អន្តរជាតិ
ចិន​និង​ប៉ា​គី​ស្ថាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​ប្រើប្រាស់​ប្រាក់​យ័ន​
06, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​ចិន​បាន​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​លក្ខណៈ​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​ប្រើប្រាស់​ប្រាក់​យ័ន ជាជាង​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

 
​ក្រុមមន្ត្រី​និង​សេដ្ឋវិទូ​បាន​និយាយថា ដំណើរ​វិត្ត​ន៍​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ នឹង​អាចជួយ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​រហូតដល់​៨៧​ភាគរយ​របស់​រដ្ឋាភិបាល​ក្រុង អ៊ី​ស្លា​ម៉ា​បាដ ជាមួយនឹង​រដ្ឋាភិបាល​ក្រុង ប៉េកាំង និង​កាត់បន្ថយ​សម្ពាធ​ទៅលើ​ការខាតបង់​រូបិយប័ណ្ណ​បរទេស​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។​
 
​លោក Fawad Chaudhry រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ប៉ា​គី​ស្ថាន​បាន​និយាយថា «​កិច្ចព្រមព្រៀង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជំហាន​ជាក់ស្តែង​នានា​របស់​ចិន​ក្នុង​ការគាំទ្រ​ដល់​រូបិយប័ណ្ណ​បរទេស​នៅក្នុង​ប្រទេស​របស់​យើង​»​។ 
 
​លោក​បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​ទីក្រុង អ៊ី​ស្លា​ម៉ា​បាដ ថា កិច្ចព្រមព្រៀង​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​ត្រូវបាន​អនុម័ត​ជាមួយនឹង​មន្ត្រី​ដទៃទៀត​យ៉ាងហោចណាស់​១២​នាក់ ក្នុងអំឡុង​ពេលដែល​លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​ទៅកាន់​ទីក្រុង ប៉េកាំង ដែល​ទស្សនកិច្ច​នេះ​បានបញ្ចប់​កាលពី​ថ្ងៃ​ចន្ទ​។​
 
​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ ហើយ​ការនាំចេញ​របស់​ចិន​ទៅកាន់​ប៉ា​គី​ស្ថាន​ត្រូវបាន​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com