាព​សេដ្ឋកិច្ច​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​នៅឡើយ លោកនាយក​រដ្ឋមន្ត្រី នៅតែ​មើលឃើញ​ពី​ភាពល្អប្រសើរ និង​ការវិវត្ត នៃ​សេដ្ឋកិច្ចជាតិ កាន់​តែមាន​គម្លៀត​តិចជាង​មុន ធៀប​នឹង​បណ្តា​ប្រទេស​ជឿន​របស់​ពិភពលោក ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​ផងដែរ​។ 
 
« នៅ​ដើម​ទសវត្ស​ទី​៩០ ចំណូល​មនុស្សម្នា​ក់រប​ស់​សិង្ហ​បុរី ខ្ពស់ជាង​វៀតណាម​រហូតដល់​១២៥​ដង ហើយ​ឥលូវ នៅត្រឹម ២៤​ដង​ប៉ុណ្ណោះ​។ ថៃ ធ្លាប់​ខ្ពស់ជាង​វៀតណាម ១៦​ដង តែ​ពេលនេះ នៅត្រឹមតែ ២.៥ ដង​។ បើ​ធៀប​ជាមួយនឹង​ជប៉ុន​ឯណោះ​វិញ គម្លៀត​រវាង​ប្រទេស​ទាំងពីរ បាន​ធ្លាក់ចុះ​ពី​២៦៧​ដង មក​ត្រឹម ១៦​ដង ខណៈ អាមេរិក​ធ្លាក់​ពី ២៥២​ដង មក ២៥ ដង​»​។ នេះ គឺជា​ការប្រៀបធៀប​កំណើនសេដ្ឋកិច្ច​វៀតណាម​តាមរយៈ​ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្ស​ម្នាក់ របស់លោក​នាយករដ្ឋមន្ត្រី ក្នុងសម័យ​ប្រជុំ​ជាមួយ​សភា​។ 
 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី អ្វីដែល​វៀតណាម ត្រូវផ្តោត​សំខាន់​នៅ​ចំពោះមុខ​នោះ​គឺ យក​បញ្ហា​កសាង​ធនធានមនុស្ស ជា​បេះដូង និង​អាទិភាព​ក្នុងការ​ដំណើរការ​អភិវឌ្ឍ ហើយ​ផលិតកម្ម​ការងារ ត្រូវ​ប្រព្រឹត្តឡើង ដោយ​យក​ការ​ចៃ្ន​ប្រឌិត វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជា​គោល ពោលគឺ ប្រជាជន ត្រូវតែមាន​ការផ្លាស់ប្តូ​រ​ឲ្យ​ស្របតាម​ដំណាក់កាល​ទី​៤ នៃ​បដិវត្តន៍​ឧស្សាហកម្ម ដែល​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នានា ពឹងផ្អែក​ខ្លាំង​លើ​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ខ្ពស់​ទើប​ទទួលបាន​ឱកាស​ច្រើន​នោះ​៕ 
 
 
 
 
 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com