ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ត្រកួន អាច​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាងនេះ​ចំពោះ​សុខភាព​
09, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រកួន គឺជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ញា​ញ់ តម្លៃថោក និង​ងាយស្រួល​រក ហើយ​ថែមទាំង​អាច​យកទៅ​ធ្វើជា អន្លក់ ឬ​ម្ហូប​ស្ងោរ ឆា បាន​ច្រើន​មុខ​ទៀតផង​។ ភាគច្រើន​នៃ​ពួកយើង​ស្គាល់​ត្រកួន​ច្បាស់ ហើយក៏​ចូលចិត្ត​ទទួលទាន​វា​ដែរ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា បន្លែ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​តាមរយៈ​វីតាមីន និង​សារធាតុ​ចាំបាច់​សម្រាប់​រាងកាយ​ជាច្រើន​ដែល​វា​មាន​ផ្ទុក​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ល្អៗ​នៃ​ការ​ទទួលទាន​ត្រកួន ៖

១. ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​
 
​ត្រកួន​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ដូចជា វីតាមីន A, C និង beta-carotene ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម  និង​ជួយ​ក្នុងការ​កាត់បន្ថយ​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ ដូច្នេះ​ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​អ្នកនឹង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ទាក់ទង​ជាមួយ​ស​សៃ​ឈាម​ដូចជា ជំងឺ​បេះដូង​, ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ជាដើម​។ លើសពីនេះទៅទៀត ត្រកួន ក៏មាន​ផ្ទុក​ជាតិ folate ដែល​ជួយ​បំ​លែង​សារ​ធាតុគីមី​គ្រោះថ្នាក់ homocysteine ហើយ​កម្រិត​ខ្ពស់​នៃ​សារធាតុ​គីមី​នេះ គឺ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ឬ​គាំងបេះដូង​។ បន្លែ​នេះ​ក៏មាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូ​ម ដែលជា​ជាតិ​រ៉ែ​មួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ការពារ​ប្រឆាំង​ជំងឺ​បេះដូង​។​
 
២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
 
​ត្រកួន គឺមាន​ផ្ទុក​នូវ​សារធាតុ​ជាច្រើន​ដែល​អាចជួយ​ស្រូបយក​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​លើស ហើយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​។​
 
៣. ទប់ស្កាត់​ជំងឺមហារីក​

​ត្រកួន គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ១៣ ប្រភេទ​ផ្សេងៗ​ពីគ្នា ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​អាហារ​ដ៏​ល្អ​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក​។ អុកស៊ីតកម្ម​ទាំងនេះ​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ចេញពី​រាងកាយ និង​បញ្ឈប់​ការរីកលូតលាស់​កោសិកា​មហារីក​។ បន្លែ​នេះ គឺ​ល្អប្រសើរ​បំផុត​ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺមហារីក​ពោះវៀនធំ​, មហារីកក្រពះ​, មហារីក​សុដន់ និង​ជំងឺមហារីក​ស្បែក​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​
 
​ត្រកួន គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​មានន័យថា បន្លែ​នេះ​មាន​អត្ថប្រយោជន៍​បំផុត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​។ បរិមាណ​វីតាមីន c ក្នុង​ត្រកួន គឺមាន​ច្រើនជាង​នៅក្នុង​ផ្លែឈើ​។​
 
៥.  ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​ត្រកួន មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក នេះ​ជាហេតុ​ធ្វើ​ឲ្យ​វា​ក្លាយជា​បន្លែ​ដ៏​មាន​ប្រយោជន៍​ព្យាបាល​បញ្ហា​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ក៏ដូចជា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវការ​ជាតិ​ដែក​ក្នុង​របប​អាហារ​។ រាងកាយ​ត្រូវការ​ជាតិ​ដែក​ចាំបាច់ ដើម្បី​បង្កើន​គ្រាប់​ឈាមក្រហម​តាមរយៈ​ការបង្កើត​ជាតិ​អេ​ម៉ូ​ក្លូ​ប៊ី​ន​។​
 
៦. ល្អ​សម្រាប់​សុខភាព​ភ្នែក​
 
​ត្រកួន ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ carotenoids, lutein និង​វីតាមីន A ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ លើសពីនេះទៅទៀត ក្រ​កួន ក៏​ជួយ​ជម្រុញ​កម្រិត​នៃ glutathione ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ជំងឺភ្នែកឡើងបាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com