ជាតិ
ភ្នំពេញ​ក្លាយជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​ឆ្នាំ​២០១៩
11, Nov 2018 , 5:20 pm        
រូបភាព
ដោយ: រួបរួម
រាជធានី​ភ្នំពេញ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ នា​ឆ្នាំ​២០១៩ ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី បាន​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រុងប៉ារីស និង​ចូលរួម​មហាសន្និបាត AIMF លើក​ទី​៣៨ នៅ​ក្រុង Lille ប្រទេស​បារាំង ចន្លោះ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា​។​



«​ការិយាល័យ​អចិន្ត្រៃយ៍ និង​មហាសន្និបាត AIMF បានអនុម័ត​ជូន​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមាគម AIMF លើក​ទី​៣៩ នៅ​ឆ្នាំ​២០១៩ តាម​ការស្នើសុំ​របស់​យើង​»​។ សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (ASSOCIATION INTERNATIONALE DES MAIRES FRANCOPHONES) ដែល​ហៅ​កាត់​ថា AIMF ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៩ នា​មហាសន្និបាត​លើកទីមួយ​នៅ​ក្រុង​កេ​ប៊ិច ប្រទេស​កា​ដា​ណា​។

​បច្ចុប្បន្ន AIMF មាន​ក្រុង​ចំនួន​២៩៤ ពី​៥១​ប្រទេស​ជា​សមាជិក ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ស្រី Anne Hidalgo អភិបាលក្រុង​ប៉ារីស​។ កម្ពុជា មាន​រាជធានី​-​ខេត្ត​ចំនួន​ជា​សមាជិក​ស្ថាប័ន​មួយ​នេះ ដែល​ក្នុងនោះ​មាន រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង​កំពត​។

​សាលា​រាជធានី​ភ្នំពេញ បានលើកឡើង​ពី​លទ្ធផល​ជា​ផ្លែផ្កា​របស់​ប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​។ ប្រតិភូ​កម្ពុជា បាន​ជួប​ជាមួយ​លោកស្រី Pauline CARMONA ប្រធានស្តីទី​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​កិច្ចការបរទេស​បារាំង ដែល​ភាគី​បារាំង សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​ជំរុញ​វិ​និ​គិ​ន​មក​ភ្នំពេញ ថែមទាំង​បាន​ឯកភាពគ្នា​ជំរុញ​ការសិក្សា​គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន Tramway ក្នុង​ជំហាន​ទី​៣ ដោយ​ជ្រើស​រើសយក​មហាវិថី​ព្រះមុនីវង្ស​មក​សិក្សា​។​



នា​ជំនួប​ជាមួយ លោកស្រី Anne Hidalgo ដែលជា​ប្រធាន AIMF និង​ជា​អភិបាលក្រុង​ប៉ារីស ភាគី​ប៉ារីស​នឹង​បន្ត​ជួយ​គាំទ្រ​រាជធានី​ភ្នំពេញ នៅក្នុង​ក្របខណ្ឌ​ការងារ​របស់ AIMF  និង​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត ដែល​ក្នុងនោះ​មាន ការផ្តល់​យោបល់​លើ​ការសិក្សា​រៀបចំ​ផ្លូវ​ឯកទិស និង​ការជួយ​ដល់​រាជធានី​ភ្នំពេញ​ក្នុងការ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង ទំនើប​ទាន់សម័យ​ប្រកបដោយ​បរិស្ថាន​ល្អ​។ កន្លងមក ប៉ារីស​បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​ការងារ​បច្ចេកទេស​ច្រើន ជាពិសេស​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី ២០៣៥​។​

​ក្នុង​ក្របខណ្ឌ​នៃ​មហាសន្និបាត AIMF លើក​ទី ៣៨ ដែលមាន​សមាជិក​ចំនួន ២៩៤​ទីក្រុង ភ្នំពេញ​ក៏បាន​ដើរតួនាទី​សំខាន់​ផងដែរ ក្នុងនាម​ជា​រាជធានី​តែមួយគត់​នៅ​អាស៊ី ដែលជា​តំណាង​ក្នុង​ការិយាល័យ​អចិន្ត្រៃយ៍​។​

​កន្លងមក កម្ពុជា​ក៏បាន​រៀបចំ​កិច្ចប្រជុំ​ផ្សេងៗ​ផងដែរ​ក្នុង​ក្របខណ្ឌ AIMF ប៉ុន្តែ​ជា​លើកដំបូង​បំផុត​ដែល​ភ្នំពេញ​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​។ នា​ជំនួប​នៅ​ក្រុង Lille ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា កន្លងមក មហាសន្និបាត ផ្តោតលើ​តម្លៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅក្នុង​ទីក្រុង ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ចលនា​រស់​រួមគ្នា​របស់​ប្រជាពលរដ្ឋ​។​

​ក្រុង Hue របស់​វៀតណាម ជា​ក្រុង​ចុងក្រោយ​នៅ​អាស៊ី ដែល​បានរៀបចំ​មហាសន្និបាត AIMF កាលពី​ឆ្នាំ​២០០៧ ។ នៅមុន​ជំនួប​នៅ Lille មហាសន្និបាត ជា​បន្តបន្ទាប់​ត្រូវបាន​រៀបចំ​នៅ កេ​ប៊ិក (​កាណាដា​), ប៉ារីស (​បារាំង​), Lausanne (​ស្វី​ស​), Erevan (​អា​មេ​នី​), អា​បៃ​ហ្ស​ង់ (​កូត​ឌី​វ័រ​), ប៉ារីស (​បារាំង​), Kinshasa (​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​), ទុយ​នី (​ទុយ​នី​ស៊ី​) បៃ​រូត (​លី​បង់​) និង ម៉ុងរ៉េអាល់ (​កាណាដា​)៕



© រក្សាសិទ្ធិដោយ thmeythmey.com