អន្តរជាតិ
សេដ្ឋី Bill Gates ប្រើប្រាស់​«​ដប​លាមក​» ជំរុញ​យុទ្ធនា​ការកសាង​បង្គន់​អនាម័យ​ពិភពលោក
10, Nov 2018 , 3:36 pm        
រូបភាព
​មហាសេដ្ឋី Bill Gates ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft បានធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ភ្ញាក់ផ្អើល​ដោយ​លោក​បាន​គ្រវី​បង្ហាញ​ដប​«​លាមក​» ក្នុងពេល​ថ្លែង​សុន្ទរកថា​ស្តីពី​យុទ្ធ​ការលើកស្ទួយ​គម្រោង​កសាង​បង្គន់​អនាម័យ​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​តំបន់​ដាច់ស្រយាល​ទូទាំង​ពិភពលោក​។

 
​សុន្ទរកថា​ដ៏​ទាក់ទាញ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក Bill Gates បាន​ធ្វើឡើង​នៅក្នុង​ព្រឹត្តិការណ៍​ពិ​ព័ណ៌​បច្ចេកវិទ្យា​ស្តីពី​ការបង្កើត​បង្គន់​អនាម័យ​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
 
​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មូលនិធិ​របស់លោក​ដែលមាន​ឈ្មោះ Bill & Melinda Gates   បាន​ចំណាយ​ថវិកា​ប្រហែល​ជាង​២០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​សិក្សា​លើ​គម្រោង​បង្កើត​បង្គន់​អនាម័យ​នេះ​ឡើង​។​
 
​ការសិក្សា​បានបង្ហាញ​ថា ក្នុង​លាមក​របស់​មនុ​ស្សមាន​វត្តមាន​មេរោគ និង​វីរុស​ជាច្រើន​ប្រភេទ​ដែល​វា​ជា​កត្តា​ដែល​អាច​នាំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ជាច្រើន​ផ្សេងៗ​យ៉ាង​ងាយស្រួល​។ ក្នុង​ពិព័រណ៍​នេះដែរ គេ​ឃើញ​មានការ​ដាក់តាំង​សម្ភារ​ទំនើបៗ​ចំនួន​២០ ដែលមាន​តួនាទី​សំខាន់​ក្នុងកា​ជួយ​បង្ការ​ជំងឺឆ្លង និង​សម្លាប់​មេរោគ​ដែល​បង្កដោយ​ការ​បន្ទោរ​បង់​ខ្វះ​អនាម័យ​ផងដែរ​។ 
 
​ដាក់​ដប​លាមក​នៅក្បែរ​ខ្លួន លោក Bill Gates បាន​និយាយ​លេងសើច​ទៅកាន់​អ្នកចូលរួម​សន្និសីទ​ដូច្នេះ​ថា​៖« ខ្ញុំ​ត្រូវ​និយាយថា កាលពី​ដប់​ឆ្នាំមុន ខ្ញុំ​មិនដែល​ធ្លាប់​ស្រមៃ​ថា ខ្ញុំ​អាច​នឹងមាន​ចំណេះដឹង​ច្រើន​ពី​លាមក​បែបនេះ​ទេ​។ ហើយ​ខ្ញុំ​ពិតជា​មិនដែល​គិតថា ភរិយា​ខ្ញុំ Melinda ដាស់តឿន​ខ្ញុំ​ឲ្យ​ឈប់​និយាយ​ពី​បង្គន់​និង​លាមក​នៅ​តុ​បាយ​នោះឡើយ​»​។​
 
​តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក (WHO) មកដល់​បច្ចុប្បន្ននេះ ប្រជាជន​ប្រមាណ​ជា ២៣០០​លាន​នាក់​ទូទាំង​ពិភពលោក​នៅ​មិនទាន់មាន​បង្គន់​ប្រើប្រាស់​សមរម្យ​សម្រាប់​ប្រើប្រាស់​នៅឡើយ​ទេ​។ 
 
​ដូច្នេះហើយ​គេ​រំពឹងថា មូលនិធិ​មួយ​របស់​មហាសេដ្ឋី​អាមេរិក​ខាងលើនេះ​អាច​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធានា​សុខុមាលភាព​ប្រជាជន តាមរយៈ​ការលើកកម្ពស់​ចំណេះដឹង​ពី​សារសំខាន់​នៃ​បង្គន់​អនាម័យ​ក៏ដូចជា​ជំរុញ​ការកសាង​បង្គន់​អនាម័យ​ដែរ​។ គេ​សង្ឃឹមថា ក្រោម​គម្រោង​ទាំងនេះ​បង្គន់​អនាម័យ​កាន់តែច្រើន​នឹងត្រូវ​កសាង​នៅតាម​សាលារៀន​ឬ​មន្ទីរពេទ្យ រួមទាំង​នៅតាម​ផ្ទះ​ប្រជាជន​ដែលមាន​ទីតាំង​នៅតាម​តំបន់​ដាច់ស្រយាល​នានា​ជុំវិញ​ពិភពលោក​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នៃ​ការតាំងពិព័រណ៍​បច្ចេក​វិទ្យា​បង្គន់​អនាម័យ​ដែលមាន​រយៈពេល​៣​ថ្ងៃ ត្រូវបាន​រៀបចំឡើង​នៅ​ប្រទេស​ចិន ដោយសារ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង មាន​គោលដៅ​កសាង​បង្គន់​អនាម័យ​ទូទាំងប្រទេស​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​«​បដិវត្តន៍​បង្គន់​អនាម័យ​» ។ ទោះជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​ពីរ​ក្តី ចិន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ខ្វះខាត​បង្គន់​អនាម័យ​ធ្ងន់ធ្ងរ​៕
 

Tag:
 ​ចិន​
  បង្គន់​អនាម័យ​
  Bill Gates
© រក្សាសិទ្ធិដោយ thmeythmey.com