ជាតិ
ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ខ្វះ​ថវិកា​សម្រាប់​ព្យាបាល​កុមារ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​
10, Nov 2018 , 4:07 pm        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​ទី​ពីរ​ដែល​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ជា​រៀងរាល់ថ្ងៃ មាន​កុមារ​ប្រមាណ ៥០០​នាក់ ដែល​មក​ទទួល​ការព្យាបាល​ពី​មន្ទីរពេទ្យ​មួយ​នេះ​។ ជាមួយគ្នានេះដែរ ដោយសារ​អ្នកជំងឺ​មានការ​កើនឡើង និង​ការរកចំណូល​ពី​ខាងក្រៅ​ស្រុក​មិនបាន​គ្រប់​ចំនួន​នោះ ធ្វើឱ្យ​មន្ទីរពេទ្យ​នេះ​មាន​កង្វះ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨​។ តាម​ការលើកឡើង​រប​ស់​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ មន្ទីរពេទ្យ​នេះ​ខ្វះ​ថវិកា​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​បង្គ្រប់​ការចំណាយ​ក្នុង​ឆ្នាំ ២០១៨​។​

 
​លោកស្រី ស៊ិន​កេ​ត អា​រុណ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បានឱ្យដឹងថា ក្នុង​រយៈពេល​៣​ខែ​ចុង​ឆ្នាំនេះ មន្ទីរពេទ្យ​ខ្វះ​ថវិកា​ចំនួន ៧០​ម៉ឺន​ដុល្លារ​ក្នុង​គម្រោង​ចំណាយ ៦,៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨​។ យ៉ាងណា កង្វះ​ថវិកា​នេះ​មិនបាន​ប៉ះពាល់​ដល់​ការព្យាបាល​កុមារ​ដោយផ្ទាល់​ទេ តែ​ធ្វើឱ្យ​រាំងស្ទះ​គម្រោង​មួយចំនួន ដូចជា​ការទិញ​សម្ភារ ឧបករណ៍​ព្យាបាល​កុមារ ដោយ​មិនបាន​ទិញ​មកប្រើប្រាស់​តាម​តម្រូវការ​នោះទេ​។ 
 
​ដោយសារ​ជា​មន្ទីរពេទ្យ​ដែល​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ ជា​រៀងរាល់ឆ្នាំ​ខាង​មន្ទីរពេទ្យ​ត្រូវការ​ស្វែងរក​ថវិកា​ដើម្បី​ទ្រទ្រង់​ការចំណាយ​ផ្សេងៗ​។ ជាទូទៅ ផែនការ​ស្វែងរក​ថវិកា គឺ​គោលដៅ​ក្រៅ​ស្រុក​ចំនួន ៩០​ភាគរយ និង​ក្នុងស្រុក ត្រឹម​១០​ភាគរយ​តែប៉ុណ្ណោះ​។ លោកស្រី ស៊ិន​កេ​ត អា​រុណ បញ្ជាក់ថា ក្នុង​ឆ្នាំ ២០១៨​នេះ ការស្វែងរក​ថវិកា​នៅក្នុង​ស្រុក​មាន​បរិមាណ​ច្រើន​ហួស​ពី​ការគ្រោងទុក គឺ​ផែនការ​រកតែ ៤០​ម៉ឺន​ដុល្លារ​ទេ តែ​ដោយមាន​ការផ្សព្វផ្សាយ និង​មាន​សប្បុរសជន​ច្រើន​ចូលរួម ថវិកា​ដែល​រកបាន​រហូតដល់​ជិត ៥០​ម៉ឺន​ដុល្លារ​៕
 

Tag:
 មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com