អន្តរជាតិ
លោក ត្រាំ បញ្ចប់​តំណែង Jeff Sessions ជា​រដ្ឋមន្ត្រី​យុត្តិធម៌ ក្រោយ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​
08, Nov 2018 , 2:32 pm        
រូបភាព
លោក ដូណាល់ ត្រាំ និងលោក Jeff Sessions (រូបភាព AFP)
លោក ដូណាល់ ត្រាំ និងលោក Jeff Sessions (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា បាន​បញ្ឈប់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្ត្រី​យុត្តិធម៌​។ ការបញ្ចប់​តំណែង​នេះ​ធ្វើឡើង​ក្រោយ​បក្ស​សាធារណរដ្ឋ​ទទួលលទ្ធផល​មិនសូវ​ល្អ​ឡើយ​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ដោយ​បាត់បង់​ការគ្រប់គ្រងរ​ដ្ឋ​សភា​ទៅ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​។ វា​ក៏​ជា​បញ្ចប់​ការមើល​មុខ​គ្នា​មិនត្រូវ​រវាង​ប្រធានាធិបតី និង​មន្ត្រី​ក្រោមបង្គាប់​ជុំវិញ​ករណី​ស៊ើបអង្កេត​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដែរ​។​

 
​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions គឺជា​ជនរងគ្រោះ​ដំបូង​ក្នុង​គម្រោង​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​រំពឹង​នឹង​កើត​ឡើងជា​យូរ​មកហើយ​។ លោក ត្រាំ បាន​បណ្ដេញ​លោក Sessions ពី​តំណែង​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​ដែល​មិនសូវ​សមប្រកប​។ 
 
​ជា​អតីត​សមាជិក​ព្រឹទ្ធសភា លោក Sessions គឺជា​អ្នកគាំទ្រ​លោក ត្រាំ ដ៏​ស្មោះស្ម័គ្រ​ម្នាក់ ប៉ុន្តែ​លោក​បែរជា​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​មិន​សប្បាយចិត្ត បន្ទាប់​យករួចខ្លួន​តែម្នាក់ឯង​ក្នុង​សំណុំរឿង​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដែល​មនុស្ស​ជំនិត​លោក ត្រាំ ជាច្រើន​នាក់​ជាប់​ផុងខ្លួន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Sessions បាន​សរសេរ​ក្នុង​លិខិត​លាលែង​ថា​៖ «​តាម​សំណើ​របស់លោក ខ្ញុំ​សូម​លាលែង​។​»
 
​តាមពិតទៅ លោក ត្រាំ និង​លោក Sessions មិនត្រូវ​គ្នា​ជាង​មួយឆ្នាំ​មកហើយ​។ ពោល គឺ​បន្ទាប់ពី​លោក Sessions នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ បានប្រកាស​មិន​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទង្វើ​រុស្ស៊ី​។ ជំនួស​មកវិញ អតីតរដ្ឋមន្ត្រី​រូបនេះ​បានផ្ដល់​អំណាច​ឲ្យ​លោក​រដ្ឋលេខាធិការ Rod Rosenstein ជា​អ្នកទទួលបន្ទុក​ការងារ​នេះ​ដោយ​ឯករាជ្យ​។ លោក Rosenstein ក៏​តែង​តែង​អ្នកស៊ើប​អង្កេត​ពិសេស Robert Mueller តែម្ដង​។​
 
​ការងារ​របស់​ក្រុម​ស៊ើបអង្កេត​ពិសេស​របស់លោក Mueller គឺ​ស្វែងរក​ការពិត​ថា ក្រុម​យុទ្ធនាការ​របស់លោក ត្រាំ ពិតជា​ចូល​ដៃ​ចូល​ជើង​ជាមួយ​រុស្ស៊ី​ឬ​យ៉ាងណា ហើយ​លោក ត្រាំ បាន​បង្អាក់​ដំណើរការ​ស៊ើប​នេះ​ឬ​អត់​។ ប្រធានាធិបតី​អាម​រិ​ក​ប្រាកដ​ជាមាន​បញ្ហា បើ​រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិន​ត្រឹមត្រូវ​ទាំងអស់នេះ​មែន​នោះ​។ 
 
​ការបញ្ចប់​តំណែង​លោក Sessions ក៏​ធ្វើ​ឲ្យ​អនាគត​ក្រុម​ស៊ើបអង្កេត​ពិសេស​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដែរ​។ ព្រោះ​រដ្ឋមន្ត្រី​យុត្តិធម៌​ស្ដីទី Matthew Whitaker ដែល​លោក ត្រាំ តែងតាំង​ឲ្យ​កាន់តំណែង​បណ្ដោះអាសន្ន​នេះ ក៏​មិន​ពេញចិត្ត​ការ​ស៊ើប​នេះដែរ​។ ខណៈ​លោក ត្រាំ គ្មាន​សិទ្ធិ​ដោយផ្ទាល់​ក្នុងការ​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​នោះ លោក Whitaker មានអំណាច​ពេញលេញ​ក្នុងការ​បញ្ចប់​តំណែង​លោក Muellers ៕ 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Jeff Sessions
© រក្សាសិទ្ធិដោយ thmeythmey.com